លោក ស៊ុន ចាន់ថុល អតីតអ្នកគ្រប់គ្រងនៅក្រុមហ៊ុនអាមេរិក GE ដែលដឹកនាំចរចាពន្ធជាមួយអាមេរិក

May 11, 2025
1Min Read
37 Views

ប្រធានាធិបតីអាមេរិក Donald Trump នៅពេលគាត់ឡើងកាន់អំណាចក្នុងអាណត្តិទី២ បន្តពីលោក Joe Biden គាត់ចាប់ផ្ដើមបន្តអនុវត្តនយោបាយតម្លើងពន្ធគយរបស់គាត់ជាថ្មី ហើយលើកនេះគាត់មកជាមួយផែនការធំជាងមុនទៅទៀត ពោលមិនមែនតែជាមួយចិនទេ ប៉ុន្តែគ្រប់ប្រទេសទាំងអស់តែម្ដងចាប់ពី ១០% ឡើង ខណៈប្រទេសកម្ពុជាជាប់ ៤៩% ស្ថិតក្នុងការពន្យាពេលអនុវត្តរយៈពេល ៩០ថ្ងៃ ដើម្បីចរចាទម្លាក់ពន្ធខ្ពស់វិញ។ គិតត្រឹមថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៥នេះ ក្រុមចរចារបស់កម្ពុជាបានធ្វើដំណើរទៅដល់ទឹកដីអាមេរិក ដើម្បីចរចាបញ្ហាពន្ធនេះជាមួយរដ្ឋបាលលោក Donald Trump ដែលនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់ទី១៥ខែឧសភាដដែល។

លទ្ធផល គឺអាស្រ័យលើក្រុមចរចារបស់ប្រទេសនីមួយៗ ឬអាស្រ័យលើផែនការរបស់លោក Trump! ប្រទេសជិតខាងរបស់យើង ពួកគេមាន Vietnam Team, Thai Team ហើយកម្ពុជាយើងក៏មានក្រុមដឹកនាំដំណើរការចរចានេះដែរ គឺឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-អាមេរិក ត្រួសត្រាយផ្លូវសម្រាប់ការចរចាជាមួយរដ្ឋបាលលោក Trump។ ប៉ុន្តែតើ លោក ស៊ុន ចាន់ថុល ជានរណា ហើយហេតុអ្វីគាត់ក្លាយជាជម្រើសល្អបំផុត និងជាក្ដីសង្ឃឹមក្នុងបេសកកម្មនេះ? លោក ស៊ុនចាន់ថុល ជាមន្ត្រីជាន់ខ្ពស់មួយរូបបានអូសទាញក្រុមហ៊ុនបរទេសជាច្រើនមកបើករោងចក្រនៅស្រុកខ្មែរក្នុងរយៈពេល ៣ទស្សវត្សមកនេះ ដូច្នេះតើរោងចក្រមួយចំនួនក្នុងចំណោមនោះ នឹងត្រូវបិទទ្វាវិញដោយសារពន្ធរបស់លោក Trump នៅ៣ខែបន្ទាប់ដែរទេ ឬក៏គាត់អាចទាញឧបសគ្គពន្ធនេះចេញវិញ?

លោក ស៊ុន ចាន់ថុល កើតឆ្នាំ១៩៥៦។ នៅពេលគាត់អាយុ ១៧ឆ្នាំ ពោលនៅឆ្នាំ១៩៧៣ មុនសម័យខ្មែរក្រហម ឪពុករបស់គាត់បានបញ្ជូនគាត់ពីព្រលានយន្តហោះភ្នំពេញទៅកាន់សហរដ្ឋអាមេរិកតែម្នាក់ឯង ជាមួយលុយតែ ៥០ដុល្លារនៅជាប់ខ្លួន។ នៅពេលទៅដល់ទឹកដីអាមេរិក គាត់ត្រូវរស់នៅដោយខ្លួនឯង ពេលថ្ងៃរៀនភាសាអង់គ្លេស ហើយពេលយប់ឆ្លៀតធ្វើការក្រៅម៉ោងជាអ្នកលាងចាននៅតាមភោជនីយដ្ឋានដើម្បីរកប្រាក់ផ្គត់ផ្គង់ការរស់នៅ និងរៀនសូត្រ។ បន្ទាប់មកគាត់ទទួលបានអាហាររូបករណ៍ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ចកម្មនៅសាលា Wharton School Of Business របស់សាកលវិទ្យាល័យ Pennsylvania ។ គាត់បានចូលធ្វើការនៅក្រុមហ៊ុនដ៏ធំរបស់អាមេរិក General Electric ឬហៅកាត់ GE រយៈពេល ១៦ឆ្នាំ ពីតំណែងទាប ជាអ្នកគ្រប់គ្រងបុគ្គលិកហាត់ការ ឡើងដល់តំណែងអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់។ ក្នុងរយៈពេល ១៦ឆ្នាំ ធ្វើការឲ្យ GE គាត់ក៏ធ្លាប់ត្រូវបានបញ្ជូនមកធ្វើការជាអ្នកគ្រប់គ្រងសាខាអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកខាងលើនៅប្រទេសបារាំង និងចុងក្រោយត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងក្រុមហ៊ុន GE ប្រចាំប្រទេសថៃរហូតដល់ឆ្នាំ១៩៩៤។ ក្រោយប្រទេសកម្ពុជាចាប់ផ្ដើមមានសន្តិភាពឡើងវិញ រដ្ឋាភិបាលកម្ពុជាសម័យនោះបានអញ្ញើញលោក ចាន់ថុល ឲ្យមកជួយរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយសារតែមើលឃើញគាត់មានចំណេះដឹង និងបទពិសោធន៍ធ្វើការឲ្យក្រុមហ៊ុនលំដាប់ពិភពលោក។ គាត់ត្រឡប់មកប្រទេសកំណើតវិញដំបូងនៅឆ្នាំ១៩៩២ ប៉ុន្តែនៅឆ្នាំ១៩៩៤ ទើបគាត់សម្រេចត្រឡប់មកយូរឆ្នាំ និងជួយរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឬហៅកាត់ CDC ព្រមទាំងរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈក្នុងផ្នែកមួយចំនួនទៀត។ 

ចាប់ពីឆ្នាំ១៩៩៤ គាត់បានធ្វើជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ នៅឆ្នាំ១៩៩៧ គាត់បានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ បើកអាជីវកម្មផ្ទាល់ខ្លួន និងបន្តការសិក្សាថ្នាក់ Master ផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ Harvard។ ដល់ឆ្នាំ១៩៩៩ បានវិលមកប្រទេសកម្ពុជាវិញជាអចិន្ត្រៃយ៍ និងបានបើកក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួនឈ្មោះ Son Chanthol Investment និងស្របពេលគ្នានោះ ក៏បានធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានរដ្ឋសភាដែរ រួចហើយដល់នៅឆ្នាំ២០០៣ បានក្លាយជាតំណាងរាស្ត្រខេត្តកណ្ដាល។ 

នៅឆ្នាំ២០០៤-២០០៨ គាត់បានងាកពីវិស័យឯកជនចូលធ្វើមន្ត្រីជាន់ខ្ពស់ឡើងវិញ ដោយកាន់តំណែង រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងជញ្ជូន។ នៅឆ្នាំ២០០៩ គាត់ចូលរួមជាមួយគណៈបក្សប្រជាជនកម្ពុជា។ ពីឆ្នាំ២០០៨-២០១៣ គាត់កាន់តំណែងទេសរដ្ឋមន្ត្រី និងអនុប្រធាន CDC។ ពីឆ្នាំ២០១៣-២០១៦ កាន់តំណែងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងនៅឆ្នាំ២០១៦-២០២៣ គាត់បានត្រឡប់ទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងជញ្ជូនវិញ។ ចាប់ពីឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

រយៈពេល ៣០ឆ្នាំ បន្ទាប់ពីលាឈប់ពីក្រុមហ៊ុន GE រួចចូលធ្វើការក្នុងជួររដ្ឋាភិបាល លោក ស៊ុន ចាន់ថុល បានធ្វើការត្រូវតាមជំនាញសិក្សា និងបទពិសោធន៍ការងាររបស់លោកនៅអាមេរិក ព្រមទាំងតាមចំណង់ចំណូលចិត្ត ហើយបច្ចុប្បន្ននេះគាត់កំពុងដើរតួនាទីសំខាន់ក្នុងការទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគនៅកម្ពុជា។ នៅអំឡុងឆ្នាំ២០១៣-២០១៦ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាត់បានប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់គាត់នៅតាមក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ឲ្យជួយផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា។ ក្នុងតំណែងជារដ្ឋមន្ត្រីនៅក្រសួងទាំងពីរខាងលើ គាត់បានដឹកនាំកែល្អប្រព័ន្ធរដ្ឋបាលឲ្យទំនើបដើម្បីកាត់បន្ថយសកម្មភាពពុករលួយទារប្រាក់ក្រៅផ្លូវការពីអ្នកវិនិយោគ តាមរយៈការផ្លាស់ប្ដូររបៀបផ្ដល់សេវាកម្មទៅលើប្រព័ន្ធឌីជីថល តួយ៉ាងការស្នើចុះបញ្ជីក្រុមហ៊ុន ការស្នើសុំវិញាបណ្ណបត្រប្រភពទំនិញ Cetificate of Origin និងការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញជាដើម។ គម្រោងវិនិយោគធំមួយមានតម្លៃ ៥០០លានដុល្លារ ដែលគាត់បានទាក់ទាញមកកាលពីពេលថ្មីៗនេះ គឺរោងចក្រផលិតសំបកកង់របស់ចិន Wanli Tire កំពុងសាងសង់ត្រៀមបើកដំណើរការឆាប់ៗនៅខេត្តស្វាយរៀង។

មកដល់សប្ដាហ៍ទីពីរនៃខែឧសភាឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល កំពុងទទួលភារកិច្ចសម្របសម្រួលជាមួយរដ្ឋបាលលោក Donald Trump ដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក និងចរចាលើពន្ធដែលតម្លើងលើទំនិញផលិតនៅកម្ពុជា ៤៩% ដែលលោក Trump ពន្យាពេលអនុវត្តក្នុងអំឡុងពេល ៩០ថ្ងៃនេះ។ ផ្អែកលើចំណេះដឹង បទពិសោធន៍ការងារ និងបណ្ដាញទំនាក់ទំនងរបស់គាត់ជាមួយក្រុមហ៊ុនឯកជនធំៗរបស់អាមេរិក លោក ស៊ុន ចាន់ថុល ត្រូវបានគេមើលឃើញថាជាជម្រើសល្អបំផុតក្នុងបេសកកម្មនេះ ខណៈលោកស្រីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធានគយ និងមន្ត្រីជាន់ខ្ពស់៦រូបទៀតជាសមាជិកក្រុមការងារចំពោះកិច្ច និងកំពុងដឹកនាំក្រុមចរចាធ្វើដំណើរទៅអាមេរិក។ 

សូមជម្រាបថា កាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាមេរិកសម្រេចបានសរុបចំនួន ១០,១៨ពាន់់លានដុល្លារ។ នេះបើតាមទិន្នន័យកត់ត្រាដោយភាគីកម្ពុជា។ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅអាមេរិកចំនួន ៩៩១៦លានដុល្លារ កើនឡើងជាង១ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០២៣។ ទំនិញដែលកម្ពុជាបាននាំទៅអាមេរិកច្រើនជាងគេ លំដាប់ទី១គឺសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ។ លំដាប់ទីពីរគឺគ្រឿងសង្ហារឹម លេខ៣គឺឧបករណ៍អគ្គិសនី និងបំណែករបស់វា និងលំដាប់លេខ៤ គឺសំបកកង់រថយន្ត។ ដោយឡែកទំហំទំនិញដែលកម្ពុជានាំចូលពីអាមេរិកមកវិញ មានចំនួនត្រឹមតែ ២៦៤លានដុល្លារប៉ុណ្ណោះ ហើយទំនិញដែលកម្ពុជានាំចូលពីអាមេរិកច្រើនជាងគេ គឺមិនមែនជា iPhone ឬយានជំនិះទេ ប៉ុន្តែជាកាកសំណល់ពីឧស្សាហកម្មចំណីអាហារ និងចំណីកែច្នៃសម្រាប់សត្វ។ 

ប្រភព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

បន្ទាប់ពីការចរចានៅសប្ដាហ៍នេះ លទ្ធផលបណ្ដោះអាសន្នអាចនឹងអាចចេញរយៈពេលខ្លីភ្លាមៗ និងសម្រេចជាផ្លូវការនាអំឡុងពេលពីរខែបន្ទាប់ ប៉ុន្តែឥឡូវនេះ ហានិភ័យ ឬឱកាស គឺសង្ឃឹមលើឯកឧត្តម ស៊ុន ចាន់ថុល។ ប្រសិនបើបេសកកម្មនេះមិនអាចសម្រេចបានលទ្ធផលល្អ នោះហានិភ័យ គឺប្រឈមទាំងអស់គ្នា មិនថាអ្នកមាននិន្នាការនយោបាយទៅខាងណា អ្នកមានអ្នកក្រ និងសូម្បីតែសេដ្ឋីម្ចាស់ក្រុមហ៊ុនធំៗ ព្រោះទាល់តែសេដ្ឋកិច្ចប្រទេសកើនទើបអាជីវកម្មរបស់ពួកគេងាយស្រួលលូតលាស់។ ផ្ទុយទៅវិញ ប្រសិនបើក្រុមចរចារបស់កម្ពុជា សម្រេចបានលទ្ធផលល្អ ទាំងអស់គ្នាក៏នឹងអាចបន្តទទួលបានឱកាសទទួលផលពីជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកបន្តទៀត។ 

លទ្ធផលដែលយើងចង់បាន គឺធ្វើយ៉ាងណាទទួលបានការលើកលែង ឬបន្ថយពន្ធលើទំនិញកម្ពុជាមកអត្រាមួយ អាចប្រកួតប្រជែងជាមួយប្រទេសគូប្រជែងរបស់យើងដូចជា វៀតណាម បង់ក្លាដេស និងថៃជាដើម  ក្នុងឧស្សាហកម្មសំខាន់ៗដែលកម្ពុជាកំពុងពឹងផ្អែក។ យើងចង់ការពារការងារកម្មកររោងចក្រ យើងចង់ពង្រឹងផលិតកម្ម បង្កើនការនាំចេញ ទាក់ទាញទុនវិនិយោគបរទេស និងចង់រក្សាទីផ្សារអាមេរិកក្នុងពេលដំណាលគ្នា ក៏ប៉ុន្តែដើម្បីទទួលបានវាក្នុងដំណើរចរចានេះ យើងក៏ត្រូវផ្ដល់អ្វីដែលភាគីអាមេរិកចង់បានដូចគ្នា។ 

ក្នុងរយៈពេល ៩០ថ្ងៃនេះ លោក Trump មានប្រទេសជាង ៧០ផ្សេងទៀត រួមមានទាំងប្រទេសអ្នកមានច្រើនណាស់កំពុងរង់ចាំវេនចូលតុចរចាផ្ដល់ផលប្រយោជន៍ជាថ្នូរនឹងការបន្ថយពន្ធ។ ប្រទេសតូចដូចកម្ពុជានៅក្នុងស្ថានភាពនេះ ប្រហែលជាមន្ត្រីរបស់លោក Trump មិនសូវចាប់អារម្មណ៍នោះទេ ព្រោះពួកគេកំពុងមានត្រីធំៗជាច្រើនសម្រាប់ចាប់។ យ៉ាងណាមិញ ការដែលគេមិនសូវចាប់អារម្មណ៍ វាអាចមានន័យទាំងពីរ គឺពិបាក ឬងាយស្រួលចរចា ឬរដ្ឋបាលលោក Trump អាចនឹងប្រើប្រាស់រូបភាពចរចាជាមួយប្រទេសកម្ពុជា ដើម្បីសម្រេចគោលបំណងណាមួយនៃផែនការរបស់គាត់។ ប្រទេសជិតខាងយើង គឺថៃ កន្លងមកបានសម្រេចពន្យាពេលចរចាជាមួយរដ្ឋបាលលោក Trump ដែលជាតាក់តិកមួយរបស់ពួកគេ ដើម្បីរង់ចាំមើលគំរូរបស់ប្រទេសដែលចូលចរចាមុនសិន។

សរុបមក ប្រសិនបើក្រុមចរចារបស់កម្ពុជា អាចបញ្ចុះបញ្ជូលឲ្យរដ្ឋបាលលោក Trump ទម្លាក់ពន្ធ ៤៩% ឬបន្ថយឲ្យទាបតាមតែអាចធ្វើបាន តាមរយៈការសម្រួលពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅកម្ពុជា និងការផ្ដល់ឲ្យមួយចំនួនទៀត នោះវានឹងក្លាយជារឿងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញ មិនថាបានលទ្ធផលអ្វីក៏ដោយ នៅក្នុងស្ថានភាពបែបនេះ យើងទាំងអស់គ្នាគួរជូនពរ និងផ្ដល់កម្លាំងចិត្តដល់ក្រុមចរចាកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ដើម្បីការពារផលប្រយោជន៍រួមរបស់ខ្មែរ។ នៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គាត់គឺជាកម្លាំងជួរមុខដែលបានខិតខំអូសទាញក្រុមហ៊ុនបរទេសជាច្រើនទាំងពីចិន អឺរ៉ុប ជប៉ុន និងពីប្រទេសផ្សេងទៀត ឲ្យមកវិនិយោគបើករោងចក្រនៅកម្ពុជាក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដូច្នេះគាត់ប្រាកដជាមិនចង់ឲ្យការប្រឹងប្រែងទាំងនោះរងការខូចខាតឡើយ។ រយៈពេលពីរខែទៀតមិនយូរទេ ហើយក្នុងរយៈពេលនេះយើងសង្ឃឹមថាកម្ពុជានឹងជ្រើសផ្លូវដើរត្រូវ នាំយកឱកាសមកវិញច្រើនជាងការប៉ះពាល់៕

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider