របៀបដែលក្រុមសេដ្ឋីម្ចាស់ជំនួញលំដាប់ប្រទេស ស្វែងរកផលប្រយោជន៍ពីអ្នកនយោបាយ និងការជួយគ្នាទៅវិញទៅមក

June 12, 2025
1Min Read
177 Views

អ្នកនយោបាយ និងអ្នកជំនួញធំៗនៅក្នុងប្រទេសនីមួយៗ ជាពិសេសវប្បធម៌នៅតំបន់អាស៊ី គឺជាដៃគូដែលអាចផ្ដល់តម្រូវការឲ្យគ្នាទៅវិញទៅមក។ នៅប្រទេសមួយចំនួន អ្នកជំនួញអាចជាអ្នកនៅពីក្រោយការទម្លាក់ ឬគាំទ្រដល់មេដឹកនាំនយោបាយណាមួយឲ្យឡើងកាន់អំណាច ដើម្បីគោលដៅទាញផលប្រយោជន៍ធំៗសម្រាប់មុខជំនួញរបស់ពួកគេ។ ឧទាហរណ៍ មហាសេដ្ឋីជួរមុខប្រចាំប្រទេសមួយ អាចប្រើប្រាស់អំណាចទឹកលុយរបស់ខ្លួនជ្រោមជ្រែងគណបក្ស ឬបេក្ខភាពមេដឹកនាំរបស់បក្សណាមួយឲ្យឡើងកាន់អំណាច ហើយជាថ្នូរមកវិញក្រោយពេលគណបក្សនោះឈ្នះឆ្នោត គឺត្រូវតបស្នងក្រុមអ្នកជំនួញទាំងនោះវិញ តាមរយៈរូបភាពជាច្រើន រួមមានជួយសម្រួលការអនុម័តគម្រោងវិនិយោគ សម្រួលកិច្ចព្រមព្រៀងទិញលក់ ឬច្របាច់អាជីវកម្មចូលគ្នា ជួយគាំទ្រយុទ្ធសាស្ត្រយកប្រៀបលើក្រុមហ៊ុនគូប្រជែង និងក្រោមរូបភាពសប្បទានផ្សេងៗ។ 

អ្នកជំនួញជួយនយោបាយ តាមរយៈការគាំទ្រយុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រពីការបោះឆ្នោត ចំណែកអ្នកនយោបាយជួយអ្នកជំនួញដែលនៅពីក្រោយគណបក្សរបស់ខ្លួនវិញ តាមរយៈការគាំពារមុខជំនួញ និងសម្របសម្រួលអនុម័តផែនការវិនិយោគ។ 

នៅក្នុងប្រទេសកុម្មុយនីស អ្នកនយោបាយមានឥទ្ធិពលខ្លាំងជាងអ្នកជំនួញដោយស្វ័យប្រវត្តិព្រោះគ្មានការប្រកួតប្រជែង ប៉ុន្តែតួអង្គទាំងពីរនៅតែត្រូវការជំនួយពីគ្នាទៅវិញទៅមក។ ចំណែកនៅប្រទេសមួយចំនួនដូចជាប្រទេសថៃជាដើម ក្រុមអ្នកជំនួញជាអ្នកមានឥទ្ធិពលខ្លាំងលើអ្នកនយោបាយ។ នៅពេលគណបក្សកាន់អំណាចដើរមិនស្របផែនការធ្វើជំនួញរបស់ក្រុមសេដ្ឋី ឬអនុវត្តគោលនយោបាយប៉ះពាល់ដល់ក្រុមមេដឹកនាំជំនួញប្រចាំប្រទេស នោះពួកគេអាចងាកទៅប្រើប្រាស់ក្រុមប្រឆាំងឲ្យដាក់សម្ពាធលើបក្សកាន់អំណាច។

នៅពេលស្ថានការកាន់តែយ៉ាប់យ៉ឺនសម្រាប់បក្សកាន់អំណាច នោះវាជាឱកាសសម្រាប់ពួកមហាសេដ្ឋីក្នុងការមានប្រៀបកំណត់លក្ខខណ្ឌឲ្យបក្សអំណាច ឬបក្សប្រឆាំងមានសម្លេងគាំទ្របន្ទាប់ពីបក្សកាន់អំណាច ឬក៏ក្រុមយោធា ដើម្បីជួយសម្រេចគោលដៅរបស់គ្នាទៅវិញទៅមក។ 

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាអ្នកជំនួញ និងអ្នកនយោបាយជាដៃគូត្រូវការគ្នាទៅវិញទៅមកមែន ប៉ុន្តែទំនាក់ទំនងរវាងតួអង្គទាំងពីរនេះក៏អាចជាទំនាក់ទំនងដ៏គ្រោះថ្នាក់ដែរ។ ដោយសារតែពួកគេសុទ្ធតែត្រូវការគ្នា ក្នុងគោលដៅផលប្រយោជន៍ និងអំណាច ដូច្នេះវាជាទំនាក់ទំនងផុយស្រួយ និងងាយប្រែប្រួលពីដៃគូល្អូកល្អិនទៅជាគូសត្រូវ នៅពេលភាគីណាមួយមានជម្រើសផ្សេងដែលហ៊ានផ្ដល់ឲ្យច្រើនជាង។ 

មានករណីមួយចំនួនបង្ហាញថា ទោះបីជាប្រឈមផ្លូវច្បាប់ធ្ងន់ធ្ងរចំពោះសកម្មភាពនៃតួអង្គទាំងពីរ ប៉ុន្តែនៅទីបញ្ចប់អ្នកនយោបាយប្រឈមមុខតែម្ខាង រីឯអ្នកជំនួញត្រូវបានគេលើកលែង។ ជាក់ស្ដែងដូចសំណុំរឿងអាស្រូវរបស់មហាសេដ្ឋីនៅកូរ៉េខាងត្បូង និងប្រទេសថៃជាដើម គឺច្បាប់ប្រទេសមិនអាចធ្វើអ្វីពួកគេបានឡើយ។ ហេតុផល គឺព្រោះតែក្រុមគ្រួសារមហាសេដ្ឋីទាំងនោះមានឥទ្ធិពលខ្លាំងពេកលើប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ដូច្នេះហើយប្រសិនបើចាប់ពួកគេដាក់គុក នោះដំណើរការរកស៊ី ការស្រាវជ្រាវផលិតផល និងបច្ចេកវិទ្យាទំនើបចុងក្រោយ និងគម្រោងវិនិយោគតម្លៃរាប់រយលានដុល្លាររបស់ពួកគេនឹងប្រឈមការរាំងស្ទះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិជារួម៕

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider