មហាសេដ្ឋីសិង្ហបុរី Peter Lim បច្ចុប្បន្នមានវ័យ ៧២ ឆ្នាំ គឺជាម្ចាស់សម្ព័ន្ធមន្ទីពេទ្យ Thomson Medical Group និងជាម្ចាស់ក្លឹបបាល់ទាត់នៅលីគ្គកំពូលអេស្ប៉ាញ Valencia FC។ តាមសន្ទស្សន៍មហាសេដ្ឋី Forbes បង្ហាញថាត្រឹមចុងខែតុលាឆ្នាំ ២០២៥ នេះ លោក Peter Lim មានទ្រព្យសម្បត្តិប្រមាណ ១៩០០លានដុល្លារអាមេរិក ជាបុគ្គលមានជាងគេលំដាប់ទី ៣២ នៅប្រទេសសិង្ហបុរី។
មុនក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ លោក Peter ត្រឹមជាកូនអ្នកលក់ត្រីតូចតាច រស់នៅក្នុងផ្ទះដ៏តូចមួយជាមួយបងប្អូនចំនួន ៧នាក់ ដែលជាផ្ទះឧបត្ថម្ភដោយរដ្ឋាភិបាល។ លោកបានប្រឹងប្រែងរៀនសូត្ររហូតបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងបានចាប់អាជីពជាឈ្មួញកណ្ដាលក្នុងទីផ្សារភាគហ៊ុនប្រទេសសិង្ហបុរីអំឡុងដើមទសវត្សន៍ឆ្នាំ១៩៨០។ លោកបានចំណាយពេលជាង ១០ឆ្នាំ ព្យាយាមក្នុងអាជីពជាឈ្មួញជើងសារភាគហ៊ុន រហូតត្រូវបានគេផ្ដល់រហ័សនាមជា Remisier King ឬ King of Stockbroker។ ក្នុងអាជីពនេះ លោក Peter Lim រកប្រាក់ចំណូលបានរាប់លានដុល្លារ តាមរយៈការផ្ដល់សេវាជើងសារដល់អ្នកវិនិយោគនៃគ្រួសារអភិជននៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ីដែលចាប់អារម្មណ៍ជួញដូរភាគហ៊ុនសិង្ហបុរីនាជំនាន់នោះ។ មកដល់ដើមទសវត្សន៍ឆ្នាំ ១៩៩០ គាត់បានវិនិយោគប្រាក់ចំនួន ១០លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនជួញដូរស្បៀងអាហារមានមូលដ្ឋាននៅសិង្ហបុរី Wilmar International ក្នុងអំឡុងពេលក្រុមហ៊ុននេះទើបចាប់ផ្ដើមដំណើរការអាជីវកម្មដំបូង។ នៅឆ្នាំ ២០១០ ចំណែកភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Wilmar នោះ បានកើនតម្លៃដល់ទៅ ១៥០០លានដុល្លារអាមេរិក រួចគាត់ក៏បានលក់ចំណែកភាគហ៊ុននោះទៅក្នុងឆ្នាំដដែល ហើយវាក៏ជាការវិនិយោគដែលបានផ្លាស់ប្ដូរជោគវាសនារបស់លោក Peter ឲ្យក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ មានលុយទិញយកក្រុមហ៊ុនមន្ទីពេទ្យ Thomson Medical Group ទិញយកក្លឹបបាល់ទាត់ Valencia និងពង្រីកមុខជំនួញផ្សេងទៀតមកទល់បច្ចុប្បន្ន។ នេះជាដំណើររឿងនៃការចាប់ផ្ដើមរបស់មហាសេដ្ឋីដ៏ស្ងៀមស្ងាត់សិង្ហបុរី លោក Peter Lim។
ការចាប់ផ្ដើម
លោក Peter Lim ឬឈ្មោះពេញ Peter Lim Eng Hock កើតឆ្នាំ ១៩៥៣ មានឪពុកប្រកបរបរជាអ្នកលក់ត្រី និងម្ដាយជាស្ត្រីមេផ្ទះ រស់នៅក្នុងផ្ទះតូចមួយមានពីរបន្ទប់គេង ជាមួយបងប្អូនចំនួន ៧នាក់ផ្សេងទៀត ដែលជាផ្ទះក្នុងអគារស្នាក់នៅរួមឧបត្ថម្ភដោយរដ្ឋាភិបាល។ លោក Peter បានប្រាប់កាសែតអាមេរិក The Wall Street Journal ថា អំឡុងពេលវ័យកុមារដល់វ័យជំទង់ ដោយសារតែផ្ទះតូចចង្អៀតរស់នៅគ្នាច្រើននាក់ នៅពេលយប់គាត់តែងយកភួយទៅក្រាលដេកនៅផ្ទះបាយ។ ទោះជាយ៉ាងណា លោក Peter បានព្យាយាមបន្តការសិក្សារហូតបញ្ចប់ថ្នាក់មធ្យមសិក្សានៅវិទ្យាស្ថាន Raffles ដែលជាសាលាដ៏ចំណាស់ និងប្រមូលផ្ដុំសិស្សពូកែនៅសិង្ហបុរីនាជំនាន់នោះ រួចបានចូលធ្វើការជាបុគ្គលិកក្នុងស្ថាប័នសេវាកម្មជាតិសិង្ហបុរី ដែលរាប់ថាជាការងារល្អមួយ ប៉ុន្តែគាត់មិនឈប់ត្រឹមហ្នឹងឡើយ។ នៅឆ្នាំ ១៩៧៥ គាត់បានសម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ Western ប្រទេសអូស្ត្រាលី ដោយជ្រើសយកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ព្រោះតែគាត់ជាមនុស្សចូលចិត្តគណនាលេខ។ ក៏ប៉ុន្តែដើម្បីអាចរៀននៅទីនោះបាន គាត់ត្រូវរកលុយបង់ថ្លៃសាលា និងចំណាយផ្សេងៗដោយខ្លួនឯង និងរស់នៅឆ្ងាយពីគ្រួសារតែម្នាក់ឯង តាមរយៈការធ្វើការងារក្រៅម៉ោងនៅតាមហាងអាហារ និងពេលខ្លះធ្វើជាអ្នករត់តាក់ស៊ី។ ការធ្វើការងារក្រៅម៉ោងទាំងនេះ មិនត្រឹមតែអាចជួយផ្គត់ផ្គង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្រៀនលោក Peter អំពីរបៀបដំណើរការអាជីវកម្ម តាមរយៈការអង្កេត និងការបំពេញការងារជាក់ស្ដែង បន្ថែមពីទ្រឹស្ដីនៅសាលាផងដែរ។
បន្ទាប់ពីរៀនចប់ថ្នាក់មហាវិទ្យាល័យជំនាញគណនេយ្យ និងហិរញ្ញវត្ថុដោយជោគជ័យ នៅឆ្នាំ ១៩៧៩ លោក Peter បានត្រឡប់ទៅសិង្ហបុរីវិញ។ នៅពេលនៅដល់ប្រទេសកំណើតដំបូង គាត់ចាប់ផ្ដើមធ្វើការជាគណនេយ្យករបានរយៈពេល ៣ខែ បន្ទាប់មកធ្វើជាអ្នកផ្ដល់សេវាប្រឹក្សាផ្នែកពន្ធដារដល់ម្ចាស់អាជីវកម្មដែលរកស៊ីក្នុងប្រទេសសិង្ហបុរីនាជំនាន់នោះ។
ដោយមានមូលដ្ឋានគ្រឹះចំណេះដឹងផ្នែកហិរញ្ញវត្ថុរឹងមាំ បូករួមទាំងបទពិសោធន៍ការងារផង និងចូលចិត្តការងារគណនាលេខផង នៅដើមទសវត្សន៍ឆ្នាំ ១៩៨០ លោក Peter បានឈានជើងប្រឡូកក្នុងទីផ្សារភាគហ៊ុន ដោយធ្វើជាភ្នាក់ងារឈ្មួញកណ្ដាល ឬ Stockbrocker ដែលសំដៅលើការងារចាត់ចែងការវិនិយោគជំនួសនរណាម្នាក់ដើម្បីបង្កើតប្រាក់ចំណេញ រួចគិតកម្រៃជាភាគរយក្នុងអត្រាណាមួយនៃប្រាក់ចំណេញទទួលបានពីប្រតិបត្តិការវិនិយោគនោះ។
ទីផ្សារភាគហ៊ុនក្នុងប្រទេសសិង្ហបុរីនៅចន្លោះឆ្នាំ ១៩៨០-១៩៨១ សម្រេចបានកំណើនយ៉ាងខ្ពស់ជិត ៥២% ធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ប្រទេសនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ជំរុញឲ្យការជួញដូរមានសន្ទុះ ហើយអាជីពជាឈ្មួញកណ្ដាលភាគហ៊ុនរបស់លោក Peter ក៏អាចរកប្រាក់ចំណូលបានច្រើនដែរ។ នៅឆ្នាំ ១៩៨៤ និងឆ្នាំ ១៩៨៥ ទីផ្សារភាគហ៊ុនសិង្ហបុរីជួបវិបត្តិ Pan-Electric ធ្វើឲ្យទីផ្សារដាំក្បាលចុះ ក៏ប៉ុន្តែវាបានងើបឡើងប្រសើរវិញពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩០។ យ៉ាងណាមិញ ក្នុងចន្លោះពេលទីផ្សារឡើងចុះប្រែប្រួលនោះ លោក Peter បានប្រើប្រាស់ចំណេះដឹង និងភាពឆ្លាតវៃរបស់ខ្លួនដើម្បីកសាងកេរ្តិ៍ឈ្មោះរហូតត្រូវបានគេដាក់រហ័សនាមជា កំពូលឈ្មួញកណ្ដាល ឬ Remisier King ព្រោះតែលោកបានបង្ហាញលទ្ធផលគ្រប់គ្រងការជួញដូរ និងចាត់ចែងការវិនិយោគភាគហ៊ុនរបស់អតិថិជនយ៉ាងមានប្រសិទ្ធភាព និងបង្កើតប្រាក់ចំណេញខ្ពស់។ សមត្ថភាពរបស់លោក Peter បន្តល្បីល្បាញ ធ្វើឲ្យគាត់ក្លាយជាភ្នាក់ងារកណ្ដាលផ្ដល់សេវាកម្មចាត់ចែងការជួញដូរមូលបត្រឲ្យគ្រួសារអភិជននៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលសម្លឹងឃើញឱកាសវិនិយោគក្នុងផ្សារហ៊ុនសិង្ហបុរី និងអនាគតរបស់ប្រទេសមួយនេះ ខណៈត្រឹមឆ្នាំ ១៩៨៥ ទំហំសេដ្ឋកិច្ចរបស់សិង្ហបុរីមានចំនួនត្រឹមជាង ១៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ រយៈពេល ១០ឆ្នាំនៃទសវត្សន៍ឆ្នាំ៨០ លោក Peter បានខំប្រឹងពង្រឹងអាជីពជាភ្នាក់ងារជួញដូរភាគហ៊ុន ហើយគាត់រកបានប្រាក់ជាច្រើនលានដុល្លារ តាមរយៈ % ឬ Commission ពីអតិថិជនរបស់គាត់។
នៅឆ្នាំ ១៩៩០ លោក Peter បានរៀបការជាមួយអ្នកស្រី Teo Geok Fong។ នៅឆ្នាំ ១៩៩១ ក្រុមហ៊ុនជួញដូរស្បៀង និងកែច្នៃចំណីអាហារ Wilmar International របស់សិង្ហបុរីត្រូវបានបង្កើតឡើង ក្រោមឈ្មោះដំបូង Wilmar Trading Pte ជាមួយដើមទុនចុះបញ្ជីត្រឹមតែ ១០ម៉ឺនដុល្លារសិង្ហបុរី និងមានបុគ្គលិកចំនួន ៥នាក់ប៉ុណ្ណោះ។ ក្រុមហ៊ុននេះបង្កើតឡើងដោយលោក Kuok Khoon Hong ត្រូវជាក្មួយប្រុសរបស់មហាសេដ្ឋីម៉ាឡេស៊ី Robert Kuok និងក៏ជាអតិថិជនធ្លាប់ប្រើសេវាជួញដូរភាគហ៊ុនរបស់លោក Peter ដែរ។ ក្នុងដំណើរចាប់ផ្ដើមរបស់ក្រុមហ៊ុន Wilmar នោះ លោក Peter Lim បានវិនិយោគប្រាក់ចំនួន ១០លានដុល្លារអាមេរិកក្នុងក្រុមហ៊ុននេះ ហើយវាបានរួមចំណែកជួយឲ្យ Wilmar ទិញចម្ការដូងប្រេងរាប់ពាន់ហិកតានៅប្រទេសឥណ្ឌូនេស៊ី និងពង្រីកអាជីវកម្មជាបន្តបន្ទាប់។
នៅឆ្នាំ១៩៩៤ គាត់ប្រមូលប្រាក់សន្សំចំនួន ១៤លានដុល្លារសិង្ហបុរី ឬប្រហែលជាង ១០លានដុល្លារអាមេរិក ដើម្បីវិនិយោគទិញអគារខុនដូរមួយឈ្មោះ Abelia Building កម្ពស់ ១១ជាន់ នៅជិតផ្លូវ Orchard ដែលជាតំបន់ទីប្រជុំជនធំនៅសិង្ហបុរី។
នៅឆ្នាំ ១៩៩៥ ក្រោយរៀបការបានរយៈពេល ៥ឆ្នាំ និងមានកូនចំនួនពីរនាក់ ប្រពន្ធរបស់លោក Peter បានប្ដឹងទាមទារលែងលះ និងបន្តនិតិវិធីអស់រយៈពេលជាច្រើនឆ្នាំទើបលែងលះគ្នាដាច់ស្រេច និងត្រូវបែងចែកទ្រព្យសម្បត្តិរាប់សិបលានដុល្លារ។ អ្វីដែលកាន់តែអាក្រក់ នៅឆ្នាំ ១៩៩៧ តំបន់អាស៊ីមានវិបត្តិហិរញ្ញវត្ថុដែលបានប៉ះពាល់ដល់ទីផ្សារភាគហ៊ុន និងដំណើរការអាជីវកម្មនានា រួមទាំងក្រុមហ៊ុនដែលលោក Peter បានបណ្ដាក់ទុនផងដែរ។ ក្នុងពេលទន្ទឹមគ្នានោះ លោក Peter ត្រូវត្រៀមលុយសម្រាប់ទូទាត់សំណងលែងលះ ខណៈការវិនិយោគរបស់គាត់ក៏ប្រឈមការខាតបង់។ នៅឆ្នាំ ១៩៩៩ តុលាការបានសម្រេចឲ្យលោក Peter ទទួលបានសិទ្ធិលើកូនទាំងពីរនាក់ និងបន្តដល់ចុងឆ្នាំ ២០០១ ទើបការលែងលះនោះចាប់រួចរាល់ជាស្ថាពរ ដោយតម្រូវឲ្យលោក Peter ត្រូវបង់ប្រាក់ទៅឲ្យអតីតភរិយា គឺអ្នកស្រី Teo Geok Fong សរុបចំនួន ៥០លានដុល្លារសិង្ហបុរី ឬស្មើប្រហែល ៣៩លានដុល្លារអាមេរិកជំនាន់នោះ។ លោក Peter បានព្យាយាមស្វែងរកមធ្យោបាយផ្សេងៗដើម្បីប្រមែរប្រមូលប្រាក់យកទៅប្រើប្រាស់ ក៏ប៉ុន្តែគាត់មិនព្រមលក់ចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន Wilmar ឬលក់អគារខុនដូរ Abelia ដើម្បីយកប្រាក់ទៅដោះស្រាយឡើយ។
នៅឆ្នាំ ២០០៣ លោក Peter Lim ក៏បានរៀបការជាមួយប្រពន្ធទី២ និងជាអតីតតារាសម្ដែង គឺអ្នកស្រី Cherie Lim រួចបន្តរស់នៅ និងគ្រប់គ្រងអគារខុនដូរ Abelia ដដែល។ ចាប់ពីពេលលែងលះប្រពន្ធទី១ មក លោក Peter បានប្ដូរអាជីពពី Stockbroker មកជាអ្នកវិនិយោគឯកជន ផ្ដោតលើផលបត្រវិនិយោគផ្ទាល់ខ្លួន ជាជាងចាត់ចែងការវិនិយោគឲ្យអ្នកដទៃដោយគិតកម្រៃជើងសារ។
គិតត្រឹមឆ្នាំ ២០០៧ ចំណែកភាគហ៊ុនចំនួន ៥% របស់លោក Peter នៅក្នុងក្រុមហ៊ុន Wilmar បានកើនតម្លៃដល់ ៧០០លានដុល្លារ ខណៈតម្លៃអគារ Abelia ដែលគាត់ទិញក្នុងឆ្នាំ ១៩៩៤ ក៏កើនដល់ ១០០លានដុល្លារ ស្របតាមកំណើនតម្លៃអចលនទ្រព្យនៅសិង្ហបុរីនៅពេលនោះដូចគ្នា។
មកដល់ឆ្នាំ ២០១០ ពោល ២០ឆ្នាំក្រោយពីពេលបើកដំណើរការ ក្រុមហ៊ុន Wilmar បានរីកលូតលាស់ក្លាយជាក្រុមហ៊ុនកែច្នៃ និងផ្គត់ផ្គង់ចំណីអាហារដ៏ធំក្នុងពិភពលោក ធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលត្រូវបានជួញដូរក្នុងផ្សារហ៊ុនសិង្ហបុរី កើនឡើងខ្ពស់កប់ពពក។ នៅឆ្នាំ ២០១០ ដដែល លោក Peter បានលក់ភាគហ៊ុនទាំង ៥% របស់គាត់ក្នុងក្រុមហ៊ុន Wilmar ទទួលបានប្រាក់សរុបប្រមាណ ១៥០០លានដុល្លារអាមេរិក ពោលស្មើកំណើនប្រាក់ចំណេញដល់ទៅ ១៤.៩០០% ធៀបនឹងទុនវិនិយោគរបស់គាត់ត្រឹម ១០លានដុល្លារ កាលពីដើមទសវត្សន៍ឆ្នាំ ១៩៩០។
ការសម្រេចចិត្តវិនិយោគ និងបន្តរក្សាទុកភាគហ៊ុនរបស់ក្រុមហ៊ុន Wilmar រហូតដល់ដំណាក់ប្រមូលផលនេះហើយ ដែលបានផ្លាស់ប្ដូរជោគវាសនារបស់លោក Peter Lim ឲ្យក្លាយជាសេដ្ឋីពាន់លានដុល្លារ និងធ្វើឲ្យកិត្តិនាមរបស់គាត់កាន់តែលេចធ្លោរក្នុងវិស័យជំនួញ និងការវិនិយោគ។
ភ្លាមៗបន្ទាប់ពីទទួលបានប្រាក់យ៉ាងសន្ធឹកសន្ធាប់នោះ លោក Peter បានចាត់ចែងវាវិនិយោគក្នុងវិស័យអចលនទ្រព្យ សុខាភិបាល កីឡា និងវិស័យអប់រំ។ នៅឆ្នាំ ២០១០ គាត់បានដាក់សំណើរទិញយកភាគហ៊ុនធំរបស់ក្លឹបបាល់ទាត់នៃលីគ្គកំពូលអង់គ្លេស Liverpool FC ក្នុងតម្លៃ ៣២០លានផោន ប៉ុន្តែដំណើរការទិញ-លក់បានបរាជ័យ។ នៅឆ្នាំ ២០១១ គាត់បានទិញយកក្រុមហ៊ុនមន្ទីពេទ្យសិង្ហបុរី Thomson Medical ក្នុងតម្លៃ ៣៩៦លានដុល្លារអាមេរិក និងទិញយកក្រុមហ៊ុនវេជ្ជសាស្ត្រ TMC Life Science មួយទៀតក្នុងឆ្នាំតែមួយ រួចក្រោយមកបានដាក់ក្រុមហ៊ុនទាំងពីរចូលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេមួយក្រោមឈ្មោះ Thomson Medical Group។
បន្ទាប់មកនៅឆ្នាំ ២០១៤ លោក Peter បានទិញយកចំណែកភាគហ៊ុនធំ ៧០,៤% របស់ក្លឹបបាល់ទាត់នៃលីគ្គកំពូលអេស្ប៉ាញ Valencia FC ដែលនៅពេលនោះកំពុងជួបបញ្ហាហិរញ្ញវត្ថុ ដោយចំណាយប្រាក់ចំនួន ១០០លានអឺរ៉ូ និងត្រូវទទួលស្គាល់បំណុលរបស់ក្លឹបនេះប្រហែល ២៣០លានអឺរ៉ូ។ ក៏ប៉ុន្តែរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្លឹប Valencia FC មិនបានសម្រេចលទ្ធផលល្អទេនៅគ្រប់រដូវកាល។ អ្នកគាំទ្រក្លិបបាល់ទាត់នេះធ្លាប់បានបង្ហាញការតវ៉ា និងចង់ឲ្យលោក Peter Lim ដកខ្លួនចេញពីសិទ្ធិជាម្ចាស់ ក៏ប៉ុន្តែលោក Peter នៅតែមិនព្រមលក់ក្លិបចេញឡើយ គិតមកត្រឹមចុងឆ្នាំ ២០២៥ នេះ។
នៅឆ្នាំ ២០២២ លោក Peter បានវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងវិស័យអប់រំរបស់ប្រទេសអង់គ្លេស Wellington College ដើម្បីដំណើរការសាលារៀនអន្តរជាតិលំដាប់ខ្ពស់ នៅក្នុងប្រទេសចំនួន ៣ រួមមាន សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Thomson Medical Group របស់លោក Peter បានពង្រីកទីផ្សារមន្ទីពេទ្យចូលក្នុងប្រទេសវៀតណាម តាមរយៈការទិញយកសម្ព័ន្ធមន្ទីពេទ្យឯកជនដ៏ធំជាងគេមួយនៅវៀតណាមឈ្មោះ Far East Medical Vietnam ក្នុងតម្លៃ ៣៨១លានដុល្លារ។
ដោយឡែក កាលពីខែសីហា ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រុមហ៊ុន Thomson Medical Group បានប្រកាសគម្រោងសាងសង់មន្ទីពេទ្យ និងមជ្ឈមណ្ឌលសម្រាកថែទាំសុខភាពប្រណិត លើផ្ទៃដីទំហំ ១១ហិកតា ជាមួយទុនវិនិយោគ ៤៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។
បច្ចុប្បន្ន កូនប្រុសតែម្នាក់របស់គាត់ឈ្មោះ Kiat Lim អាយុ ៣២ឆ្នាំ កំពុងបំពេញតួនាទីជាន់ខ្ពស់នៅតាមក្រុមហ៊ុននៃគ្រួសាររបស់ខ្លួន និងត្រៀមស្នងតំណែងបន្តពីលោក Peter Lim។
ជារួមមកវិញ ដំណើររឿងរបស់លោក Peter Lim បានបង្រៀនយើងនូវរឿងជាច្រើន ទាំងក្នុងជីវិតរស់នៅ និងការវិនិយោគ។ តួយ៉ាង គាត់ដើមឡើយកើតក្នុងគ្រួសារមានជីវភាពលំបាក ឪពុកស្លាប់ចោលតាំងពីគាត់មានអាយុជាង ២០ឆ្នាំ ប៉ុន្តែគាត់នៅតែប្រឹងប្រែងតស៊ូក្នុងជីវិត និងឲ្យតម្លៃខ្ពស់លើការអប់រំ។ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លោក Peter ដើម្បីប្រឡូកក្នុងវិស័យជួញដូរភាគហ៊ុន ទម្រាំវិវឌ្ឍក្លាយជាអ្នកវិនិយោគដ៏ល្បីឈ្មោះមិនត្រឹមតែនៅសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្បីដល់ពិភពអ្នកវិនិយោគក្នុងតំបន់ទៀតផង។ ភាពល្បីល្បាញនេះ បានបើកផ្លូវឲ្យគាត់ងាយស្រួលជួបជាមួយអ្នកជំនួញធំៗ និងបុគ្គលល្បីៗក្នុងពិភពលោក ដើម្បីបង្កើតឱកាសបណ្ដាក់ទុនរួមគ្នា និងសហការគ្នាលើគម្រោងផ្សេងៗ។
ដោយឡែក ភាពជោគជ័យបានមកពីការបណ្ដាក់ទុនក្នុងក្រុមហ៊ុន Wilmar បង្ហាញពីឥទ្ធិពលនៃការជ្រើសរើសទ្រព្យបានត្រឹមត្រូវក្នុងការវិនិយោគ ពោលមិនថាអ្នកជ្រើសបណ្ដាក់ទុនក្នុងអាជីវកម្ម ទីផ្សារមូលបត្រ អចលនទ្រព្យ ឬទ្រព្យក្នុងទម្រង់ផ្សេងទៀត ប្រសិនបើអ្នកជ្រើសត្រូវ នោះវានឹងចេញផ្លែផ្កាវិញនៅចន្លោះពេលវេលាណាមួយ ប្រៀបដូចការវិនិយោគរបស់លោក Peter ក្នុងក្រុមហ៊ុន Wilmar ដូច្នោះដែរ។ ក៏ប៉ុន្តែ គប្បីសម្រេចចិត្តដោយផ្អែកលើការសិក្សា ជំនាញ និងទិន្នន័យច្បាស់លាស់។
គំរូជាក់ស្ដែង មើលលើការលក់ភាគហ៊ុន Wilmar ក្នុងឆ្នាំ ២០១០ គឺជាពេលវេលាភាគហ៊ុនដែលរបស់ក្រុមហ៊ុននេះឡើងថ្លៃខ្ពស់បំផុត។ លោក Peter Lim បានវិនិយោគក្នុងក្រុមហ៊ុន Wilmar តាំងពីវាបើកដំណើរការដំបូង រួចគាត់រក្សាទុកវាទោះបីត្រូវការលុយដើម្បីទូទាត់សំណងលែងលះ និងដល់ពេលក្រុមហ៊ុន Wilmar ឡើងផ្សារហ៊ុននៅឆ្នាំ ២០០០ ក៏មិនទាន់លក់ចេញ រួចរក្សាទុកវាបន្តដល់កំណត់ត្រាតម្លៃខ្ពស់ឆ្នាំ ២០០៧ ឆ្លងកាត់ការធ្លាក់ចុះវិញយ៉ាងគំហុកតាមវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។ គាត់បានរង់ចាំដល់ដើមឆ្នាំ ២០១០ ទើបគាត់សម្រេចចិត្តលក់ ដោយប្រមូលផលជាទឹកប្រាក់ ១៥០០លានដុល្លារ។ ចាប់ពីពាក់កណ្ដាលឆ្នាំ ២០១០ មកទល់ឆ្នាំ ២០២៥ នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Wilmar បានធ្លាក់ចុះមិនទាន់អាចឡើងវិញដល់កម្រិតដើមឆ្នាំ ២០១០ នៅឡើយទេ ដែលនេះបង្ហាញពីការជ្រើសរើសពេលវេលាលក់ដ៏ត្រឹមត្រូវ និងផ្អែកលើជំនាញរបស់លោក Peter Lim៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0