ដំណើររឿងរបស់សាជីវកម្មគ្រួសារម្ចាស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរបស់ថៃ គោជល់

May 08, 2025
1Min Read
265 Views

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែលជាក្រុមហ៊ុនរបស់គ្រួសារមហាសេដ្ឋីពាន់លានដុល្លារនៃប្រទេសថៃ ប៉ុន្តែតើអ្នកដឹងថាក្រុមហ៊ុននេះត្រូវបានបង្កើតឡើង និងរីកសុះសាយពាសពេញពិភពលោកដោយនរណា និងរបៀបណា ឬទេ? 

អាជីវកម្មរបស់ពួកគេត្រូវបានបង្កើតឡើងដំបូងដោយលោក Chaleo Yoovidhya។ ដើមឡើយ លោក Chaleo កើតឆ្នាំ១៩២៣ គឺជាកូនប្រុសទីបីក្នុងចំណោមបងប្អូនចំនួន ០៥នាក់ដែលមានឪពុកឈ្មោះ Seng Saesee ជាជនជាតិចិនភាសខ្លួនមករស់នៅប្រទេសថៃ។ គ្រួសាររបស់ពួកគេមានជីវភាពក្រីក្រ ដោយប្រកបមុខរបរលក់ផ្លែឈើបន្តិចបន្តួច និងចិញ្ចឹមទាដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងខេត្ត Phichit ប្រទេសថៃ។ ដោយសារជីវភាពលំបាកពេក លោក Chaleo បានបោះបង់ការសិក្សាទាំងវ័យក្មេងដើម្បីជួយការងារឪពុកម្តាយ។ លុះដល់ធំពេញវ័យ គាត់បានតាំងចិត្តជំនះភាពក្រីក្រ រួចបានចាកចាញពីស្រុកកំណើតទៅទីក្រុងបាងកក និងបានធ្វើការក្នុងហាងលក់វត្ថុធាតុគីមី ជាអ្នកបើកឡានក្រុង និងក្រោយមកធ្វើការនៅហាងលក់ថ្នាំពេទ្យ។ រហូតដល់ឆ្នាំ១៩៥៦ ពេលលោក Chaleo មានអាយុ ៣៣ឆ្នាំ ទើបគាត់មានលទ្ធភាពបើកក្រុមហ៊ុនផលិតថ្នាំពេទ្យដោយខ្លួនឯងមួយឈ្មោះ T.C. Pharmaceutical ដែលផលិតប្រភេទថ្នាំពេទ្យមួយចំនួន និងផលិតផលប្រើប្រាស់ដូចជាសាប៊ូ ម្សៅលាបខ្លួន និងថ្មាំដុសធ្មេញជាដើម។ បន្តិចក្រោយមក លោក Chaleo សង្កេតឃើញថាប្រជាជនថៃ ជាពិសេសកម្មករ និងក្រុមមនុស្សធ្វើការពេលយប់មានតម្រូវការភេសជ្ជៈប៉ូវកម្លាំងច្រើន ប៉ុន្តែកាលនោះទីផ្សារភេសជ្ជៈប៉ូវកម្លាំងនៅថៃកំពុងគ្រប់គ្រងដោយយីហោភេសជ្ជៈរបស់ជប៉ុន Lipovitan D ដែលលក់បានតម្លៃខ្ពស់។ 

លោក Chaleo បានសិក្សាតម្រូវការរបស់ប្រជាជនថៃ និងព្យាយាមផ្សំរូបមន្តផលិតភេជ្ជៈប៉ូវកម្លាំងថ្មីមួយរហូតបានជោគជ័យ និងដាក់លក់ដំបូងនៅឆ្នាំ ១៩៧៦ ក្រោមឈ្មោះថា ក្រាទីងដែង លក់ក្នុងតម្លៃប្រហែល ១ពាន់ពីររយរៀលខ្មែរ។ ភេសជ្ជៈនេះបានជោគជ័យក្នុងទីផ្សារថៃយ៉ាងឆាប់រហ័ស តាមរយៈការធ្វើទីផ្សារផ្តោតលើអតិថិជនគោលដៅជាអ្នកធ្វើពលកម្មច្រើន និងសម្រុកផ្សព្វផ្សាយក្នុងកម្មវិធីកីឡាប្រដាល់ធំៗនៅទីក្រុងបាងកក។ ក្រោយមកត្រូវបានពង្រីកវត្តមានទៅក្រៅប្រទេសនៅឆ្នាំ ១៩៧៨ ទៅប្រទេសសិង្ហបុរី ដែលជាទីផ្សារបរទេសទីមួយរបស់គោជល់ និងបន្តមកទៀតពង្រីកទៅទីផ្សារហុងកុងក្នុងឆ្នាំ ១៩៨០។ 

គ្រាសំណាងមួយបានមកដល់ នៅឆ្នាំ ១៩៨២ មានជនជាតិអូទ្រីសម្នាក់ឈ្មោះ Dietrich Mateschitz គឺជាអ្នកជំនាញខាងធ្វើទីផ្សារ បានធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មមកប្រទេសថៃ និងបានរកទិញភេសជ្ជៈប៉ូវកម្លាំងផឹកដើម្បីបំបាត់ការងងុយដេក។ ភេសជ្ជៈដែលគាត់ទិញនោះគឺក្រាទីងដែងនោះឯង។ ផឹករួច គាត់កត់សម្គាល់ថាវាមិនត្រឹមតែអាចបំបាត់ងងុយដេកនោះទេ ពោលវាថែមទាំងអាចបំបាត់អាការៈពុលយន្តហោះរបស់គាត់ទៀតផង។ លោក Dietrich ជាប់ចិត្តចង់នាំភេសជ្ជៈប៉ូវកម្លាំងរបស់ថៃមួយនេះទៅលក់នៅទីផ្សារអឺរ៉ុប រួចបានជួបលោក Chaleo នៅឆ្នាំ១៩៨៤ ដើម្បីពិភាក្សាពីគម្រោងរបស់គាត់។

លោក Dietrich បានស្វែងរកអ្នកវិនិយោគ និងប្រឹក្សាជាមួយអ្នកស្រាវជ្រាវទីផ្សារនៅអ៊ឺរ៉ុប ប៉ុន្តែមិនទទួលបានការឆ្លើយតបវិជ្ជមាននោះឡើយ ព្រោះពួកគេយល់ថា ទាំងឈ្មោះ(ក្រាទីងដែង) វត្ថុធាតុផ្សំ និងសំបកវេចខ្ចប់ គឺពុំអាចជ្រៀតចូលទីផ្សារបានឡើយ។ ប៉ុន្តែលោក Dietrich នៅតែជឿលើគម្រោងរបស់គាត់ និងសម្រេចវិនិយោគប្រាក់សរុបចំនួន ១លានដុល្លារដើម្បីបើកក្រុមហ៊ុនរួមគ្នាថ្មីមួយជាមួយលោក Chaleo ដោយវិនិយោគម្នាក់ ៥០ម៉ឺនដុល្លារ កាន់កាប់ភាគហ៊ុនម្នាក់ ៤៩% និងនៅសល់ ២% ត្រូវបានប្រគល់ឲ្យលោក Chalerm Yoovidhya ដែលជាកូនប្រុសច្បងរបស់លោក Chaleo។ នៅពេលនោះហើយដែលឈ្មោះ Red Bull ត្រូវបានបង្កើតឡើងដំបូង ស្ថិតក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុន Red Bull MmbH នៅប្រទេសអូទ្រីស។ រូបឡូហ្គូគោជល់មានព្រះអាទិត្យនៅកណ្ដាល និងវត្ថុធាតុផ្សំត្រូវបានរក្សាដូចក្រាទីងដែងនៅថៃដដែល ប៉ុន្តែដើម្បីងាយស្រួលធ្វើទីផ្សារនៅអ៊ឺរ៉ុប និងពិភពលោក  លោក Dietrich បានប្រើឈ្មោះថ្មី គឺ Red Bull រចនាសំបកកំប៉ុងថ្មី និងបន្ថែមជាតិកាបូណាត។

Red Bull ត្រូវបានដាក់លក់ដំបូងនៅប្រទេសអូទ្រីសនាខែមេសាឆ្នាំ១៩៨៧។ ចាប់ផ្តើមដំបូង លោក Dietrich បានប្រើវិធីសាស្ត្រផ្សព្វផ្សាយទីផ្សារ ដោយយកកូនឡានដឹកសំបកកំប៉ុង Red Bull ធ្វើដំណើរតាមផ្លូវ និងតំបន់កំសាន្តល្បីៗ និងចែកឲ្យផឹកហ្វ្រីៗ។ លើសពីនេះ លោក Dietrich បានប្រើវិធីសាស្ត្រដ៏ប្លែកមួយ តាមរយៈការជួលសិស្សសាលាកូនអ្នកមានៗឲ្យធ្វើជាអ្នកផ្សព្វផ្សាយយីហោ និងរៀបចំពិធីជប់លៀង រួចហៅមិត្តភក្តិរបស់ពួកគេទៅចូលរួម និងទទួលបានគោជល់ផឹកដោយឥតគិតថ្លៃ។ យុទ្ធសាស្ត្រផ្សព្វផ្សាយនេះពិតជាមានប្រសិទ្ធភាព ដោយ Red Bull ចាប់ផ្តើមក្លាយជាភេសជ្ជៈសម្រាប់លាយជាមួយស្រាក្រឡុក និងនិយមផឹកនៅក្នុងក្លឹបកំសាន្តនានា។ ជាលទ្ធផល គោជល់ត្រូវបានលក់បានជាង១លានកំប៉ុងនៅអូទ្រីសក្នុងឆ្នាំដំបូង។ ក្រោយពីពេលនោះមក លោក Dietrich ចង់ឲ្យគោជល់ត្រូវបានប្រជាជនអឺរ៉ុបទិញទៅផឹកជាទូទៅ ពោលពុំមែនគ្រាន់តែផឹកក្នុងកម្មវិធីជប់លៀង និងក្លឹបកំសាន្តនោះទេ ដូច្នេះគាត់ក៏បន្ថែមយុទ្ធនាការទីផ្សារថ្មីមួយទៀត ក្រោមពាក្យស្លោក “Red Bull Gives You Wings” ក្នុងគោលដៅចាប់យកអ្នកមានតម្រូវការប្រើពលកម្ម។ ដើម្បីសម្រេចគោលដៅ Red Bull បានចាប់ផ្ដើមជះលុយធ្វើជាអ្នកឧបត្ថម្ភក្នុងកម្មវិធីប្រកួតកីឡា និងសកម្មភាពកីឡាផ្សេងៗ។ វិធីនេះពុំថ្មីឡើយសម្រាប់ Red Bull ព្រោះវាជាយុទ្ធសាស្ត្រដែលត្រូវបានប្រើដោយលោក Chaleo នៅប្រទេសថៃ ផ្សព្វផ្សាយតាមរយៈកីឡាប្រដាល់រួចហើយ។ លោក Dietrich បានយក Red Bull ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដំបូងនៅឆ្នាំ ១៩៩១ និងបន្តឧបត្ថម្ភក្នុងកម្មវិធីកីឡាធំៗចាប់ពីពេលនោះមក មិនថាកីឡាក្នុងទឹក លើដី លើអាកាស លើទឹកកក និងលើភ្នំនោះឡើយ។ ពីឆ្នាំ ១៩៩២ ទៅ Red Bull បានវាយលុកទីផ្សារយ៉ាងឆាប់រហ័សស្ទើរគ្រប់ប្រទេសក្នុងទ្វិបអឺរ៉ុប ចូលដល់ទីផ្សារអាមេរិកនៅឆ្នាំ ១៩៩៧។ បច្ចុប្បន្ន Red Bull ត្រូវបានដាក់លក់នៅក្នុងប្រទេសជាង ១៥០។ កាលពីឆ្នាំ ២០២២ Red Bull ត្រូវបានលក់បានចំនួន ១១.៦ពាន់លានកំប៉ុងនៅទូទាំងពិភពលោក ដែលគិតជាប្រាក់ចំណូលមិនក្រោម១០ពាន់លានដុល្លារនោះឡើយ។ នេះគ្រាន់តែប្រាក់ចំណូលរបស់ក្រុមហ៊ុន Red Bull MmbH ពុំទាន់គិតចំណូលពីការលក់ ក្រាទីងដែង ដែលស្ថិតក្រោមក្រុមហ៊ុន TCP។ 

ក្រៅពីផ្សព្វផ្សាយទីផ្សារតាមរយៈការធ្វើជាអ្នកឧបត្ថម្ភដល់កីឡាករ និងព្រឹត្តិការណ៍ប្រកួតកីឡានានា ក្រុមហ៊ុន Red Bull ក៏ជាម្ចាស់ក្លឹបកីឡាល្បីៗផងដែរ។ ក្រុមហ៊ុននេះបានទិញយកក្រុមប្រណាំងរថយន្ត Formular-1, Red Bull Racing ពីក្រុមហ៊ុនផលិតរថយន្ត Ford Motor កាលពីឆ្នាំ ២០០៤ និងជាម្ចាស់ក្លឹបបាល់ទាត់ដូចជា RB Leipzig, Red Bull Salzburg និង New York Red Bulls ជាដើម។ លោក Dietrich បានទទួលមរណភាពនៅខែ តុលា ឆ្នាំ២០២២ ក្នុងអាយុ ៧៨ឆ្នាំ។ 

ងាកទៅនិយាយអំពីក្រុមហ៊ុន TC Pharma នៅប្រទេសថៃរបស់លោក Chaleo ឯនោះវិញ បន្ទាប់ពីនាំយកគោជល់ទៅអឺរ៉ុប ក្រុមហ៊ុននេះក៏បានបញ្ចេញភេសជ្ជៈមួយប្រភេទទៀតសម្រាប់បំពេញជាតិទឹកក្នុងខ្លួន និងត្រូវបានដាក់ឈ្មោះថា Sponsor ហើយផលិតផលនេះក៏កំពុងពេញនិយមនៅទីផ្សារកម្ពុជាយើងដែរ។ ចាប់ពីពេលនោះមក ក្រោមការគ្រប់គ្រង និងដឹកនាំរបស់លោក Chaleo  គាត់បានបង្កើតអាជីវកម្មមួយចំនួនទៀតបន្ថែមពីលើ T.C. Pharmaceutical តួយ៉ាងមានក្រុមហ៊ុនដឹកជញ្ជូន Durbell ក្រុមហ៊ុនតម្លើងម៉ាស៊ីន T.G Vending មន្ទីពេទ្យ Piyavate និងមានភាគហ៊ុននៅក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសថៃ។ លោក Chaleo បានទទួលមរណភាពនៅឆ្នាំ ២០១២ ក្នុងអាយុ ៨៨ឆ្នាំ ហើយសាជីវកម្មគ្រួសារ និងទ្រព្យសម្បត្តិត្រូវបានគ្រប់គ្រងបន្តដោយកូនប្រុសស្រីទាំង ១១នាក់របស់គាត់។ ស្ថាបនិកគោជល់រូបនេះមានប្រពន្ធចំនួនពីរនាក់ ដោយប្រពន្ធទីមួយឈ្មោះ Noklek Sodri មានកូនចំនួន ៥នាក់ ប៉ុន្តែក្រោយមកបានលែងលះគ្នា និងបានរៀបការម្ដងទៀតជាមួយអ្នកស្រី Bhavana Langdhara ជាប្រពន្ធទីពីរ និងមានកូនចំនួន ៦នាក់។ លោក Chaleo ត្រូវបានចាត់ទុកជាបុរសដែលបាននាំមោទកភាពដល់ប្រជាជនថៃ និងភាពល្បីល្បាញដល់ប្រទេសថៃ តាមរយៈភេសជ្ជៈគោជល់ដែលកំពុងត្រូវបានដាក់លក់នៅជាងមួយរយប្រទេសទូទាំងពិភពលោក។

បន្ទាប់ពីជំនាន់លោក Chaleo សាជីវកម្មនៃត្រកូល យ៉តវិឆា នៅប្រទេសថៃ និងតំបន់អាស៊ី ត្រូវបានដឹកនាំបន្តដោយកូនប្រុសស្រីរបស់គាត់ ខណៈដំណែង CEO បច្ចុប្បន្នរបស់ក្រុមហ៊ុននេះ គឺគ្រប់គ្រងដោយកូនប្រុសពៅរបស់លោក Chaleo មានឈ្មោះ Saravoot Yoovidhya ។ នៅឆ្នាំ២០១៨ សាជីវកម្មគ្រួសាររបស់លោក Chaleo បានបង្កើតក្រុមហ៊ុនមេមួយឈ្មោះ TCP Group ដើម្បីគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ។ ក្រៅពីគោជល់ ឬ Kratingdaeng និង Sponsor គិតត្រឹមបច្ចុប្បន្នសម្ព័ន្ធក្រុមហ៊ុន TCP Group ក៏ផលិត និងចែកចាយភេសជ្ជៈមួយចំនួនផ្សេងទៀតដែររួមមាន Warrior, Somplus, Ready, ទឹកតែ Puriku, ទឹកវីតាមីន Hi! X DHC និង Mansome ជាដើម។ 

សរុបជារួមមក ទាំង TCP Group និង Red Bull គឺមានគ្រួសារជនជាតិថៃមួយនៅពីក្រោយ និងជាម្ចាស់កម្មសិទ្ធិ។ ពួកគេគឺគ្រួសារត្រកូល យ៉តវិឆា ហើយបច្ចុប្បន្ន សាជីវកម្មរបស់គ្រួសារនេះកំពុងគ្រប់គ្រងដោយជាជំនាន់ទីពីររបស់ពួកគេ។ គ្រួសារមួយនេះគឺជាគ្រួសារដ៏មានឥទ្ធិពលមួយនៅប្រទេសថៃ។ ម្នាក់ចំណោមពួកគេ គឺលោក Chalerm ដែលជាកូនប្រុសច្បងរបស់លោក Chaleo បច្ចុប្បន្នគឺជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទីពីររបស់ប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសរុបគិតជាប្រាក់ចំនួន ៣៦ពាន់លានដុល្លារអាមេរិក គិតត្រឹមខែឧសភាឆ្នាំ២០២៥នេះ នេះបើតាមសន្ទស្សន៍មហាសេដ្ឋី Forbes៕ 

Writer: Jin Zakarin

Editor: Ran Bunrath

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider