Amarin News នៃ Amarin TV ដែលជាប៉ុស្តិ៍ទូរទស្សន៍ធំមួយនៅប្រទេសថៃ ហាក់កំពុងព្យាយាមអុចអាលឲ្យមានការបែកបាក់នៅកម្ពុជា និងផ្សាយចោទថាកម្ពុជាជាអ្នកបិទច្រកព្រំដែន។ នៅថ្ងៃទី២៥ មិថុនានេះ ប៉ុស្តិ៍ទូរទស្សន៍ខាងលើបានផ្សាយរូបចំនួន៤នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយមានរូបទង់ជាតិកម្ពុជា និងសរសេរជាភាសារខ្មែរ និងថៃ ក្នុងន័យជំរុញឲ្យពលរដ្ឋខ្មែរដាក់បន្ទុកលើរដ្ឋាភិបាល និងចោទថារដ្ឋាភិបាលកម្ពុជាជាអ្នកនៅក្រោយទុក្ខលំបាកបណ្ដាលមកពីការបិទច្រកព្រំដែន។
ក្រៅពីការបង្ហោះរូបសរសេរអក្សរខ្មែរនេះ ប៉ុស្តិ៍ទូរទស្សន៍ Amarin ឬប៉ុស្តិ៍លេខ ៣៤ ថៃ ក៏បានផ្សាយព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជាផងដែរ ដោយទម្លាក់កំហុសមកខាងកម្ពុជា ទាំងដែលការពិត គឺក្រុមយោធាថៃជាអ្នកបិទច្រកព្រំដែនដោយឯកតោភាគីមុន។ វាអាចពិតជាត្រឹមត្រូវដែលពួកគេផ្សាយថារដ្ឋាភិបាលថៃមិនបានបិទព្រំដែន ព្រោះថានៅប្រទេសថៃក្រុមយោធា និងរដ្ឋាភិបាល គឺមិនមែនជាក្រុមតែមួយ។
សូមជម្រាបថា Amarin TV គឺជាអាជីវកម្មមួយនៃសម្ព័ន្ធក្រុមហ៊ុន Amarin Group ដែលរកស៊ីនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ កំសាន្ត និងបោះពុម្ភ។ Amarin Group ត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៧៦ ក្នុងនាមជាអាជីវកម្មបោះពុម្ពសៀវភៅទស្សនាវដ្ដី បន្ទាប់មកបានបោះលក់ភាគហ៊ុននៅផ្សារហ៊ុនថៃនៅឆ្នាំ១៩៩៣ ហើយបានដំណើរការទូរទស្សន៍ Amarin TV នៅឆ្នាំ ២០១២។ នៅឆ្នាំ២០១៦ លោក Thapana Sirivadhanabhakdi បានទិញយកចំណែកភាគហ៊ុនធំ ៦០% របស់ Amarin Group ហើយវាបានក្លាយជាអាជីវកម្មរបស់គ្រួសារមហាសេដ្ឋីថៃត្រកូល Sirivathabhakdi ម្ចាស់សម្ព័ន្ធសាជីវកម្ម TCC Group ចាប់ពីពេលនោះមក។
លោក Thapana Sirivadhanabhakdi គឺជាទាយាទស្នងមរតកនៃគ្រួសារមហាសេដ្ឋីខាងលើ ហើយក្រៅពីមានតួនាទីជាអនុប្រធានក្រុមហ៊ុន Amarin Group បច្ចុប្បន្នលោក Thapana ក៏កំពុងកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈ ThaiBev ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិពលនៅក្នុងទីផ្សារភេសជ្ជៈនៅតំបន់អាស៊ាន។ មានឥទ្ធិពលក៏ព្រោះតែពួកគេកំពុងប្រតិបត្តិការក្រុមហ៊ុនផលិតភេសជ្ជៈម៉ាកល្បីៗជាច្រើនចាប់ពីស្រាបៀរ ស្រាខ្លាំង ទឹកសុទ្ធ ភេសជ្ជៈប៉ូវកម្លាំង តែបៃតង ទឹកដោះគោ ទឹកក្រូច និងភេសជ្ជៈជាច្រើនប្រភេទទៀត ស្ថិតក្រោមយីហោ ThaiBev, F&N និង Sermsuk ។
ក្រៅពីបាន និងកំពុងនាំចូលផលិតផលភេសជ្ជៈ ទំនិញប្រើប្រាស់ ស្ករ ជី និងដំណើរការផ្សារទំនើប BigC នៅទីផ្សារកម្ពុជា ក្រុមហ៊ុន TCC Group កំពុងអភិវឌ្ឍដីទំហំ ២០៥ហិកតា នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាតំបន់សេដ្ឋកិច្ចពិសេសឈ្មោះថា សុវណ្ណភូមិ ព្រមទាំងកំពុងសាងសង់រោងចក្រស្រាបៀរ Chang, រោងចក្រផលិតទឹកដោះគោ និងរោងចក្រផលិតតែបៃតងអូអិឈិ នៅក្នុងតំបន់សេដ្ឋកិច្ចខាងលើផងដែរ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0