ក្រុមហ៊ុនផលិតចំណីសត្វ Royal De Heus សម្រេចបានកិច្ចព្រមព្រៀងទិញយកភាគហ៊ុន ១០០% នៃប្រតិបត្តិការក្រុមហ៊ុនផលិតចំណីសត្វរបស់កូរ៉េ CJ Feed & Care នៅកម្ពុជា កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហូឡង់ Royal De Heus នៅថ្ងៃទី១ តុលា ឆ្នាំ២០២៥នេះ។
ក្នុងសេចក្ដីប្រកាសដដែលមិនបានបញ្ជាក់ថាកិច្ចព្រមព្រៀងលក់នោះ មានតម្លៃប៉ុន្មាននោះទេ ដោយគ្រាន់តែប្រាប់ថាមានរោងចក្រផលិតចំណីសត្វចំនួន ១៧ របស់ក្រុមហ៊ុន CJ Feed & Care នៅក្នុងប្រទេសចំនួន៥ខាងលើត្រូវបានទិញយក ហើយក្នុងនោះក៏មានរោងចក្រនៅប្រទេសកម្ពុជាដែរ។
យ៉ាងណាមិញ បើតាមកាសែតកូរ៉េ The Korean Economic Daily បានរាយការណ៍ថា កិច្ចព្រមព្រៀងទិញ-លក់អាជីវកម្មរវាងក្រុមហ៊ុនហូឡង់ និងក្រុមហ៊ុនកូរ៉េខាងត្បូងខាងលើ មានតម្លៃ ១,២ទ្រីលានវ៉ុន ឬស្មើប្រហែល ៨៥៥លានដុល្លារអាមេរិក។
គួររំលឹកថា មុនកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន CJ Cheiljedang Corp ដែលជាក្រុមហ៊ុនមេនៃ CJ Feed & Care បានព្យាយាមលក់ប្រតិបត្តិការអាជីវកម្មផលិតចំណីសត្វ ចិញ្ចឹមសត្វ និងលក់សសាច់ស្រស់របស់ខ្លួននេះ តាំងពីឆ្នាំ២០១៩ មកម្លេះ ប៉ុន្តែបានបរាជ័យមិនអាចឈានដល់កិច្ចព្រមព្រៀងទិញ-លក់ចំនួនពីរលើក ដោយលើកទីមួយគ្រោងលក់ឲ្យក្រុមហ៊ុន Nutreco N.V របស់ប្រទេសហូឡង់ ប៉ុន្តែក្រោយមកត្រូវបានដកថយវិញ ដោយសារភាគីទាំងពីរចរចាតម្លៃគ្នាមិនត្រូវ ត្បិតតម្លៃលក់ដែលត្រូវបានដាក់កាលនោះមានចំនួនជិត ២ទ្រីលានវ៉ុន ឬស្មើប្រហែល ១៤០០លានដុល្លារ។ នៅឆ្នាំ២០២០ ក្រុមហ៊ុនកូរ៉េ និងជាផ្នែកមួយនៃសាជីវកម្មគ្រួសារ CJ Group ដដែល បានព្យាយាមស្វែងរកអ្នកទិញអាជីវកម្មរបស់ខ្លួនម្ដងទៀត ប៉ុន្តែនៅតែមិនអាចសម្រេចបានកិច្ចព្រៀង។
មកដល់ខែតុលាឆ្នាំ២០២៥ ទើបក្រុមហ៊ុនហូឡង់ Royal De Heus សម្រេចកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន CJ Feed & Care ប៉ុន្តែត្រូវបានប្រកាសទិញយកតែប្រតិបត្តិការនៅប្រាំប្រទេសប៉ុណ្ណោះ ដូចជានៅកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងនៅកូរ៉េខាងត្បូង។ បើតាមគេហទំព័ររបស់ក្រុមហ៊ុនកូរ៉េខាងលើ ពួកគេក៏មានប្រតិបត្តិការនៅប្រទេសចិនដែរ។
តាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CJ Feed & Care បង្ហាញថា ក្រុមហ៊ុននេះរកស៊ីខាតក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ប៉ុន្តែបានងើបឡើងវិញក្នុងឆ្នាំ២០២៤ ដោយរកចំណូលបាន ១៦៤៥លានដុល្លារ និងចំណេញក្នុងប្រតិបត្តិការចំនួន ៥៣លានដុល្លារ។ យ៉ាងណា បើទោះជាសម្រេចបានលទ្ធផលចំណេញកាលពីឆ្នាំមុនក្ដី តម្លៃលក់ក្នុងកិច្ចព្រមព្រៀងលក់អាជីវកម្មឲ្យក្រុមហ៊ុនហូឡង់ Royal De Heus មានចំនួនទាបជាងច្រើនធៀបនឹងតម្លៃលក់កាលពីឆ្នាំ២០១៩ ដែលមានចំនួនដល់ទៅជិត ២ទ្រីលានវ៉ុន។
ដោយឡែកប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុន Royal De Heus មានប្រតិបត្តិការរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមឈ្មោះក្រុមហ៊ុន De Heus TMH ដែលជាអាជីវកម្មបណ្ដាក់ទុនរួមគ្នាជាមួយពាណិជ្ជករខ្មែរ។ ចំណែកក្រុមហ៊ុន CJ Feed & Care ក៏មានរោងចក្រនៅខេត្តកំពង់ស្ពឺដូចគ្នា ក្រោមឈ្មោះ CJ Cheiljedang Feed Cambodia។ ក្រោមកិច្ចព្រមព្រៀងទិញយកដដែល ក្រុមហ៊ុន De Heus TMH នៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងអាចបង្កើនការគាំទ្របន្ថែមទៀតដល់ឧស្សាហកម្មចិញ្ចឹមសត្វ និងកសិករខ្មែរ ស្របតាមផែនការពង្រីកខ្លួននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនហូឡង់ខាងលើ។
សូមជម្រាបថា ក្រុមហ៊ុន Royal De Heus គឺជាសាជីវកម្មគ្រួសារមួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩១១ បច្ចុប្បន្នវិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផលិតចំណីសត្វធំជាងគេទាំង១០ លើពិភពលោក និងមានប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ជុំវិញផែនដី។ ការទិញយកបានក្រុមហ៊ុនកូរ៉េ CJ Feed & Care នឹងធ្វើឲ្យក្រុមហ៊ុន De Heus ពង្រីកឥទ្ធិពលទីផ្សារបានកាន់តែធំនៅក្នុងតំបន់អាស៊ី៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0