តាមរយៈសារមួយដែលត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ Truth Social របស់ខ្លួននៅថ្ងៃសុក្រ ខែឧសភានេះ លោកប្រធានាធិបតី Donald Trump បាននិយាយថា "ពន្ធ ៨០% លើប្រទេសចិនហាក់ដូចជាអត្រាត្រឹមត្រូវ!”។ លោក Trump បានបង្ហើបទំនងដូចជាចង់ស្ទង់ជំហរ ឬចង់ឲ្យចិនដឹងទៀតថា លោក Scott Bessent នឹងមានសិទ្ធិសម្រេចនៅពេលជួបចរចាជាមួយភាគីចិន។
កត់សម្គាល់ថា សារនេះត្រូវបានបង្ហោះចំពេលដែលលោក Scott Bessent រដ្ឋលេខាធិការរតនាគារអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីសនៅចុងសប្តាហ៍នេះ ដើម្បីចរចាបញ្ហាពាណិជ្ជកម្មដោយផ្ទាល់ និងជាលើកដំបូងជាមួយប្រទេសចិន ចាប់ពីពេលរដ្ឋបាលលោក Trump បើកសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក្នុងអាណត្តិទីពីររបស់លោក។ អត្រា ៨០% ដែល Trump បានស្នើលើបណ្ដាញសង្គមនេះ គឺជាការបញ្ចុះអត្រាពន្ធយ៉ាងច្រើន ធៀបនឹងអត្រាដែលគាត់ទើបបានតម្លើងលើចិនដល់ ១៤៥%។
មុនការបង្ហោះចង់បន្ថយពន្ធលើចិនវិញនេះ លោក Trump ក៏បានបង្ហោះសារមួយដែរ ក្នុងន័យចង់ឲ្យចិនបើកទីផ្សាររបស់ខ្លួនសម្រាប់ក្រុមហ៊ុនអាមេរិក។ សូមជម្រាបថា កន្លងមក និងមកទល់ពេលនេះ ប្រទេសចិនបាន និងកំពុងរឹតត្បិតទីផ្សាររបស់ខ្លួន មិនឲ្យក្រុមហ៊ុនបរទេសចូលទៅងាយស្រួលឡើយ ខណៈក្រុមហ៊ុនរបស់អាមេរិកមួយចំនួនត្រូវបានបិទមិនឲ្យធ្វើប្រតិបត្តិការនៅក្នុងទឹកដីចិនតែម្ដង រួមមានទាំងកម្មវិធីបណ្ដាញសង្គមរបស់អាមេរិកជាដើម៕
Writer: Jin Zakarin
Editor: Ran Bunrath
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0