លោក Trump និយាយថា អារ៉ាប៊ីសាអូឌីតនឹងបណ្ដាក់ទុននៅអាមេរិកចំនួន ១ទ្រីលានដុល្លារ

May 13, 2025
1Min Read
176 Views

លោកប្រធានាធិបតី Donald Trump បាននិយាយថា អារ៉ាប៊ីសាអូឌីតនឹងប្តេជ្ញាវិនិយោគប្រាក់ចំនួន ១ទ្រីលានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជាគោលដៅសំខាន់នៃដំណើរទៅក្រៅប្រទេសរបស់លោក Trump ទៅអារ៉ាប៊ីសាអូឌីត។ 

លោក Trump បាននិយាយអួតសរសើរខ្លួនគាត់នៅក្នុងអំឡុងកិច្ចប្រជុំកំពូលវិនិយោគអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដថា ប្រសិនបើអ្នកមើលប្រធានាធិបតីអាមេរិកផ្សេងទៀត ពួកគេនឹងមិនអាចស្រូបទាញទុនចំនួន ១ទ្រីលានដុល្លារក្នុងពេលដ៏ខ្លីទេ ជួនកាលត្រូវប្រើរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរូបគាត់ធ្វើវាបានក្នុងរយៈពេលតែពីរខែ។

ដោយឡែក សេតវិមាន​ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយផងដែរ ​ដោយ​បាន​និយាយ​ថា​ចំនួនទុនវិនិយោគដែលអារ៉ាប៊ីសាអូឌីត​ សន្យាវិនិយោគនៅអាមេរិក មានចំនួនត្រឹម ៦០០ពាន់​លាន​ដុល្លារប៉ុណ្ណោះ ពោលទាបជាងចំនួន ៤០០ពាន់លានដុល្លារ ធៀបនឹងការនិយាយរបស់លោក Trump ដែលនិយាយថាវាមានចំនួន ១ទ្រីលានដុល្លារ។ យ៉ាងណាមិញ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានអាមេរិក ព្រះអង្គម្ចាស់ Mohammed bin Salman នៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត បាននិយាយបន្ថែមថា ព្រះអង្គនឹងព្យាយាមបង្កើនការចំណាយទុនវិនិយោគឲ្យដល់កម្រិតដែលលោក Trump ចង់បាន។

បើតាមសេតវិមាន បានឲ្យដឹងជាសាធារណៈថា កិច្ចព្រមព្រៀងវិនិយោគខាងលើ ក៏រួមបញ្ចូលការលក់សភាវុធការពារជាតិរបស់សហរដ្ឋអាមេរិកដែលមានតម្លៃជិត ១៤២ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនផលិតអាវុធនៅអាមេរិកជាងដប់ផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក Boeing ក៏ត្រូវបានគេរំពឹងថា នឹងលក់យន្តហោះដឹកអ្នកដំណើរប្រភេទ 737-8 មានតម្លៃសរុប ៤៨០០លានដុល្លារ ឲ្យក្រុមហ៊ុន AviLease របស់អារ៉ាប៊ីសាអូឌីតដែរ។

ចំណែកភាគីអាមេរិកវិញ តាមរយៈក្រុមហ៊ុនដូចជា Google, Oracle, Salesforce, Advanced Micro Devices និងក្រុមហ៊ុន Uber Technologies បានសន្យាបណ្ដាក់ទុនសរុប ៨០ពាន់លានដុល្លារ លើបច្ចេកវិទ្យាបំប្លែងដ៏ទំនើបចុងក្រោយ ភ្ជាប់គ្នានៅក្នុងប្រទេសទាំងពីរ ដោយសហការជាមួយក្រុមហ៊ុន DataVolt ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត។

ក្នុងកិច្ចប្រជុំកំពូលវិនិយោគរបស់អារ៉ាប៊ីសាអូឌីត និងអាមេរិក លោក Trump ក៏បាននាំម្ចាស់ និងមេដឹកនាំក្រុមហ៊ុនធំៗរបស់អាមេរិកទៅចូលរួមដែរ ក្នុងនោះរួមមានសម្ព័ន្ធមិត្តដ៏ស្និទ្ធជាងគេរបស់គាត់ គឺលោក Elon Musk, លោក Larry Fink ប្រធានក្រុមហ៊ុន Blackrock , លោក Jensen Huang នាយកក្រុមហ៊ុន Nvidia រួមទាំងមេដឹកនាំក្រុមហ៊ុនធំៗជាច្រើនរូបទៀត៕

Writer: Jin Zakarin

Editor: Ran Bunrath

 

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider