ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast Auto សម្រេចបានកំណើនប្រាក់ចំណូលខ្ពស់ ប៉ុន្តែនៅតែមិនអាចស្រោចស្រង់តួរលេខខាតក្នុងប្រតិបត្តិនោះទេ ក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ។
រយៈពេល៣ខែដំបូងឆ្នាំនេះ តាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Vinfast បានបង្ហាញថា ក្រុមហ៊ុននេះបានខាតសរុបចំនួន ៧១២,៤លានដុល្លារ ដែលជាតួរលេខខាតខ្ពស់ជាងត្រីមាសទី១ ឆ្នាំ២០២៤ ចំនួន ២០%។ ក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន Vinfast សម្រេចបានប្រាក់ចំណូលចំនួន ៦៥៦,៥លានដុល្លារ ស្មើនឹងកំណើនជិត ១៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែការចំណាយនៅតែមានចំនួនខ្ពស់ជាង ២ដង ធៀបនឹងប្រាក់ចំណូល។
នៅក្នុងតួរលេខចំណាយសរុប គ្រាន់តែចំណាយលើប្រតិបត្តិការលក់រថយន្តរបស់ខ្លួន Vinfast បានចំណាយអស់ចំនួន ៨៨៧,៥លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៥ ខណៈការចំណាយក្នុងប្រតិបត្តិមានចំនួន ៤៨៥,៦លានដុល្លារ។
ចំពោះលទ្ធផលត្រីមាសដំបូងកន្លងទៅ ក្រុមហ៊ុន VinFast បានប្រកាសកាលពីខែមេសាថា ខ្លួនលក់រថយន្តបានចំនួន ៣៦.៣៣០គ្រឿង នៅទូទាំងពិភពលោក ដែលស្មើនឹងកំណើនដល់ទៅ ២៩៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ថែមពីការលក់រថយន្ត ក្រុមហ៊ុននេះក៏បានលក់ E-scooter បានចំនួន ៤៤.៩០៤គ្រឿងដែរ ដែលស្មើនឹងកំណើន ៤៧៣% ធៀបនឹងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ យ៉ាងណា ទោះជាសម្រេចកំណើនលក់បានរាប់រយភាគរយដូច្នេះក៏ដោយ ខ្ទង់ចំណាយរបស់ Vinfast ក៏បានកើនខ្ពស់ដូចគ្នា បណ្ដាលឲ្យតួរលេខខាតមានចំនួនលើស ៧០០លានដុល្លារដដែល។
កត់សម្គាល់ថា ក្រុមហ៊ុនផលិតរថយន្ត VinFast របស់ប្រទេសជិតខាងកម្ពុជាមួយនេះ កំពុងព្យាយាមប្រកួតប្រជែងដណ្ដើមយកមូលដ្ឋានឈជើងក្នុងទីផ្សារតំបន់អាស៊ី ចំពេលដែលទីផ្សារ EVs កំពុងតែមានការប្រកួតប្រជែងខ្លាំង។ ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់ VinFast លោក Pham Nhat Vuong បាននិយាយកាលពីខែមេសាកន្លងទៅថា ក្រុមហ៊ុនរបស់លោក មិនមានផែនការជំរុញការលក់នៅទីផ្សារអាមេរិកខាងជើង និងអឺរ៉ុបទេ ដោយសារតែថ្លៃដឹកជញ្ជូនមានតម្លៃខ្ពស់ពេក។ ជំនួសមកវិញ Vinfast នឹងផ្តោតលើទីផ្សារអាស៊ី រួមមាននៅប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។
យោងតាមក្រុមហ៊ុន Vinfast បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រោងចក្រផលិតរថយន្តរបស់ខ្លួននៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា នឹងត្រូវសម្ពោធនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ពោលយឺតជាងមួយខែធៀបនឹងពេលវេលាដែលបានគ្រោងទុកពីមុន។ ក្រៅពីនេះ ក្រុមហ៊ុនដដែលរំពឹងថា ខ្លួនក៏នឹងអាចបើករោងចក្រនៅប្រទេសឥណ្ឌូនេស៊ីនៅខែតុលាឆ្នាំនេះផងដែរ។ ដោយឡែក នៅក្នុងទីផ្សារវៀតណាម ដែលជាទីផ្សារកំណើតរបស់ខ្លួន Vinfast បានដាក់ផែនការលក់រថយន្តឲ្យបានចំនួនដល់ទៅ ២០០.០០០គ្រឿង ក្នុងរយៈពេល ១២ខែពេញនៃឆ្នាំ២០២៥នេះ។
សូមជម្រាបថា Vinfast គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃសម្ព័ន្ធសាជីវកម្មធំជាងគេនៅវៀតណាម Vingroup របស់មហាសេដ្ឋីដ៏មានឥទ្ធិពល Pham Nhat Vuong។ យុទ្ធសាស្ត្រវិវឌ្ឍខ្លួនចម្បងរបស់ Vingroup គឺរកស៊ីបណ្ដាក់ទុនរួមគ្នានៅវៀតណាម ជាមួយក្រុមហ៊ុនបរទេសធំៗមកពីកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន អាមេរិក ចិន និងអឺរ៉ុប៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0