ឥណ្ឌាស្នើសងសឹកពន្ធលើទំនិញអាមេរិក ក្រោយឃើញរដ្ឋបាលលោក Trump ដកថយជាមួយចិន

May 13, 2025
1Min Read
173 Views

ប្រទេសឥណ្ឌាបានស្នើការយកពន្ធលើទំនិញមួយចំនួនរបស់អាមេរិក ដែលជាសកម្មភាពឆ្លើយតបទៅនឹងពន្ធដែលរដ្ឋបាលលោក Trump បានដាក់លើដែកថែប និងអាលុយមីញ៉ូមលើគ្រប់ប្រទេស ២៥% រួមទាំងឥណ្ឌា។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថានឹងគិតពន្ធថ្មីលើមុខទំនិញអ្វីខ្លះរបស់អាមេរិកនៅឡើយទេ។ កត់សម្គាល់ថាក្រៅពីចិន នេះជាលើកទីមួយហើយដែលប្រទេសឥណ្ឌាហ៊ានសងសឹក ប្រឆាំងនឹងនយោបាយពន្ធគយរបស់លោកប្រធានាធិបតី Donald Trump ក្នុងអាណត្តិទីពីរនេះ បើទោះបីជាប្រទេសឥណ្ឌា និងអាមេរិកកំពុងចរចា និងកំពុងខិតទៅជិតការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មក៏ដោយ។ 

សូមបញ្ជាក់ដែរថា ពន្ធសងសឹករបស់ឥណ្ឌានេះ គឺសងសឹកលើពន្ធលើទំនិញជាក់លាក់ រួមមានដែក និងអាលុយមីញ៉ូមរបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះ ពោលវាខុសពីពន្ធបដិការ ២៦% លើឥណ្ឌាដែលកំពុងស្ថិតក្នុងដំណើរការចរចា។

បើតាមសារព័ត៌មាន Bloomberg បានឲ្យដឹងនៅថ្ងៃនេះថា ប្រទេសឥណ្ឌាបានជូនដំណឹងដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួចហើយ ដោយបាននិយាយការពារវិធានការរបស់ខ្លួនថា "ពន្ធរបស់សហរដ្ឋអាមេរិកលើលោហៈធាតុទាំងពីរខាងលើ បាន និងកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា”។ ក្រោមហេតុផលនេះ ឥណ្ឌាត្រូវការចេញវិធានការដើម្បីដោះស្រាយផលប៉ះពាល់របស់ខ្លួន។

គួររំលឹកថា តាំងតែពីពេលលោក Trump ឡើងកាន់អំណាចក្នុងអាណត្តិទីពីរនេះ រដ្ឋាភិបាលឥណ្ឌាបានព្យាយាមសម្របសម្រួល ខណៈមេដឹកនាំឥណ្ឌាបានធ្វើដំណើរទៅជួបលោក Trump ដល់អាមេរិក ដើម្បីបន្ធូរបន្ថយសម្ពាធពន្ធទាំងអស់វិញ ក៏ប៉ុន្តែលោក Trump បានបដិសេធមិនលើកលែងឡើយ ទោះបីជាឥណ្ឌាជាប្រទេសមានទំនាក់ទំនងល្អជាមួយខ្លួនក៏ដោយ។

យោងតាមឯកសារភ្ជាប់ជាមួយការជូនដំណឹងទៅ WTO ប្រទេសឥណ្ឌាបាននិយាយថា ពន្ធដែកថែប និងអាលុយមីញ៉ូមរបស់លោក Trump នឹងប៉ះពាល់ដល់ការនាំចេញរបស់ឥណ្ឌា គិតជាប្រាក់មានតម្លៃ ៧,៦ ពាន់លានដុល្លារ ហើយចំណូលពន្ធលើលោហៈធាតុទាំងពីររបស់ឥណ្ឌាដែលគយអាមេរិកប្រមូលបាន មានចំនួន ១,៩១ ពាន់លានដុល្លារ។

នៅដើមឆ្នាំ ២០២៥ នេះ លោក Trump បានយកពន្ធចំនួន 25% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកពីប្រទេសទាំងអស់ដែលនាំចូលសហរដ្ឋអាមេរិក ដោយចាប់ផ្តើមអនុវត្តនៅថ្ងៃទី 12 ខែមីនាកន្លងទៅ មិនលោកប្រកាសពន្ធបដិការកាលពីថ្ងៃទី២ មេសា។ 

គួររំលឹកដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ប្រទេសឥណ្ឌាបានដាក់ពន្ធគយខ្ពស់លើទំនិញអាមេរិកចំនួន ២៨មុខ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ 2019 ដែលបានបញ្ចប់សម្បទានពាណិជ្ជកម្មលើផលិតផលរបស់ឥណ្ឌាមានតម្លៃចំនួន ៥,៧ ពាន់លានដុល្លារ។

សកម្មភាពសងសឹកជុំទីមួយរបស់ឥណ្ឌានៅពេលនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកព្រមទម្លាក់ពន្ធលើប្រទេសចិនបណ្ដោះអាសន្នរយៈពេល ៩០ថ្ងៃ ពីអត្រា ១៤៥% មកនៅ ៣០%។ ប្រទេសចិនជាប្រទេសតែមួយគត់ដែលហ៊ានតតាំងពន្ធរបស់អាមេរិក។ រដ្ឋបាលលោកបានព្រមានថាខ្លួននឹងគ្របសង្កត់លើប្រទេសណាដែលហ៊ានតតាំងជាមួយខ្លួន ក៏ប៉ុន្តែកាលពីម្សិលមិញបែរជាដកថយវិញ ក្រោយជំនួបចរចាជាមួយចិននៅប្រទេសស្វីស៕

Writer: Jin Zakarin

Editor: Ran  Bunrath

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider