ក្រុមហ៊ុន Carabao បានឲ្យដឹងថា ជាមធ្យមខ្លួនលក់ភេសជ្ជៈប៉ូវកម្លាំងនៅទីផ្សារកម្ពុជាបានចំនួន ៤០លានកំប៉ុងក្នុងមួយខែ ឬស្មើ ៤៨០លានកំប៉ុងក្នុងមួយឆ្នាំ។ ចំនួននេះបង្ហាញអំពីទំហំទីផ្សារភេសជ្ជៈដ៏សម្បើមនៅកម្ពុជា ខណៈនៅមានយីហោភេសជ្ជៈប៉ូវកម្លាំងល្បីៗរបស់ថៃមួយចំនួនទៀត ហើយក៏មានយីហោភេសជ្ជៈប៉ូវកម្លាំងនាំចូលពីប្រទេសផ្សេង ព្រមទាំងមានភេសជ្ជៈប៉ូវកម្លាំងផលិតក្នុងស្រុកជាច្រើនម៉ាកផងដែរ។ នេះនិយាយត្រឹមប្រភេទភេសជ្ជៈប៉ូវកម្លាំងប៉ុណ្ណោះ ដោយមិនទាន់រាប់ប្រភេទភេសជ្ជៈផ្អែមជាច្រើនមុខផ្សេងទៀតនៅឡើយ។
កាលពីថ្ងៃទី២៥ មិថុនានេះ នៅក្នុងការសម្ភាសន៍មួយជាមួយកាសែតថៃ The Nation លោក Romtham Sathientham នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Carabao Group ដែលបាន និងកំពុងលក់ភេសជ្ជៈរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជិត២០ឆ្នាំមកហើយនោះ បានឲ្យដឹងថាបញ្ហាបិទច្រកព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃ គិតត្រឹមបច្ចុប្បន្នមិនទាន់ប៉ះពាល់ដល់ការលក់របស់ខ្លួននៅប្រទេសកម្ពុជានៅឡើយទេ ហើយក្រុមហ៊ុននេះកំពុងធ្វើការជាមួយដៃគូនាំចូល និងចែកចាយរបស់ខ្លួននៅកម្ពុជា ដើម្បីបង្កើនស្តុកសម្រាប់រយៈពេល៣ខែ ខណៈកាលពីមុនស្ដុកចូលម្ដងសម្រាប់លក់រយៈពេល១ខែប៉ុណ្ណោះ។
តាមប្រភពដដែលបានឲ្យដឹងថា មុនមានការបិទច្រកព្រំដែនគោក ស្តុកភេសជ្ជៈប៉ូវកម្លាំង Carabao ត្រូវបានដឹកជញ្ជូនមកលក់នៅទីផ្សារកម្ពុជារយៈពេល១ខែ មានចំនួន ៤០លានកំប៉ុង ដូច្នេះប្រសិនបើបង្កើនស្តុកសម្រាប់លក់រយៈពេល៣ខែ នោះគេត្រូវដឹកជញ្ជូនមកម្ដងចំនួន ១២០លានកំប៉ុង ដែលមានតម្រូវការទូកុងតឺន័រជាច្រើនសម្រាប់ផ្ទុកវា។ ដោយសារតែច្រកព្រំដែនគោកត្រូវបានបិទ ក្រុមហ៊ុនខាងលើនឹងអាចប្ដូរទៅដឹកជញ្ជូនតាមផ្លូវសមុទ្រវិញ ក៏ប៉ុន្តែវានឹងធ្វើឲ្យការចំណាយលើថ្លៃដឹកជញ្ជូនខ្ពស់ជាងមុនច្រើន។
ក្រុមហ៊ុន Carabao ក៏គ្រោងនឹងពន្លឿនការបើកដំណើរការរោងចក្រផលិតថ្មីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ដែលដើមឡើយគ្រោងបើកនៅចុងឆ្នាំ២០២៥នេះ ប៉ុន្តែដោយសារបញ្ហាបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ក្នុងករណីចាំបាច់ក្រុមហ៊ុនខាងលើនឹងពន្លឿនការបើកដំណើរការរោងចក្ររបស់ខ្លួននៅកម្ពុជាមុនការគ្រោងទុក។ គម្រោងបើករោងចក្ររបស់ក្រុមហ៊ុន Carabao នៅកម្ពុជានៅឆ្នាំ២០២៥នេះមិនទាន់ត្រូវបានគេបញ្ជាក់ចំនួនដើមទុននៅឡើយទេ ដោយគ្រាន់តែបង្ហើបថាវាមានចំនួនច្រើនពាន់លានបាត។ សូមជម្រាបថា ១ពាន់លានបាតស្មើប្រហែល ៣០លានដុល្លារអាមេរិក។
លោក Romtham Sathientham នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Carabao Group បានអះអាងថាភេសជ្ជៈរបស់ខ្លួនជាអ្នកនាំមុខគេក្នុងទីផ្សារភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជា ដោយក្នុងមួយឆ្នាំលក់បានដល់ទៅ ៤០០-៥០០លានកំប៉ុង ស្មើនឹងទឹកប្រាក់ប្រមាណ ២ពាន់លានបាត ឬស្មើ ៦១លានដុល្លារ។ ចំនួនទឹកប្រាក់ ៦១លានដុល្លារដែលត្រូវបានបង្ហាញនេះ អាចជាតម្លៃចេញពីរោងចក្រ ដូច្នេះបើគិតតម្លៃលក់រាយឲ្យអ្នកទិញទៅផឹកនៅកម្ពុជា នោះវាអាចមានចំនួនប្រហែលដល់ទៅ ២០០លានដុល្លារ។
ជាដំណោះស្រាយដំបូងសម្រាប់ក្រុមហ៊ុនភេសជ្ជៈរបស់ថៃខាងលើ នៅខណៈពេលភាពតានតឹងរវាងប្រទេសកម្ពុជា-ថៃកំពុងកើនឡើង គឺបង្កើនចំនួនស្ដុកនៅកម្ពុជា ដឹកជញ្ជូនមកម្ដងសម្រាប់លក់ពី១ខែ បង្កើនដល់៣ខែ។ ចំណែកជម្រើសដំណោះស្រាយបន្ទាន់ គឺពន្លឿនការសាងសង់រោងចក្រនៅកម្ពុជា បន្ទាប់មកពួកគេនឹងដឹកជញ្ជូនតែវត្ថុធាតុដើមចូលមកកម្ពុជាប៉ុណ្ណោះ ដោយប្ដូរពីផលិតនៅប្រទេសថៃរួចដឹកជញ្ជូនចេញមកកម្ពុជា មកផលិតនៅកម្ពុជាសម្រាប់លក់នៅទីផ្សារកម្ពុជាម្ដង។
កត់សម្គាល់ថា ទីផ្សារភេសជ្ជៈកំប៉ុងផ្ទុកជាតិស្ករខ្ពស់នៅកម្ពុជា ជារួម ពោលរាប់ភេសជ្ជៈផ្អែមគ្រប់ប្រភេទ គឺត្រូវបានគេសង្កេតឃើញថាកំពុងរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលរោងចក្រផលិតភេសជ្ជៈកំពុងដំណើរការស្រាប់នៅក្នុងស្រុកក៏កំពុងបញ្ចេញផលិតផលថ្មីៗរបស់ពួកគេរឹតតែច្រើន។ គ្រាន់តែភេសជ្ជៈប៉ូវកម្លាំង Carabao មួយ លក់បានជាមធ្យម ៤៨០លានកំប៉ុងក្នុងមួយឆ្នាំ ដូច្នេះបើសរុបគ្រប់យីហោភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែម ទាំងនាំចូល និងផលិតក្នុងស្រុក នោះគឺមិនតិចពាន់លានកំប៉ុងទេ ខណៈពេលប្រជាជនកម្ពុជាមានចំនួនសរុបត្រឹមជាង ១៧លាននាក់៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0