រដ្ឋាភិបាលជប៉ុនបញ្ចេញអង្ករពីឃ្លាំងបម្រុងសម្រាប់គ្រាអាសន្ន ២សែនតោនបន្ថែមទៀត ដើម្បីទម្លាក់តម្លៃអង្ករដែលត្រូវបានលក់ លើស $២,៦/kg

June 11, 2025
1Min Read
123 Views

រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសជប៉ុននឹងបញ្ចេញអង្ករចំនួន ២សែនតោន តោនទៀតពីឃ្លាំងស្តុកបម្រុងទុកសម្រាប់គ្រាអាសន្នរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាអង្ករឡើងថ្លៃទ្វេដង ដែលបានកើតឡើងតាំងពីឆ្នាំមុនមក។ 

ទីភ្នាក់ព័ត៌មានរ័យទ័រ បានស្រង់សម្ដីរបស់លោក Koizumi មកផ្សាយថា ក្នុងចំណោមអង្ករទាំង ២សែនតោនត្រៀមបញ្ចេញពីឃ្លាំងលើកនេះ មាន ១សែនតោនជាអង្ករកិនពីស្រូវប្រមូលផលក្នុងឆ្នាំ២០២១ ហើយវានឹងត្រូវបញ្ជូនទៅឲ្យហាងលក់ទំនិញគ្រប់ខ្នាតនៅប្រទេសជប៉ុនមុនគេ ដើម្បីលក់បន្តឲ្យប្រជាជន។ ចំណែកមួយសែនតោនទៀត នឹងបញ្ចេញពីឃ្លាំងស្តុកដែលប្រមូលផលក្នុងឆ្នាំ២០២០។ 

ការឡើងថ្លៃអង្ករបានក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់ពលរដ្ឋ និងអ្នកបង្កើតគោលនយោបាយនៅប្រទេសជប៉ុន ខណៈពេលការបោះឆ្នោតសំខាន់ៗនៅទីក្រុងតូក្យូ និងទូទាំងប្រទេសជប៉ុនជិតចូលមកដល់។ តម្លៃអង្ករនៅប្រទេសជប៉ុន ក្នុងរយៈពេលជិតពីរសប្ដាហ៍ចុងក្រោយនេះ បានធ្លាក់ចុះវិញបន្តិច ដោយអង្ករច្រកថង់ទម្ងន់ ៥គីឡូក្រាម ត្រូវបានលក់ក្នុងតម្លៃ ២ពាន់យេន ឬស្មើប្រហែល ១៤ដុល្លារអាមេរិក ឬបើចែកតម្លៃរាយក្នុងមួយគីឡូ មានតម្លៃជាង ១១,០០០រៀលលុយខ្មែរ ខណៈកាលពីប៉ុន្មានខែមុនវាមានតម្លៃដល់ទៅលើស ១៥,០០០រៀលក្នុងមួយគីឡូក្រាម។ 

ការធ្លាក់ចុះវិញនេះ គឺបន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានបញ្ចេញអង្ករចេញពីឃ្លាំងបម្រុងទុកសម្រាប់គ្រាអាសន្នជាបន្តបន្ទាប់។ គិតចាប់ពីខែមីនាឆ្នាំនេះមក រដ្ឋាភិបាលបានបញ្ចេញអង្ករចេញពីឃ្លាំងអស់ចំនួន ៦សែនតោនហើយ ក្នុងចំណោមស្តុកសរុប ៩សែនតោន ពោលជប៉ុននៅសល់ស្តុកអង្ករបម្រុងរបស់រដ្ឋ ចំនួន ៣សែនតោនទៀតប៉ុណ្ណោះ។ 

គួរជ្រាបថា ក្រោយពីបញ្ចេញស្តុកអង្ករចេញពីឃ្លាំងបម្រុងសម្រាប់គ្រាអាសន្ន ប្រទេសជប៉ុន បាន និងកំពុងតែព្យាយាមបំពេញស្តុករបស់ខ្លួនវិញ តាមរយៈការទិញអង្ករពីប្រទេសនៅអាស៊ាន រួមមានថៃ វៀតណាម និងកម្ពុជា។ កាលពីដើមឆ្នាំ២០២៥ នេះ ពាណិជ្ជករជប៉ុនមួយក្រុមបានធ្វើដំណើរមកស្វែងយល់អំពីទីផ្សារអង្ករនៅប្រទេសកម្ពុជា ប៉ុន្តែមកទល់ពេលនេះពុំទាន់មានព័ត៌មានថាតើជប៉ុននឹងជ្រើសរើសអង្កររបស់ប្រទេសណាមួយដើម្បីបំពេញឃ្លាំងរបស់ខ្លួនវិញនៅឡើយទេ៕​

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider