ក្រុមហ៊ុនថៃ CP Foods រកប្រាក់ចំណូលបានជាង $13B និងចំណេញ $750M ក្នុងរយៈពេល 09ខែដំបូងឆ្នាំ2025

November 18, 2025
1Min Read
165 Views

ក្នុងរយៈពេល 09ខែដំបូងឆ្នាំ2025 ក្រុមហ៊ុនថៃ Charoen Pokphand Foods ឬ CP Foods ហៅកាត់ CPF រកប្រាក់ចំណូលសរុបបានចំនួន 13.36 ពាន់លានដុល្លារ ថយចុះ 0.4% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្សាយដោយកាសែតថៃ Bangkok Post។

ការធ្លាក់ចុះប្រាក់ចំណូលរបស់ CPF ក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ គឺដោយសារការធ្លាក់ចុះនៅទីផ្សារប្រទេសវៀតណាម។ អាជីវកម្មបុត្រសម្ព័ន្ធរបស់ CPF នៅវៀតណាម មានឈ្មោះ CP Vietnam រកប្រាក់ចំណូលបាន 2.4 ពាន់លានដុល្លារ ក្នុងរយៈពេល 09ខែដំបូងឆ្នាំនេះ ថយចុះ 17% ធៀបនឹងឆ្នាំមុន។ 

ក្នុងចំណោមទីផ្សារទាំងអស់ដែល CPF កំពុងប្រតិបត្តិការ មានតែវៀតណាមមួយប៉ុណ្ណោះដែលធ្លាក់ចុះប្រាក់ចំណូល ខណៈប្រតិបត្តិការនៅប្រទេសចិនរបស់ក្រុមហ៊ុនថៃនេះ សម្រេចបានកំណើន 36% ស្មើប្រាក់ចំនួន 771 លានដុល្លារ ក្នុងរយៈពេល 09 ខែដូចគ្នា។ 

យ៉ាងណាមិញ ទោះបីជាថយចុះប្រាក់ចំណូលក្នុងរយៈពេល 09ខែដំបូង ប៉ុន្តែប្រាក់ចំណេញសុទ្ធរបស់ CPF បានកើន 57% ដល់ចំនួន 750 លានដុល្លារ។ កំណើនប្រាក់ចំណេញនេះជំរុញភាគច្រើនដោយប្រតិបត្តិការក្រៅប្រទេស ខណៈ ពីរភាគបី នៃប្រាក់ចំណូលសរុបរបស់ CPF គឺរកបានមកពីទីផ្សារក្រៅប្រទេសថៃ។ 

បច្ចុប្បន្ន CP Foods កំពុងធ្វើប្រតិបត្តិការដោយផ្ទាល់នៅក្នុងប្រទេសចំនួន 16 និងនាំចេញទៅកាន់ទីផ្សារច្រើនជាង 50 ប្រទេសជុំវិញពិភពលោក។ វៀតណាម គឺជាទីផ្សារធំបំផុតលំដាប់ទីពីររបស់ CPF បន្ទាប់ពីប្រទេសថៃ ដោយប្រាក់ចំណូលរកបានពីវៀតណាម ស្មើនឹង 18% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនថៃខាងលើ។ ទីផ្សារហ្វីលីពីន និងចិន ក៏ជាប្រភពប្រាក់ចំណូលសំខាន់របស់ CPF ដែរ។ 

សូមជម្រាបថា CPF គឺជាអាជីវកម្មផ្នែកចំណីអាហារ ស្ថិតក្រោមសម្ព័ន្ធសាជីវកម្មគ្រួសារ CP Group ដែលរកប្រាក់ចំណូលសរុបបានចំនួនលើស 100 ពាន់លានដុល្លារកាលពីឆ្នា​ 2024។ ក្រុមហ៊ុន CP Group រកស៊ីក្នុងវិស័យធំៗចំនួន 8 ប្រតិបត្តិដោយផ្ទាល់នៅក្នុងប្រទេសចំនួន 23 និងដោយប្រយោលតាមរយៈការនាំចេញទៅកាន់ប្រទេសជុំវិញពិភពលោក។ ក្រុមហ៊ុនមានអាយុកាល 103ឆ្នាំ ឆ្លងកាត់គ្រួសារបីជំនាន់នេះ កំពុងរកស៊ីក្នុងវិស័យកសិ-ឧស្សាហកម្ម ចំណីអាហារ លក់ដុំ និងរាយ ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ ជីវសាស្ត្រ និងបច្ចេកវិទ្យា៕

5cc02dd1673a150ff8719c58_800x0xcover_0csSO0oK.jpg

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider