បន្ទាប់ពីប៉ះទង្កិចកម្លាំងកងទ័ពគ្នាកាលពីថ្ងៃទី ២៨ ខែឧសភាកន្លងទៅ ប្រទេសថៃបានព្យាយាមសម្លុតកម្ពុជា ដើម្បីទាញប្រយោជន៍នយោបាយ និងកម្លាំងជាតិនិយមក្នុងប្រទេសរបស់ខ្លួន ដោយរដ្ឋាភិបាលថៃបានព្យាយាមបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលកម្ពុជាដកកម្លាំងទ័ពចេញពីតំបន់ដែលថៃអះអាងដោយបំពានថាជាទឹកដីរបស់ខ្លួន និងបានស្នើឲ្យដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគីយោងតាម MOU ឆ្នាំ២០០០ ជាជាងទៅអង្កការយុត្តិធម៌អន្តរជាតិ ICJ។
ទោះជាយ៉ាងណាក៏ដោយ ភាគីកម្ពុជាមិនបានធ្វើតាមការចង់បាននោះឡើយ។ ក្រោយមករដ្ឋាភិបាលថៃបានបើកផ្លូវឲ្យក្រុមយោធាប៉ុនប៉ងដាក់សម្ពាធលើកម្ពុជាម្ដង ដោយចាប់ផ្ដើមពីការកំណត់ជាឯកតោភាគីលើការបើក និងបិទច្រកទ្វារព្រំដែន ក្នុងបំណងដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា បន្ទាប់មកឈានដល់ការហាមពលរដ្ឋថៃមិនឲ្យឆ្លងចូលមកលេងល្បែងកាស៊ីណូនៅតាមព្រំដែនខាងទឹកដីកម្ពុជា និងបន្ទាប់មកទៀតបានគំរាមផ្ដាច់ចរន្តអគ្គិសនី និងអុីធើណិត ខណៈសកម្មជន និងអ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃកំពុងជំរុញឲ្យផ្អាកការផ្គត់ផ្គង់ប្រេងដល់កម្ពុជាបន្ថែមទៀត។ តើការប៉ុនប៉ងដាក់សម្ពាធតាមរយៈវិធីទាំងអស់ខាងលើ លើកម្ពុជាមុនថ្ងៃចរចាដែលនឹងត្រូវធ្វើឡើងនៅទីក្រុងភ្នំពេញ ថ្ងៃទី១៤ មិថុនានេះ មានប្រសិទ្ធិភាពលើកម្ពុជាកម្រិតណា?
សម្លុតតាមរយៈការរឹតបន្តឹងព្រំដែន
ឥឡូវយើងនិយាយអំពីការបង្រួមពេលវេលាបើកច្រកព្រំដែន សំដៅលើការដាក់សម្ពាធលើចរាចរណ៍ទំនិញ និងអ្នកទេសចរណ៍។ អ្នកនយោបាយថៃមួយចំនួនប្រហែលកំពុងជឿថា ពលរដ្ឋខ្មែរកំពុងពឹងផ្អែកខ្លាំងលើទំនិញថៃ ឬពួកគេគិតថាខ្មែរមិនអាចរស់ដោយគ្មានទំនិញថៃដូចកាលពីសាម-សែសិបឆ្នាំមុន ទើបបានជាពួកគេយល់ថាវិធានការនេះមានប្រសិទ្ធភាព។
ផលប៉ះពាល់នៃការរាំងស្ទះចរាចរណ៍ទំនិញបណ្ដាលមកពីការរឹតបន្តឹងច្រកព្រំដែន គឺប៉ះពាល់ទាំងសងខាង។ ក៏ប៉ុន្តែថៃដែលជាអ្នកសម្រេចចិត្តដោយឯកតោភាគី គឺជាអ្នកខាតខ្លាំងជាងកម្ពុជា ព្រោះថាទំនិញរបស់ថៃពឹងលើទីផ្សារកម្ពុជា ច្រើនជាងទំនិញរបស់ភាគីកម្ពុជាដែលនាំចេញទៅថៃ។ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៥នេះ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាកម្ពុជានាំចេញទំនិញទៅថៃបានតែ ៣៩៦ លានដុល្លារប៉ុណ្ណោះ ខណៈប្រទេសថៃបាននាំចេញទំនិញមកកម្ពុជា ចំនួនដល់ទៅ ១៤៨៤ លានដុល្លារ ពោលភាគីថៃសម្រេចបានអតិរែកលើកម្ពុជាចំនួន ១០៨៨ លានដុល្លារ។
ផ្អែកលើទំហំនាំចេញទំនិញរបស់ថៃលើសការនាំចូលមកកម្ពុជានេះ យើងអាចសន្និដ្ឋានថាការប៉ុនប៉ងបិទព្រំដែនពីសំណាក់ភាគីថៃក្នុងបំណងដាក់សម្ពាធលើកម្ពុជាឲ្យដើរតាមខ្សែញាក់របស់ខ្លួន គឺមិនមានប្រសិទ្ធភាពឡើយ។ ការឆ្លើយតបរបស់កម្ពុជា តាមរយៈការតម៉ោងបើកច្រកព្រំដែនតាមពីក្រោយភាគីថៃ ដោយបើកនៅម៉ោង ៩ព្រឹក ក្រោយម៉ោងដែលថៃកំណត់ថ្មីឲ្យបើកម៉ោង ៨ព្រឹក គឺបានបញ្ជាក់កាន់តែច្បាស់ថា កម្ពុជាគ្មានអ្វីស្ទាក់ស្ទើរក្នុងការបិទព្រំដែនជាមួយថៃទេ។
ពលរដ្ឋខ្មែរស្ទើរគ្រប់គ្នាសុទ្ធតែបានដឹងរួចហើយថា ប្រទេសថៃបាន និងកំពុងធ្វើពាណិជ្ជកម្មខ្សែលើកម្ពុជា និងប្រទេសជិតខាងរបស់ខ្លួនផ្សេងទៀតអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដោយសារតែប្រទេសថៃមិនបានរងគ្រោះដោយសារសង្គ្រាមដូចប្រទេសឯទៀត។ កំណើនសេដ្ឋកិច្ចថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះយឺតយ៉ាវ ដោយសារបញ្ហាសេដ្ឋកិច្ចសកលចាប់ពីវិបត្តិ covid-19 មក ហើយមូលហេតុមួយទៀត គឺប្រទេសជិតខាងរបស់ថៃ ជាពិសេសកម្ពុជា និងឡាវ បានព្យាយាមពង្រឹងឧស្សាហកម្មផលិតរបស់ខ្លួន លែងសូវពឹងលើទំនិញរបស់ថៃ។ នេះមានន័យថា ប្រសិនបើប្រទេសជុំវិញថៃព្យាយាមពង្រឹងការផលិតរបស់ខ្លួន ដែលកាលពីមុនធ្លាប់ពឹងលើប្រទេសថៃ នោះចំណែកមួយនៃសេដ្ឋកិច្ចថៃដែលពឹងលើការនាំចេញទំនិញ នឹងប្រឈមហានិភ័យធ្លាក់ចុះ។
ការគំរាមផ្ដាច់ចរន្តអគ្គិសនី
តំបន់ទឹកដីកម្ពុជាជាប់ព្រំដែនថៃ ជាពិសេសក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលប្រមូលផ្ដុំកាស៊ីណូជាច្រើន កន្លងមកប្រើប្រាស់ភ្លើងអគ្គិសនីនាំចូលពីប្រទេសថៃ។ ក៏ប៉ុន្តែនេះមិនមែនមានន័យថា កម្ពុជាមិនអាចខ្វះភ្លើងថៃបាននោះទេ ព្រោះថាក្រៅពីថៃ មានឡាវ និងវៀតណាមដែលអាចជំនួសភ្លើងអគ្គិសនីរបស់ថៃបាន ស្របពេលប្រទេសឡាវដែលជាអ្នកផលិតអគ្គិសនីដ៏ធំ កំពុងតែមានទំនាក់ទំនងយ៉ាងល្អជាមួយរដ្ឋាភិបាលកម្ពុជាស្រាប់។ ក្រៅពីនេះ កម្ពុជាបាន និងកំពុងតែពង្រឹងសមត្ថភាពផ្គត់ផ្គង់ថាមពលដោយខ្លួនឯង តាមរយៈទំនប់វារីអគ្គិសនី ស្ថានីយន៍ផលិតថាមពលពីពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងគម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន។ ប្រសិនបើថៃផ្ដាច់ភ្លើងមែន នោះវានឹងធ្វើឲ្យរដ្ឋាភិបាលកាន់តែពន្លឿនគម្រោងសាងសង់ស្ថានីយន៍ផលិតថាមអគ្គិសនីដែលមាន២៣គម្រោង ឲ្យសម្រេចបានកាន់តែឆាប់មុនផែនការឆ្នាំ២០២៩ និងអាចឈានដល់ការបង្កើតរោងចក្រថាមពលដើរដោយនុយក្លេអ៊ែរផងដែរ។
នៅថ្ងៃនេះ តបតាមការគំរាមផ្ដាច់ភ្លើងរបស់ថៃ រដ្ឋមន្ត្រីក្រសួងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា មកទល់ម៉ោងនេះមិនមានអគ្គិសនីថៃនៅក្នុងចរន្តរបស់កម្ពុជាទៀតទេ និងថាកម្ពុជាអាចផ្គង់ផ្គង់ថាមពលគ្រប់គ្រាន់ដោយខ្លួនឯង។ ដូច្នេះការគំរាមផ្ដាច់ភ្លើងពីសំណាក់ភាគីថៃ គឺមិនមានទម្ងន់លើកម្ពុជា ឲ្យដកកម្លាំងទ័ពចេញពីតំបន់ព្រំដែនជម្លោះ និងឈប់ប្ដឹងទៅ ICJ នោះទេ។
ប្រសិនបើឈប់លក់ប្រេងឲ្យកម្ពុជា
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជាបានចំណាយប្រាក់ ២៦៩១លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន្ធ។ ក្នុងនោះមាន ១៤១០លានដុល្លារ ចំណាយលើការនាំចូលប្រេងម៉ាស៊ូត ចំណាយលើការនាំចូលប្រេងសាំងចំនួន ៩៤៧លានដុល្លារ និងលើឧស្ម័ន ឬ Gas ចំនួន ៣៣៤លានដុល្លារ។ ប្រទេសដែលកម្ពុជានាំចូលថាមពលទាំងនេះ គឺសិង្ហបុរី វៀតណាម និងថៃ ដូច្នេះប្រសិនបើថៃបិទការផ្គត់ផ្គង់ប្រេងឲ្យកម្ពុជា ទោះបីជាកម្ពុជាមិនទាន់អាចផលិតប្រេងខ្លួនឯង កំពុងពឹងលើការនាំចូលទាំងស្រុងក៏ដោយ ក៏កម្ពុជានៅតែមានទីផ្សារនាំចូលផ្សេងក្រៅពីថៃដែរ។
ម្យ៉ាងវិញទៀត ស្របពេលដែលកម្ពុជាកំពុងចរចាបញ្ហាពន្ធគយជាមួយអាមេរិក វាជាពេលវេលាដ៏ល្អបំផុតក្នុងការជំនួសប្រភពប្រេងនាំចូលពីប្រទេសថៃ ដោយប្ដូរទៅទិញប្រេងរបស់អាមេរិកវិញ ដើម្បីបង្កើនតុល្យភាពពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក។ ប្រទេសជាច្រើនផ្សេងទៀត រួមទាំងវៀតណាមផង ក៏កំពុងព្យាយាមប្រើវិធីសាស្ត្របង្កើនការទិញប្រេង និងឧស្ម័ន្ធរបស់អាមេរិកដែរ ដើម្បីតម្រូវចិត្តរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
សរុបមកវិញ ផែនការព្យាយាមដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជាពីសំណាក់ភាគីថៃនៅពេលនេះ តាមរយៈការបិទព្រំដែន ការផ្ដាច់ភ្លើងអគ្គិសនី រួមទាំងគំនិតចង់បិទការផ្គង់ផ្គង់ប្រេង គឺគ្មានទម្ងន់គ្រប់គ្រាន់ដើម្បីគាបសង្កត់កម្ពុជា នៅមុនថ្ងៃចរចា ថ្ងៃទី១៤ មិថុនា ក្នុងសប្ដាហ៍នេះឡើយ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0