ខណៈពេលភាពតានតឹងជាមួយប្រទេសថៃកំពុងកើនឡើងជាថ្មីត្រឹមពាក់កណ្ដាលឆ្នាំ២០២៥នេះ វាបានជំរុញឲ្យមានកម្លាំងជាតិនិយមរវាងប្រជាជននៃប្រទេសទាំងពីរ ដោយប្រៀបធៀបគ្នាស្ទើរគ្រប់ចំណុចរាងៗខ្លួន។ ក្នុងនោះកម្លាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មនាំចេញនាំចូលទំនិញក៏បានក្លាយជាប្រធានបទដែរ រហូតមានការបំផុសឲ្យមានការធ្វើពហិការមិនទិញទំនិញថៃជាដើម ស្របពេលទំនិញថៃបាន និងកំពុងគ្រប់គ្រងទីផ្សារកម្ពុជាអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។
ទន្ទឹមពេលគ្នានេះ មានក្រុមហ៊ុនផលិតទំនិញក្នុងស្រុកធំៗមួយចំនួន រួមមានក្រុមហ៊ុនទឹកសុទ្ធ ភេសជ្ជៈ អាហារកញ្ចប់ និងទំនិញប្រើប្រាស់នានា កំពុងប្រើឱកាសនេះដើម្បីផ្សាយផលិតផលរបស់ខ្លួន និងដើម្បីប្រជែងជាមួយទំនិញនាំចូល។ ការជ្រៀតចូល និងជំនួសចំណែកទីផ្សារនៃទំនិញនាំចូល ដែលល្បីស្រាប់ និងគ្រប់គ្រងទីផ្សារស្រុកខ្មែរអស់រយៈពេលដ៏យូរមកហើយ គឺជារឿងពិបាក ត្បិតត្រូវការពេលវេលា និងចំណាយធនធានច្រើនដើម្បីដណ្ដើមយកចំណែកទីផ្សារកាន់តែធំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមឧបសគ្គជាច្រើននោះ កង្វះការផ្សព្វផ្សាយ និងការកសាងម៉ាកយីហោ ឬ Branding ក៏ជាបញ្ហារារាំងផលិតផលរបស់ម្ចាស់សហគ្រាសខ្មែរដែរ។
កង្វះការផ្សព្វផ្សាយ
ប្រសិនបើយើងប្រៀបធៀបទំនិញនាំចូល ទោះបីជាយីហោផលិតផលរបស់ពួកគេល្បី និងមានការទទួលស្គាល់ក្នុងចំណោមអ្នកប្រើប្រាស់ខ្មែរយូរឆ្នាំមកហើយ ក៏ពួកគេនៅតែព្យាយាមជំរុញការផ្សព្វផ្សាយជាប្រចាំបន្ថែមទៀត ដើម្បីរក្សាចំណែកទីផ្សារ និងបង្កើនចំនួនលក់។ បញ្ហានេះ គឺពាក់ព័ន្ធនឹងការចំណាយ ពោលម្ចាស់សហគ្រាសខ្មែរថ្មីៗ មិនសូវមានទុនសម្រាប់ធ្វើសកម្មភាពទីផ្សារ ក្នុងចំនួនច្រើនដូចក្រុមហ៊ុន ឬទំនិញបរទេសដែលរកបានប្រាក់ចំណេញស្រាប់រួចទៅហើយនោះទេ។
កង្វះការផ្សព្វផ្សាយបណ្ដាលឲ្យអ្នកប្រើប្រាស់មិនសូវស្គាល់ ឬចាញ់ប្រៀប នៅពេលអ្នកទិញពិចារណាថាតើពួកគេគួរជ្រើសរើសផលិតផលមួយណា នៅពេលពួកគេមានតម្រូវការទិញ។ អ្នកទិញមាននិន្នាការរើសយកទំនិញល្បី តម្លៃប្រកួតប្រជែង មានការទទួលស្គាល់ មានស្តង់ដារផលិតខ្ពស់ជាង និងផ្អែកលើបទពិសោធន៍ប្រើប្រាស់។
កង្វះទុនសម្រាប់ចំណាយលើការផ្សព្វផ្សាយប្រជែងជាមួយទំនិញនាំចូលដែលខ្លាំងស្រាប់នៅលើទីផ្សារ គឺជាឧបសគ្គមួយ ក៏ប៉ុន្តែម្ចាស់សហគ្រាសខ្មែរ គួរព្យាយាមប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយដែលមានប្រសិទ្ធភាព និងចំណាយតិច ដូចជាការផ្សាយលើបណ្ដាញសង្គម និងវេទិការផ្សព្វផ្សាយនានារបស់រដ្ឋដែលត្រូវបានបង្កើតឡើងសម្រាប់ជំរុញផលិតផលក្នុងស្រុកជាដើម។
យ៉ាងណាមិញ ម្ចាស់សហគ្រាសគប្បីចងចាំថា សកម្មភាព និងរូបភាពផ្សព្វផ្សាយរបស់អ្នក គឺជាធាតុផ្សំមួយនៃដំណើរការកសាងម៉ាកយីហោ។ ការផ្សព្វផ្សាយណាមួយ មិនមែនដើម្បីតែធ្វើឲ្យមានអ្នកមើលច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្អែកលើក្រមសីលធម៌ និងវិជ្ជាជីវៈដែរ ឬបើមិនដូច្នោះទេ ផលិតរបស់អ្នកនឹងល្បីបានតែមួយឆាវប៉ុណ្ណោះ មិនអាចរក្សាបានស្ថេរភាពលូតលាស់ និងមានអនាគតយូរអង្វែង ដូចផលិតផលដែលអនុវត្តវិធីសាស្ត្រទីផ្សារផ្អែកលើមូលដ្ឋានច្បាស់លាស់នោះទេ និងរឹតតែពិបាកប្រជែងជាមួយទំនិញនាំចូលរបស់ក្រុមហ៊ុនធំៗដែលកំពុងអនុវត្តស្តង់ដារអាជីវកម្មអន្តរជាតិ។
ចាញ់ប្រៀបគេផ្នែក Branding
ទំនិញនាំចូលជាច្រើនម៉ាក ពួកគេបានចាក់គ្រឹះចូលក្នុងទីផ្សារខ្មែរយ៉ាងជ្រៅ និងរឹងមាំអស់រយៈពេលជាយូរមកហើយ តាំងពីជំនាន់ខ្មែរទើបងើបពីសង្គ្រាម ពឹងលើការនាំចូលទាំងស្រុងមកម្លេះ ដូច្នេះហើយចំណុចនេះបានក្លាយជាផ្នែកមួយធ្វើឲ្យម៉ាកយីហោនាំចូលទាំងនោះបន្តខ្លាំង តាមរយៈទទួលបានការជឿជាក់ពីអ្នកប្រើប្រាស់។
ការធ្វើ Branding ឬការកសាងម៉ាកយីហោ គឺត្រូវការពេលវេលា ធនធាន និងផ្អែកលើបច្ចេកទេស។ វាពាក់ព័ន្ធចាប់ពីរូបភាព logo ការវេចខ្ចប់ កម្រិតស្តង់ដារ គុណភាពផលិតផល ឬសេវាកម្ម ឥរិយាបថរបស់សហគ្រាស បណ្ដាញចែកចាយ និងសកម្មភាពផ្សព្វផ្សាយ។ សកម្មភាពផ្សព្វផ្សាយមួយចំនួន បានធ្វើផ្ទុះមានអ្នកមើលច្រើន ក៏ប៉ុន្តែប្រសិនបើសកម្មភាពផ្សព្វផ្សាយនោះត្រូវបានធ្វើឡើងដោយគ្មានវិជ្ជាជីវៈ និងមានចំណុចអវិជ្ជមាន នោះរូបភាពម៉ាកយីហោរបស់អ្នកនឹងមិនឡើងចំណាត់ថ្នាក់ល្អទេ។
ទំនិញនាំចូលរបស់ក្រុមហ៊ុនធំៗ ពួកគេបន្តចំណាយធនធានច្រើនលើការធ្វើ Branding ស្របតាមស្តង់ដារនៃម៉ាកយីហោសកល ខណៈត្រឹមបច្ចុប្បន្ន មិនមានសហគ្រាសខ្មែរច្រើនទេ ដែលមានលទ្ធភាពចំណាយលើការធ្វើ Branding កម្រិតអាជីព ឬកម្រិតស្មើគ្នាជាមួយក្រុមហ៊ុនរបស់ប្រទេសជិតខាងដែលកំពុងកាន់កាប់ចំណែកទីផ្សារធំនៅស្រុកខ្មែរ។ ចំណុចនេះកំពុងធ្វើឲ្យម្ចាស់សហគ្រាសខ្មែរពិបាកប្រជែងជាមួយទំនិញនាំចូល ជាពិសេសសហគ្រាសធនតូច និងមធ្យមខ្មែរដែលទើបចាប់ផ្ដើម៕
សម្រាប់ម្ចាស់សហគ្រាសធនតូច និងមធ្យម ឬអ្នកផលិតក្នុងស្រុកខ្មែរ ដែលមានទំនិញ និងចង់ជំរុញការផ្សព្វផ្សាយ រួមទាំងការពង្រឹងម៉ាកយីហោនៅក្នុងទីផ្សារស្រុកខ្មែរ ប្រកួតប្រជែងជាមួយទំនិញនាំចូល ឥឡូវនេះ Poipet Insider ផ្ដល់កញ្ចប់សេវាកម្មជំរុញផ្នែក Marketing និង Branding ជាមួយតម្លៃចាប់ពី ៥០០ដុល្លារប៉ុណ្ណោះ។ សូមទាក់ទងមកយើងដើម្បីសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ ឬបណ្ដាញតេលេក្រាមនេះ 099 551 652 ។ សូមបញ្ជាក់ថា ការផ្ដល់ជូននេះមានកំណត់ និងសម្រាប់តែសហគ្រាសមួយចំនួនប៉ុណ្ណោះ ហើយតម្លៃនេះមិនសម្រាប់សហគ្រាសខ្នាតធំទេ។
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0