កម្ពុជាគួររឹតបន្តឹងការនាំចូលជី ថ្នាំកសិកម្ម គ្រាប់ពូជ និងអាហារកែច្នៃពីថៃ ប្រសិនបើពួកគេមិនបើកទីផ្សារសម្រាប់កសិផលខ្មែរ

May 14, 2025
1Min Read
67 Views

កាលពីដើមខែឧសភាឆ្នាំ២០២៥នេះ ប្រទេសថៃបានបិទច្រកទ្វារព្រំដែនអានសេះខេត្តព្រះវិហារ ដោយឯកតោភាគី បណ្ដាលឲ្យកសិករខ្មែរពិបាកលក់កសិផលរបស់ពួកគាត់ទៅប្រទេសថៃ ប៉ុន្តែក្រោយសម្របសម្រួល ច្រកទ្វារព្រំដែននេះក៏ត្រូវបានបើកដំណើរការធម្មតាវិញ។ ប៉ុន្មានថ្ងៃក្រោយមក ប្រទេសថៃដដែល បានរឹតបន្តឹងការនាំចូលផ្លែល្ពៅពីកម្ពុជា បណ្ដាលឲ្យកសិករ និងអ្នកនាំចេញ ដឹកល្ពៅមកចែកដោយឥតគិតថ្លៃផ្អើលលើបណ្ដាញសង្គម ខណៈមន្ត្រីកម្ពុជាឥឡូវនេះកំពុងចរចាដោះស្រាយបញ្ហាល្ពៅនេះមួយទៀត។

ការរឹតបន្តឹងការនាំចូលកសិផលរបស់កម្ពុជាពីសំណាក់ភាគីថៃ ពុំមែនទើបតែកើតឡើងថ្មីៗនេះទេ ពោលច្រើនឆ្នាំមកហើយ រួមទាំងការនាំចេញផ្លែស្វាយផងដែរ ដោយលើកហេតុផលនេះ ហេតុផលនោះជាបន្តបន្ទាប់ ខណៈប្រទេសថៃបាន និងកំពុងនាំចូលជី ថ្នាំកសិកម្ម គ្រាប់ពូជ សាច់ និងអាហារកែច្នៃមកកម្ពុជាយ៉ាងស្រួល មានតម្លៃរាប់រយលានដុល្លារក្នុងមួយឆ្នាំ។ តើអ្នកគិតដូចម្ដេច នៅពេលដែលប្រទេសយើងទិញជី  និងថ្នាំកសិកម្ម ព្រមទាំងគ្រាប់ពូជពីថៃ ប៉ុន្តែពេលប្រមូលផលបាន បែរជាប្រទេសនេះរឹតបន្តឹងទីផ្សាររបស់ខ្លួនដូច្នេះ? តើពួកគេចាត់ទុកពាណិជ្ជកម្មជាមួយកម្ពុជាក្នុងឋានៈអ្វី? 

ក្នុងមួយឆ្នាំកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយថៃរាប់ពាន់លានដុល្លារ។ កាលពីឆ្នាំ២០២៤ កម្ពុជានាំចេញទៅថៃបានតែ ៨៤៥លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនាំចូលពីថៃមកវិញដល់ទៅ ៣៤៤៣លានដុល្លារ ពោលមានឱនភាពចំនួន ២៥៩៨លានដុល្លារ ដែលជាគម្លាតពាណិជ្ជកម្មធំបំផុតទី២ បន្ទាប់ពីប្រទេសចិន ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់កម្ពុជា។ ផ្អែកលើគម្លាតពាណិជ្ជកម្មនេះ ប្រសិនបើច្រកទ្វារព្រំដែនសម្រាប់ដឹកទំនិញត្រូវបានរឹតបន្តឹង ដូចអ្វីដែលថៃកំពុងធ្វើលើទំនិញកម្ពុជា នោះប្រទេសថៃនឹងខាតធ្ងន់។

សូមបញ្ជាក់ថា មាតិកានេះមិនមែនជាការជំរុញឲ្យបង្កបញ្ហារវាងប្រទេសទាំងពីរនោះឡើយ ត្បិតយើងត្រូវការដោះស្រាយបញ្ហាសម្រាប់កសិកររបស់យើង ហើយយើងនិយាយតែពាណិជ្ជកម្មដោះដូរកសិផល និងផ្នែកទំនិញកសិកម្មប៉ុណ្ណោះ ព្រោះថាទង្វើរបស់ភាគីថៃហាក់ខ្សែលើកសិករខ្មែរជ្រុលពេក។ ជាក់ស្ដែងពួកគេលក់ជី ថ្នាំកសិកម្ម និងគ្រាប់ពូជឲ្យកសិករខ្មែរដាំដុះ ក៏ប៉ុន្តែពេលប្រមូលផលបាន ពួកគេមិនបើកចំហរទីផ្សារនាំចូល ដូចរបៀបដែលភាគីកម្ពុជាបើកសម្រាប់ទំនិញរបស់ពួកគេទេ។ 

យោងតាមរបាយការណ៍មួយ គ្រាន់តែជីកសិកម្មមួយមុខ កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចូលពីថៃចំនួន ១៣៩លានដុល្លារអាមេរិក នេះនៅមិនទាន់គិតថ្នាំកសិកម្ម គ្រាប់ពូជ ជាពិសេសគ្រាប់ពោតដែលកសិករខ្មែរនៅតាមខេត្តជាប់ព្រំដែនទិញទៅដាំ និងសម្ភារៈកសិកម្មដទៃទៀតនៅឡើយ។ ប្រសិនបើយើងមើលទំហំពាណិជ្ជកម្មនាំចេញនាំចូលជាមួយថៃ ភាគីកម្ពុជាកំពុងចាញ់ប្រៀបថៃច្រើនណាស់។ ដូច្នេះ ប្រសិនបើភាគីថៃនៅតែបន្តរឹតត្បិតកសិផលខ្មែរបន្តទៀត នោះភាគីកម្ពុជាគួរតែមានចំណាត់ការឆ្លើយតបវិញ តាមរយៈការរឹតបន្តឹងលើផលិតផលកសិកម្មនាំចូលពីប្រទេសថៃដូចគ្នា។ ហេតុអ្វីបណ្ដោយឲ្យពួកគេនាំចូលទំនិញមកយើងស្រួល ប៉ុន្តែយើងនាំចេញកសិផលទៅគេវិញពិបាក?

ប្រសិនបើប្រៀបធៀបការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងរបស់យើងមួយទៀត គឺវៀតណាម ក៏កំពុងនាំចូលមកកម្ពុជាច្រើនដែរ ពោលច្រើនជាងថៃទៅទៀត ក៏ប៉ុន្តែយ៉ាងហោចណាស់វៀតណាមទិញកសិផលមិនទាន់កែច្នៃពីខ្មែរ បណ្ដាលឲ្យគម្លាតពាណិជ្ជកម្មមានត្រឹមជាង ៥០០លានដុល្លារ។ ខុសពីប្រទេសថៃ ដែលកម្ពុជាកំពុងមានគម្លាតពាណិជ្ជកម្មដល់ទៅជិត ២៦០០លានដុល្លារ៕

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider