ដំណើររឿងនៃការកកើតក្រុមហ៊ុនបច្ចេកវិទ្យា ORACLE របស់លោកមហាសេដ្ឋី Larry Ellison | ភាគ១

September 16, 2025
1Min Read
153 Views

លោក Larry Ellison អាយុ ៨១ឆ្នាំ គឺជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Oracle Corporation និងជាអ្នកបច្ចេកវិទ្យាដែលបានចាប់ផ្ដើមកសាងអាណាចក្រជំនួញរបស់ខ្លួនជំនាន់លោក Bill Gates និង លោក Steve Jobs នៃក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple ដែលសុទ្ធសឹងជានិមិត្តរូបដ៏ល្បីល្បាញក្នុងវិស័យជំនួញបច្ចេកវិទ្យាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-២០១៥ មុនពេលមានការរះឡើងនៃអ្នកជំនាន់ក្រោយដូចជាលោក Jeff Bezos លោក Elon Musk លោក Larry Pages និងលោក Mark Zuckerberg។ លោក Steve Jobs បានលាចាកលោកហើយ ខណៈលោក Bill Gates បានងាកចេញពីក្រុមហ៊ុន Microsoft ប៉ុន្តែបច្ចុប្បន្នលោក Larry Ellison នៅបន្តកាន់តំណែងប្រធានប្រតិបត្តិនៃក្រុមហ៊ុន Oracle ប្រជែងជាមួយអ្នកជំនាន់ក្រោយ រួមទាំងកំពុងប្រជែងតំណែងមហាសេដ្ឋីមានជាងគេលើផែនដីជាមួយលោក លោក Elon Musk ផងដែរ។ 

មុនពេលឈានដល់លទ្ធភាពបើកដំណើរការអាជីវកម្មផ្ទាល់ខ្លួន ជីវិតរបស់លោក Larry តែលតោលគ្មានឪពុកម្ដាយជាទីពឹង ជាប់បំណុល និងត្រូវប្រពន្ធរបស់លោកសុំលែងលះដោយសារជីវភាពក្រលំបាក។ ហើយនៅអំឡុងពេលបើកដំណើរការក្រុមហ៊ុន Oracle ឆ្នាំដំបូង ១៩៧៧ មិនទាន់រកបានប្រាក់ចំណូលច្រើន ប្រពន្ធទី២ក៏លែងលះគាត់ម្ដងទៀត។ ជីវិតគ្រួសាររបស់គាត់មិនសូវគាប់ប្រសើរឡើយ ខណៈប្រពន្ធបច្ចុប្បន្នរបស់គាត់ គឺជាប្រពន្ធទី៦ និងមានកូនតែពីរនាក់ប៉ុណ្ណោះជាមួយប្រពន្ធទី៣។ 

ទម្រាំដឹកនាំ Oracle ឲ្យក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា Software និង Hardware ដ៏ធំក្នុងពិភពលោកដូចបច្ចុប្បន្ន លោក Larry បានពុះពារឧបសគ្គរាប់មិនអស់។ ព្រោះតែខ្វះខាតលុយ គាត់ប្រើចំណេះដឹង និងចំណូលចិត្តខាងបច្ចេកវិទ្យាជាដើមទុន អភិវឌ្ឍអាជីវកម្មពីដំណាក់កាលដំបូងយ៉ាងលំបាក ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាលអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០។ លោក Larry Ellison ចាប់ផ្ដើមក្រុមហ៊ុន Oracle ជាមួយដើមទុនត្រឹម ២០០០ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ១៩៧៧ ដែលកាលនោះលោក Elon Musk ទើបមានអាយុ ៧ឆ្នាំនៅឡើយ។ 

Oracle Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា Database, Cloud Computing និងលក់ Hardware ដ៏ធំលើពិភពលោក។ ខាងក្រោមនេះ គឺជាដំណើររឿងនៃការលូតលាស់ និងរបៀបដែលលោក Larry Ellison អភិវឌ្ឍវាឡើង ចាប់ពីពេលដំណើរការជាមួយដើមទុនតែ ២០០០ដុល្លារ រហូតក្លាយជាក្រុមហ៊ុនមានតម្លៃជាង ៨០០ពាន់លានដុល្លារ គិតត្រឹមសប្ដាហ៍ទី៣នៃខែកញ្ញា ឆ្នាំ២០២៥នេះ។ 

ដំណើរចាប់ផ្ដើម 

លោក Larry Ellison ឬឈ្មោះពេញ Lawrence Joseph Ellison កើតឆ្នាំ១៩៤៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលមានម្ដាយបង្កើតជាជនជាតិជ្វិបឈ្មោះ Florence Spellman និងឪពុកជាជនជាតិអ៊ីតាលីកាត់អាមេរិក។ ម្ដាយបង្កើតពរពោះលោក Larry ដោយមិនបានរៀបការ ហើយឪពុកបង្កើតបានគេចមិនទទួលខុសត្រូវ។ លោក Larry បានកើតដោយគ្មានវត្តមានឪពុក ហើយនៅពេលគាត់មានអាយុទើបតែ ៩ខែ លោកស្រី Lawrence បានយកលោក Larry ទៅឲ្យប្អូនស្រីរបស់ខ្លួនដើម្បីចិញ្ចឹមបីបាច់បន្ត គឺលោកស្រី Lillian Spellman និងមានប្ដីឈ្មោះ Louis Ellison ជាជនជាតិរុស្សីភៀសខ្លួនទៅរស់នៅអាមេរិក។ 

លោក Larry បានរស់នៅជាមួយម្ដាយឪពុកចិញ្ចឹមដែលត្រូវជាមីងបង្កើត និងពូថ្លៃរបស់ខ្លួន រហូតដល់គាត់មានអាយុ ១២ឆ្នាំ ទើបដឹងថាខ្លួនមិនមែនជាកូនបង្កើត។ តាំងពីវ័យកុមារ លោក Larry មានចំណាប់អារម្មណ៍ចង់ចេះចង់ដឹងខ្លាំងអំពីបច្ចេកវិទ្យា ហើយទទួលបានការមើលថៃ និងក្ដីស្រលាញ់យ៉ាងកក់ក្ដៅពីម្ដាយចិញ្ចឹម ប៉ុន្តែមិនសូវត្រូវគ្នាជាមួយឪពុកចិញ្ចឹមឡើយ។ លោក Larry តែងមានជម្លោះជាមួយឪពុកចិញ្ចឹមរបស់ខ្លួន ហើយមិនទទួលបានការគាំទ្រនោះទេ នៅពេលគាត់ចង់ធ្វើអ្វីមួយ។

នៅឆ្នាំ១៩៦២ លោក Larry បានចូលរៀនថ្នាក់មហាវិទ្យាល័យនៅសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក។ ពេលចុះឈ្មោះចូលរៀនដំបូង គាត់ជ្រើសជំនាញគ្រូពេទ្យ ដែលជាជម្រើសអនុញ្ញាតិឲ្យអាចជ្រើសរើសជំនាញជាក់លាក់នៅពេលក្រោយ បន្ទាប់ពីសិក្សាបានរយៈពេល២ឆ្នាំ។ ប៉ុន្តែជាអកុសល ក្នុងឆ្នាំសិក្សាទី២ត្រៀមចូលដល់ឆ្នាំទី៣ ម្ដាយចិញ្ចឹមដែលជាមនុស្សតែម្នាក់គត់តែងតែមើលថែ និងគាំទ្រលោក Larry បានទទួលមរណភាព ធ្វើឲ្យគាត់បាត់បង់ទីពឹង និងបាក់ទឹកចិត្ត បណ្ដាលឲ្យលោក Larry បោះបង់ការសិក្សាពាក់កណ្ដាលទី។ រយៈពេល២ឆ្នាំក្រោយ នៅឆ្នាំ១៩៦៦ នៅពេលរៀបចំជីវិតខ្លួនឯងជាថ្មី គាត់បានសម្រេចចូលរៀនឡើងវិញនៅសាកលវិទ្យាល័យ Chicago ក្នុងជំនាញរូបវិទ្យា និងគណិតវិទ្យាសម្រាប់ការរចនាកុំព្យូទ័រ។

ចូលរៀនបានរយៈពេលត្រឹមមួយឆមាស លោក Larry ក៏បោះបង់ម្ដងទៀត ប៉ុន្តែនៅសកលវិទ្យាល័យ Chicago រយៈពេលខ្លីនោះ គាត់បានស្គាល់ និងបង្កើតទំនាក់ទំនងស្នេហាជាមួយមិត្តរួមសាលា គឺលោកស្រី Adda Quinn និងបានរៀបការជាមួយគ្នានៅឆ្នាំ១៩៦៧។ ក្រោយរៀបការ អ្នកទាំងពីរបានប្ដូរទីលំនៅពី Chicago ទៅរដ្ឋ California ប៉ុន្តែជីវិតគ្រួសាររបស់អ្នកទាំងពីមានអាយុកាលតែ ៧ឆ្នាំប៉ុណ្ណោះ ដោយលោកស្រី Adda បានសុំលែងលះជាមួយលោក Larry នៅឆ្នាំ១៩៧៤ ក្រោមមូលហេតុបញ្ហាហិរញ្ញវត្ថុ។ ក្នុងរយៈពេល៧ឆ្នាំនោះ លោក Larry Ellison បានចំណាយពេលធ្វើការនៅក្រុមហ៊ុនពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាច្រើន និងឆ្លៀតរៀនសរសេរកម្មវិធីកុំព្យូទ័រដោយខ្លួនឯង តាមរយៈការអានសៀវភៅ។ យ៉ាងណា ព្រោះតែគ្មានសញ្ញាបត្រ និងគ្មានជំនាញត្រូវបានគេទទួលស្គាល់ច្បាស់លាស់ លោក Larry មិនអាចរកប្រាក់ចំណូលបានច្រើននោះទេ។ 

ក្រោយពេលលែងលះ លោក Larry បានបន្តព្យាយាមពង្រឹងជំនាញ Programing តាមរយៈការអានសៀវភៅ និងអនុវត្តដោយខ្លួនឯង និងជំរុញដោយចំណង់ចំណូលចិត្តរបស់លោកចំពោះបច្ចេកវិទ្យាតាំងពីក្មេងផង។ លោក Larry ធ្លាប់និយាយក្នុងវេទិកាមួយនៅវិទ្យាស្ថាន Smithsonian Institution ថា “លោកពុំដែលបានចូលរៀនថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រឡើយក្នុងជីវិតរបស់លោក ប៉ុន្តែលោករៀនតាមរយៈការអានសៀវភៅបណ្ដើរ អនុវត្តវាបណ្ដើរ តែម្នាក់ឯង។ [ចប់ភាគទី១] 

Most Read

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider