គិតត្រឹមទី១៣ មិថុនានេះ ភាពតានតឹងរវាងប្រទេសកម្ពុជា-ថៃ បានកើនដល់ចំណុចកាន់តែក្ដៅ បន្ទាប់ពីមេដឹកនាំកម្ពុជា បានឆ្លើយតបវិញជាច្រើនចំណុចព្រមៗគ្នា ចំពោះការគំរាមពីសំណាក់ភាគីថៃ ដែលបានគំរាមផ្ដាច់ភ្លើង និងអ៊ីនធើណិតមិនឲ្យកម្ពុជាប្រើ ប្រសិនបើភាពតានតឹងវិវឌ្ឍទៅកាន់តែអាក្រក់។ ការគំរាមរបស់ភាគីថៃ គឺធ្វើឡើងមុនដល់ថ្ងៃជួបចរចាគ្នានៅទីក្រុងភ្នំពេញ ដែលគ្រោងធ្វើឡើងថ្ងៃទី១៤ មិថុនាស្អែកនេះ។
នៅយប់ថ្ងៃទី១២ មិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី១២ មិថុនាទៅ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិការអ៊ីនធើណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធើណិតពីប្រទេសថៃ ដោយសារតែកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធើណិតបានគ្រប់គ្រាន់ខ្លួនឯង។
នៅក្នុងសារបង្ហោះដដែល សម្ដេចធិបតី ក៏បានឆ្លើយតបវិញចំពោះការគំរាមចង់ផ្ដាច់ភ្លើងអគ្គិសនីពីសំណាក់ភាគីថៃផងដែរ ដោយបានបញ្ជាក់បន្ថែមពីលើឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលថា កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដោយខ្លួនឯង។
បន្ថែមពីលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទទួលខុសត្រូវផ្នែកអ៊ីនធើណិត និងក្រសួងរ៉ែ និងថាមពល គ្រប់គ្រងខាងអគ្គិសនី សម្ដេចធិបតី ក៏បានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជាដទៃទៀត ពិនិត្យមើល និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់ភាគីកម្ពុជានៅពេលនេះ គឺបន្ទាប់ពីក្រុមជ្រុលនិយមនៅប្រទេសថៃដែលគាំទ្រក្រុមយោធា បានធ្វើសកម្មភាពគំរាមមុនមកលើកម្ពុជា ដូចជាការគំរាមបិទច្រកព្រំដែនដោយឯកតោភាគី គំរាមផ្ដាច់ភ្លើងអគ្គិសនីរំលោភលើកិច្ចព្រមព្រៀងទិញលក់រវាងរដ្ឋ និងរដ្ឋ និងមានទាហានថៃរាយបន្លាលួសនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យតាមទំនើងចិត្ត មិនស្ដាប់ភាគីកម្ពុជា។ រវាងក្រុមយោធា និងរដ្ឋាភិបាលថៃ ហាក់មិនមែនធ្វើការក្រុមតែមួយនោះទេ ត្បិតមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរនិយាយគ្នាឯកភាពគ្នាឲ្យរក្សាភាពអត់ធ្មត់ ប៉ុន្តែក្រុមយោធាថៃនៅតែធ្វើសកម្មភាពរុញសភាពការឲ្យកាន់តែក្ដៅ។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបង្ហោះសារដាច់ដោយឡែកមួយឆ្លើយតបវិញចំពោះសកម្មភាពរបស់ភាគីថៃដែរ បន្ទាប់ពីក្នុងរយៈពេលជាងមួយសប្ដាហ៍ចុងក្រោយនេះ ភាគីថៃបានសម្រេចបិទច្រកព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅសម្រាប់ពលរដ្ឋខ្មែរជាឯកតោភាគី និងបានគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ព្រមទាំងបានការរាយបន្លាលួសនៅតំបន់ច្រកព្រំដែនមួយចំនួនតាមទំនើងចិត្ត។ បន្ថែមពីការឆ្លើយតបរបស់សម្ដេចធិបតី សម្ដេចតេជោបានជូនយោបល់ដល់រដ្ឋាភិបាលកម្ពុជា គួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងប្រទេសកម្ពុជាទៀតផង។
ក្រោយពីមានការបង្ហោះសាររបស់សម្ដេចតេជោ រយៈពេល២ម៉ោងបន្ទាប់ ក្រសួងព័ត៌មានកម្ពុជា បានចេញការជូនដំណឹងឲ្យស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានជូនដំណឹងស្ដីពីការបញ្ឈប់ការនាំចូល និងចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងកុនដូចគ្នា។
ការឆ្លើយតបព្រមៗគ្នាលើបួនចំណុច រួមមានអ៊ីនធើណិត អគ្គិសនី ខ្សែភាពយន្ត និងទំនិញថៃ គឺប្រៀបបានដូចជាការបោះសន្លឹកបៀរចំនួនបួន ឆ្លើយតបការសម្លុតគំរាមរបស់ភាគីថៃអ៊ីចឹងដែរ។ យ៉ាងណាមិញក្នុងចំណោមសន្លឹកបៀរទាំងបួនខាងលើ លទ្ធភាពបញ្ឈប់ការនាំចូលទំនិញថៃ គឺជាសន្លឹកបៀរធំជាងគេ ហើយឆាប់ៗនេះភាគីថៃនឹងអាចឆ្លើយតបសន្លឹកបៀរដ៏ធំមកវិញដូចគ្នា ដូចជាការបណ្តេញពលករខ្មែរឲ្យត្រឡប់មកប្រទេសកម្ពុជាវិញជាដើម។
បើថៃឆ្លើយតបវិញតាមរយៈការបណ្ដេញពលករខ្មែរចេញពីប្រទេសរបស់ខ្លួន តើកម្ពុជា និងថៃខ្លួនឯងនឹងត្រូវខាតអ្វីខ្លះ?
ប្រសិនបើវាកើតឡើង នោះពលករខ្មែរដែលត្រូវបានបញ្ជូនមកវិញ និងគ្រួសាររបស់ពួកគាត់ដែលធ្លាប់ពឹងផ្អែកលើប្រាក់ឈ្នួលផ្ញើពីប្រទេសថៃកន្លងមក ភ្លាមៗពួកគាត់នឹងប្រឈមសម្ពាធហិរញ្ញវត្ថុ។ ពួកគាត់នឹងបន្តប្រឈមការលំបាកក្នុងការរស់នៅ រហូតដល់រកការងារថ្មីជំនួសបាននៅក្នុងស្រុក។ យ៉ាងណាមិញ ប្រសិនបើរដ្ឋាភិបាលសម្រេចថានឹងបោះសន្លឹកបៀរនេះមែន នោះដំណោះស្រាយក៏គួរតែត្រៀមរួចដែរ។ ទោះជាបែបនេះក៏ដោយ ទម្រាំអាចដោះស្រាយបញ្ហានេះ តាមរយៈការជំរុញឲ្យបង្កើនការវិនិយោគបង្កើតរោងចក្រផលិតទំនិញជំនួសទំនិញថៃ និងដើម្បីបង្កើតការងារឲ្យពលករខ្មែរដែលត្រូវបានបណ្ដេញចេញពីប្រទេសថៃ គឺនឹងត្រូវការពេលវេលា ធនធាន និងដោះស្រាយតាមដំណាក់កាល ពោលពុំអាចជំនួសបានភ្លាមៗដូចអ៊ីនធើណិត និងអគ្គិសនីទេ។ និយាយជារួម ក្នុងករណីដែលថៃឆ្លើយតបតាមរយៈការបណ្ដេញពលករខ្មែរមកស្រុកវិញ នោះការខូចខាតមានទំហំគួរសម ស៊ីសងគ្នាជាមួយការបិទទំនិញថៃ ក៏ប៉ុន្តែវាអាចទៅរួចសម្រាប់កម្ពុជាក្នុងការទទួលយក "ការឈឺចាប់រយៈពេលខ្លី រួចប្រឹងប្រែងដើម្បីភាពរឹងមាំរយៈពេលវែង”។
ចំណែកភាគីថៃ បើសម្រេចបណ្ដេញពលករខ្មែរមកស្រុកវិញ នោះពួកគេក៏ត្រូវប្រឈមការខាតបង់ដែរ ត្បិតនៅតាមរោងចក្រផលិតទំនិញ កម្មករនេសាទ និងការដ្ឋានសំណង់នៅប្រទេសថៃ កំពុងប្រើប្រាស់កម្មករខ្មែរ។ ថ្វីបើពួកគេមានជម្រើសអាចរើសកម្មករភូមា ឡាវ បង់ក្លាដេស ឬជនជាតិផ្សេងជំនួសកម្មករខ្មែរ ប៉ុន្តែនៅតែប្រឈមការខូចខាតមួយរយៈពេលទម្រាំអាចរៀបចំឡើងវិញដូចដើម។ មួយវិញទៀត ប្រសិនបើពួកគេបណ្ដេញពលករខ្មែរចេញដោយបង្ខំ នោះថៃនឹងត្រូវប្រឈមមុខជាមួយក្រសែភ្នែកអន្តរជាតិ។
លើសពីនេះ ភាពតានតឹងនៃប្រទេសទាំងពីរ ក៏នឹងដាក់សម្ពាធលើក្រុមហ៊ុនថៃកំពុងរកស៊ីនៅកម្ពុជា និងអ្នកជំនួញខ្មែរមួយចំនួនដែលកំពុងរកស៊ីបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនថៃនៅកម្ពុជាដែរ។
ទោះជាបែបណាក៏ដោយ យើងសង្ឃឹមថានឹងមានការបន្ធូរបន្ថយស្ថានការណ៍វិញ ឬនឹងមានលទ្ធផលចរចាសមស្របមួយនៅថ្ងៃទី១៤ស្អែកនេះ ធ្វើយ៉ាងណាបន្ថយកម្ដៅកុំឲ្យឈានដល់ការផ្ទុះអាវុធនាំឲ្យខាតបង់ទាំងសងខាង រួចស្វែងរកបង្កើនការពិភាក្សាដោយសន្តិវិធី ចំពេលដែលសេដ្ឋកិច្ចនៃប្រទេសទាំងពីរកំពុងស្ថិតក្រោមសម្ពាធពន្ធគយរបស់អាមេរិកស្រាប់ទៅហើយ។ ក៏ប៉ុន្តែក្នុងករណីដែលភាគីថៃណាមួយប៉ុនប៉ងសម្លុតគំរាមកម្ពុជាឲ្យចុះញម ដើម្បីទាញយកគុណសម្បត្តិនយោបាយពីប្រជាជនថៃ ឬដើម្បីតែពង្រឹងស្មារតីជាតិនិយមនៅក្នុងប្រទេសរបស់ខ្លួន នោះសូមខ្មែរទាំងអស់រួមសាមគ្គីគ្នាទប់ទល់ការពារអធិបតេយ្យ និងគុណតម្លៃនៃជាតិខ្មែរទាំងអស់គ្នា៕
Writer: Jin Zakarin
Editor: Ran Bunrath
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0