គ្រួសារមហាសេដ្ឋី និងអ្នកនយោបាយដ៏មានឥទ្ធិពលនៅប្រទេសថៃត្រកូល Shinawatra ដែលគ្រប់គ្រងអំណាចរដ្ឋាភិបាលចំនួន៣ជំនាន់ ចាប់ពីលោក Thaksin, លោកស្រី Yinglak(ប្អូនស្រីរបស់លោកថាក់ស៊ីន) និងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី Paetongtarn(កូនស្រីរបស់លោកថាក់ស៊ីន) នៅពេលនេះកំពុងប្រឈមសម្ពាធរង្គោះរង្គើអំណាចជាថ្មី បន្ទាប់ពីមានការប៉ះទង្កិចកងទ័ពគ្នាជាមួយកម្ពុជានៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ ចុងខែឧសភា ឆ្នាំ២០២៥។
កត់សម្គាល់ថា នៅពេលស្ថានភាពនយោបាយនៅក្នុងប្រទេសដែលតែងមានរដ្ឋប្រហារញឹកញាប់ជាងគេមួយនេះកាន់តែអាក្រក់ គឺមានក្រុមអ្នកជាតិនិយម និងជ្រុលនិយមថៃមួយចំនួន តែងតែប្រើប្រាស់វិធីសាស្ត្របង្កើតជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីបង្កើតកម្លាំងជាតិនិយមក្នុងប្រទេសរបស់ពួកគេ បន្ថយកម្ដៅនយោបាយ ឬដើម្បីកៀបសង្កត់គណបក្សនយោបាយកាន់អំណាច។
មុនមានការផ្ទុះអាវុធនៅតំបន់មុំបីកាលពីម្សិលមិញ ពួកគេបានព្យាយាមដាក់សម្ពាធលើលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn តាមរយៈការលើកយកតំបន់ព្រំដែនទឹកនៅកោះគុត មកធ្វើជាអាវុធនយោបាយ និងបានទាញទំនាក់ទំនងរវាងគ្រួសារលោកថាក់ស៊ីន និងសម្ដេចតេជោ ហ៊ុន សែន ទៅក្នុងបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ប៉ុន្តែមធ្យោបាយនៅកោះគុតមិនអាចទៅរួច បន្ទាប់មកក៏មានការប៉ះទង្កិចគ្នានៅព្រំដែនគោកវិញ និងបានធ្វើឲ្យផ្ទុះអាវុធកាលពីម្សិលមិញ ដោយភាគីថៃគឺជាអ្នកផ្ដើមធ្វើសកម្មភាពមុន។ ពួកគេធ្វើដោយមានគម្រោង ដូច្នេះបណ្ដាញព័ត៌មានរបស់ពួកគេបានដឹង និងត្រៀមផ្សាយជាស្រេច ហើយថែមទាំងបានផ្សាយចោទភ្លាមៗថាភាគីកម្ពុជាជាអ្នកបង្កមុន ទាំងដែលហេតុការណ៍នេះបានកើតឡើងនៅលើទឹកដីកម្ពុជាយ៉ាងពិតប្រាកដ និងបានបណ្ដាលឲ្យយោធាកម្ពុជាមួយរូបបានពលី។
ស៊ីណារីយ៉ូនេះ មិនខុសគ្នាពីផែនការរបស់ពួកគេធ្វើឡើងកាលពីឆ្នាំ២០០៨-២០១១ នៅព្រះវិហារនោះទេ ដោយប្រើវិធីបំភ័ន្ត ចូលព្រំដែនខាងកម្ពុជានៅតំបន់ជម្លោះ បង្កឲ្យមានការផ្ទុះអាវុធបានសម្រេច។ ផ្អែកលើករណីនេះ ក្រុមជាតិនិយមថៃដដែល កំពុងប្រើវិធីចាស់ដដែល ដើម្បីកៀបសង្កត់គ្រួសារលោកថាក់ស៊ីនដែលកំពុងកាន់អំណាច និងក្នុងហេតុផលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ បន្ទាប់ពីមានព្រឹត្តិការណ៍នេះ គ្រួសារលោកថាក់ស៊ីន និងលោកស្រីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន នឹងបន្តព្យាយាមរក្សាអំណាចរបស់ខ្លួន ក៏ប៉ុន្តែបើទប់មិនជាប់ នោះវាសនារបស់លោកស្រី Paetongtarn អាចនឹងមិនខុសពីឪពុក និងម្ដាយមីងរបស់ខ្លួន ដែលត្រូវបានទម្លាក់ចេញពីអំណាចមុនអាណត្តិ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានយោបាយនៅប្រទេសថៃមិនមែនជារឿងរបស់កម្ពុជាទេ ហើយកម្ពុជាមិនអាចបន្តទទួលយកនូវវិធីសាស្ត្ររបស់ថៃ ដែលតែងបង្កជម្លោះជាមួយកម្ពុជា ដើម្បីបន្ថយកម្ដៅនយោបាយផ្ទៃក្នុងនៅប្រទេសរបស់ពួកគេទៀតឡើយ ព្រោះថាវារំខាន និងប៉ះពាល់ជាច្រើនផ្នែកដល់កម្ពុជា។ ដូច្នេះដើម្បីបង្ការមិនឲ្យវាកើតឡើងជាថ្មី ភាគីកម្ពុជាគួរតែទាមទារលក្ខខណ្ឌដ៏គួរឲ្យទុកចិត្តមួយក្នុងករណីខាងលើកើតឡើងជាថ្មី ឬបើពួកគេបន្តធ្វើសកម្មភាពដដែល នោះពួកយើងគួរតែបង្កើតបទពិសោធន៍មួយដែលពួកគេត្រូវពិចារណា មុននឹងធ្វើសកម្មភាពខាងលើនៅពេលខាងមុខ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0