ទិន្នន័យកម្ចីហិរញ្ញវត្ថុប្រឈមហានិភ័យ ក្រោយមជ្ឈមណ្ឌលព័ត៌មានឥណទានជាតិវៀតណាម ត្រូវបានចោរបច្ចេកវិទ្យា Hack

September 12, 2025
1Min Read
179 Views

អាជ្ញាធរវៀតណាមបានបញ្ជាក់នៅថ្ងៃទី១២ កញ្ញានេះថា មជ្ឈមណ្ឌលព័ត៌មានឥណទានជាតិ(National Credit Information Center) របស់ខ្លួនត្រូវបានវាយប្រហារតាមអ៊ីនធើណិត ដែលអាចបណ្ដាលឲ្យមានការបែកធ្លាយព័ត៌មានឯកជនរបស់បុគ្គល និងអាជីវកម្មដែលប្រើឥណទាន។ នេះបើយោងតាមការបង្ហោះផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម។ 

មជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្នតាមអ៊ីនធឺណិតរបស់វៀតណាម ហៅកាត់ថា VCERT កំពុងព្យាយាមសង្គ្រោះប្រព័ន្ធទិន្នន័យដែលត្រូវបានលួចហេកចូល និងកំពុងធ្វើការជាមួយធនាគារកណ្តាលវៀតណាម និងទីភ្នាក់ងារផ្សេងទៀត ដើម្បីទប់ស្កាត់ការរំលោភបំពានទិន្នន័យផ្ទាល់ខ្លួន និងធានាប្រព័ន្ធរបស់មជ្ឈមណ្ឌលឥណទាន។ យ៉ាងណាវិសាលភាពនៃទិន្នន័យប៉ះពាល់មិនទាន់ត្រូវបានគេបញ្ជាក់នោះទេ ដោយគ្រាន់តែឲ្យដឹងថាវាកំពុងស្ថិតក្រោមការស៊ើបអង្កេត។

សូមជម្រាបថា មជ្ឈមណ្ឌលឥណទាន ឬហៅកាត់ថា CIC គឺជាស្ថាប័នស្ថិតនៅក្រោមធនាគាររដ្ឋវៀតណាម។ មជ្ឈមណ្ឌលនេះ ដើរតួនាទីជាការិយាល័យឥណទានកណ្តាលរបស់ប្រទេសវៀតណាម ដើម្បីប្រមូល និងផ្តល់ព័ត៌មានឥណទានអំពីបុគ្គល និងអាជីវកម្មនានា សម្រាប់ជាមូលដ្ឋានសម្រេចចិត្តអនុម័តកម្ចី។ 

អាជ្ញាធរវៀតណាមបានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមានការទាញយក ចែករំលែក ឬកេងចំណេញលើទិន្នន័យលេចធ្លាយទាំងនោះ។ ពួកគេក៏បានជំរុញឱ្យបណ្ដាធនាគារ និងស្ថាប័នហិរញ្ញវត្ថុ រឹតបន្តឹងសន្តិសុខតាមអ៊ីនធឺណិតស្របតាមស្តង់ដារជាតិផងដែរ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider