ស្របពេលដែលការពន្យាពេលអនុវត្តពន្ធបដិការរយៈពេល ៩០ថ្ងៃជិតផុតកំណត់ ពោលនឹងផុតកំណត់នៅថ្ងៃទី៩ ខែកក្កដាខាងមុខ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកមានបំណងផ្ញើលិខិតទៅកាន់ប្រទេសដៃគូពាណិជ្ជកម្ម ក្នុងរយៈពេលពីមួយទៅពីរសប្តាហ៍ក្រោយ ដោយនៅក្នុងលិខិតនោះនឹងកំណត់អត្រាពន្ធឯកតោភាគី ថាតើប្រទេសនីមួយៗត្រូវរងពន្ធប៉ុន្មានភាគរយ។ នេះបើតាមការផ្សាយរបស់ Bloomberg ដោយយោងទៅលើការនិយាយរបស់លោក Trump នៅចំពោះមុខក្រុមអ្នកកាសែត នៅក្នុងកម្មវិធីសម្ដែងសិល្បៈមួយកាលពីថ្ងៃពុធម្សិលមិញ។
គួររំលឹកថា កាលពីដើមខែមេសាឆ្នាំ២០២៥នេះ លោក Trump បានប្រកាសពន្ធបដិការលើប្រទេសស្ទើរទាំងអស់ ចាប់ពីអាត្រាមូលដ្ឋាន ១០% ឡើង។ ក្នុងនោះប្រទេសកម្ពុជាប្រឈមពន្ធសម្រាប់ទំនិញនាំចេញទៅអាមេរិកក្នុងអត្រា ៤៩% ក៏ប៉ុន្តែនៅពេលពន្ធនេះចូលជាធរមានមិនបានប៉ុន្មានម៉ោងផង លោក Trump ក៏បានប្រកាសពន្យាពេលអនុវត្តពន្ធខ្ពស់ ៩០ថ្ងៃសិន និងអនុវត្តត្រឹមពន្ធមូលដ្ឋាន ១០% ដូចៗគ្នា លើកលែងប្រទេសចិន។ បើរាប់ពីថ្ងៃប្រកាសពន្យាពេល ៩០ថ្ងៃនោះមក វានឹងដល់ថ្ងៃផុតកំណត់ នៅថ្ងៃទី៩ កក្កដា ខែក្រោយនេះហើយ។
យ៉ាងណាមិញ គេនៅតែមិនច្បាស់ទេ ថាតើលោក Trump នឹងធ្វើតាមការសន្យារបស់គាត់ដែរឬអត់លើកនេះ។ តាមវិធីសាស្ត្ររបស់គាត់កន្លងមក លោក Trump បានកំណត់ពេលវេលារយៈពេលពីរសប្តាហ៍មុនពេលអនុវត្តពន្ធថ្មីដែលគាត់តម្លើង បន្ទាប់មកក៏លើក ឬពន្យាពេលទៅមុខទៀត។
កត់សម្គាល់ដែរថា ពីពេលដំបូងនៃការប្រកាសពន្ធបដិការ រួចពន្យាពេលវិញនេះ លោក Trump បានណែនាំមន្ត្រីរបស់ខ្លួនឲ្យរង់ចាំជួបចរចាជាមួយប្រទេសនីមួយៗដែលរងពន្ធខ្ពស់ ប៉ុន្តែក្រោយមកបានបោះបង់គំនិតនេះវិញ ដោយសារតែមិនមានពេលគ្រប់គ្រាន់ដើម្បីជួបចរចាផ្ទាល់ជាមួយប្រទេសម្ដងមួយ។ មកទល់ពេលនេះ រដ្ឋបាលលោក Trump បាន និងកំពុងតែផ្ដោតចម្បងលើប្រទេសដៃគូពាណិជ្ជកម្មធំៗប៉ុណ្ណោះ។
ដោយឡែកចំពោះប្រទេសកម្ពុជា ក្រុមការងារដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចំពោះកិច្ច ចរចាពន្ធជាមួយភាគីអាមេរិកចំនួនពីរជុំមកហើយ ខណៈលទ្ធផលបែបណានៅមិនទាន់អាចបង្ហាញនៅឡើយទេ ដោយរង់ចាំការសម្រេចចុងក្រោយ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0