ថៃបន្តព្យាយាមដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើកម្ពុជា តាមរយៈការហាមជនជាតិរបស់ខ្លួនមិនឲ្យឆ្លងមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែត បន្ថែមពីការរឹតបន្តឹងអ្នកដំណើរ និងទំនិញ

June 09, 2025
1Min Read
534 Views

បណ្ដាញសារព័ត៌មាន Thai PBS ដែលជាស្ថាប័នផ្សព្វផ្សាយដ៏ធំមួយរបស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃទី ៨មិថុនាម្សិលមិញថា ប្រទេសថៃបានរឹតបន្តឹងការធ្វើដំណើរ និងទំនិញពីប្រទេសកម្ពុជា តាមច្រកព្រំដែនទាំងអស់ក្នុងខេត្តស្រះកែវ រួមទាំងការហាមប្រាមទាំងស្រុងលើអ្នកទេសចរថៃដែលចង់ឆ្លងមកលេងល្បែងស៊ីសងនៅតាមកាស៊ីណូក្នុងក្រុងប៉ោយប៉ែតផងដែរ។ 

បណ្ដាញសារព័ត៌មានថៃខាងលើបានផ្សាយបែបនេះដោយយោងតាមការប្រកាសរបស់កងកម្លាំង Burapha និងថាការរឹតបន្តឹងច្រកព្រំដែន រួមទាំងការហាមពលរដ្ឋថៃមិនឲ្យចូលលេងកាស៊ីណូនៅក្រុងប៉ោយប៉ែត គឺធ្វើឡើងក្នុងន័យដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងភ្នំពេញ ឱ្យបញ្ឈប់ការបង្កើនកម្លាំងយោធានៅតាមព្រំដែនកម្ពុជា-ថៃ និងប្រើប្រាស់យន្តការដោះស្រាយជម្លោះព្រំដែនជាមួយគ្នាដោយផ្អែកលើ MOU ឆ្នាំ២០០០។

ផែនការដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជាដោយកងកម្លាំង Burapha របស់ប្រទេសថៃ ពិតជាបានអនុវត្តមែន ដោយពួកគេបានបង្រួមម៉ោងបើក និងបិទព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបើកពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច ខណៈកាលពីមុនបើកនៅម៉ោង ៦ព្រឹក ដល់ ១០យប់ ហើយជន​ជាតិ​ថៃ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លង​ចូល​មក​កម្ពុជា ​ដើម្បី​លេង​ល្បែង ​ឬ​ក្នុង​គោល​បំណង​ទេសចរណ៍​តាម​រយៈ​ច្រក​ត្រួតពិនិត្យ​នេះ​ឡើយ។ យ៉ាងណាមិញ ភាគីកម្ពុជាបានឆ្លើយតបវិញដោយបើករបងច្រកព្រំដែនរបស់ខ្លួនឲ្យរួមតូច១ម៉ោងបន្ថែមទៀត ដោយបើកម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤ល្ងាច។ 

កត់សម្គាល់ថា យោធាថៃទើបទទួលបានសិទ្ធិអំណាចចាត់ចែងការបិទ ឬបើកច្រកព្រំដែនជាមួយកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលថៃដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn បរាជ័យលើការរារាំងកម្ពុជាក្នុងដំណើរយកបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ គិតត្រឹមល្ងាចថ្ងៃទី ៨មិថុនាម្សិលមិញ ភាគីកម្ពុជា-ថៃ បានយល់ព្រមកែសម្រួលកងទ័ពរៀងខ្លួន ដោយភាគីថៃជាអ្នកស្នើសុំ ដើម្បីបន្ថយភាពតានតឹងដែលកាន់តែឡើងកម្ដៅ។ 

យ៉ាងណា ភ្លាមៗការប្រែប្រួលនេះបានបណ្ដាលឲ្យមានការផ្សាយប្រើពាក្យខុសៗគ្នា ដោយភាគីយោធាថៃបានព្យាយាមទាញយកគុណសម្បត្តិ និងសម្លេងគាំទ្រពីប្រជាជន ដោយបានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថៃថា កម្ពុជាបានដកទ័ពចេញពីតំបន់ជម្លោះ ខណៈភាគីកម្ពុជាបានប្រើពាក្យ “កែសម្រួលកម្លាំងកងទ័ព”។ ក៏ប៉ុន្តែប៉ុន្មាននាទីក្រោយពីភាគីកម្ពុជាប្រកាសព័ត៌មាននេះ នៅលើបណ្ដាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប Comment មួយចំនួនថា ពាក្យកែសម្រួលកម្លាំង គឺខុសគ្នាជាមួយការដកកងទ័ព និងបញ្ជាក់ថា ការនាំយកសំណុំរឿងព្រំដែនជម្លោះជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺមិនប្រែប្រួលទេ។ ភាគីថៃ និងកម្ពុជា គ្រោងជួបគ្នាស្វែងរកដំណោះស្រាយព្រំដែននៅទីក្រុងភ្នំពេញនៅថ្ងៃទី ១៤សប្ដាហ៍នេះ។ ប្រទេសថៃបានបញ្ជាក់ជាថ្មីថាខ្លួនទទូចចង់ចរចាដោះស្រាយដោយយោងតាមយន្តការទ្វេភាគី និងមិនចង់ឲ្យកម្ពុជាប្ដឹងទៅអង្កការយុត្តិធម៌អន្តរជាតិ ICJ ទេ។ 

កត់សម្គាល់ដែរថា ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បណ្ដាញសារព័ត៌មាននៅប្រទេសថៃហាក់ផ្សាយតាមនិន្នាការលើកគុណសម្បត្តិទៅខាងយោធា ជាជាងរដ្ឋាភិបាលថៃ។ ក្រៅពីបញ្ហាព្រំដែននៅកម្ពុជា កាសែតធំៗនៅប្រទេសថៃក៏បានព្យាយាមបន្ថែមសម្ពាធលើរដ្ឋាភិបាលត្រកូល ស៊ីណាវ៉ាត់ត្រា លើដំណោះស្រាយពន្ធគយជាមួយអាមេរិកដែរ៕

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider