ក្រោយពន្យាពេលជាច្រើនលើកតាំងពីឆ្នាំ២០២៤ នៅពេលនេះក្រុមហ៊ុន LG Electronics របស់កូរ៉េខាងត្បូង សាខានៅប្រទេសឥណ្ឌា ទើបសម្រេចថានឹងបោះលក់ភាគហ៊ុនក្នុងផ្សារមូលបត្រឥណ្ឌានៅដើមខែតុលា ឆ្នាំ២០២៥នេះ។ ក្រុមហ៊ុន LG សាខានៅឥណ្ឌា គ្រោងប្រមូលទុនថ្មីចំនួន ១៣០០លានដុល្លារ ពីការឡើង IPO ខាងលើ តាមរយៈការលក់ភាគហ៊ុនចំនួន ១៥% នៃចំនួនហ៊ុនសរុប ក្នុងតម្លៃ ១០៨០-១១៤០រូពីក្នុងមួយហ៊ុន ឬស្មើមួយហ៊ុនប្រហែល ១៩ដុល្លារអាមេរិក ជាមួយរង្វាស់តម្លៃសរុប Valuation ចំនួន ៨៧០០លានដុល្លារ។ នេះបើតាមព័ត៌មានដកស្រង់ពីទីភ្នាក់ងារ រ៉យទ័រ។
ការបើកលក់ភាគហ៊ុនរបស់ LG សម្រាប់ប្រតិបត្តិការនៅឥណ្ឌានេះ នឹងចាប់ផ្ដើមបើកលក់ដំបូង ចាប់ពីថ្ងៃអង្គារ ទី៧តុលានេះទៅ ហើយសម្រាប់វិនិយោគិនធំៗអាចចាប់ផ្ដើមដាក់ដេញថ្លៃប្រមូលទិញមុនគេ ចាប់ពីថ្ងៃទី៦ តុលា។
គួររំលឹកថា ទម្រាំឈានដល់ការឡើងផ្សារហ៊ុនឥណ្ឌាក្នុងខែតុលាឆ្នាំ២០២៥នេះ ក្រុមហ៊ុន LG បានពន្យាពេលជាច្រើនលើកមកហើយ ដោយដំបូងឡើយគ្រោងចាប់ផ្ដើមនៅខែធ្នូឆ្នាំ២០២៤ ប៉ុន្តែត្រូវបានពន្យាទៅខែឧសភា ឆ្នាំ២០២៥ រួចត្រូវបានលើកពេលទៀត ដោយសារកាលនោះស្ថានភាពទីផ្សារមិននឹងនរ។
កត់សម្គាល់ថា ក្រុមហ៊ុន LG Electronics របស់កូរ៉េខាងត្បូង គឺជាក្រុមហ៊ុនផលិត និងលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជា ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនត្រជាក់ និងឧបករណ៍អេឡិចត្រូនិកជាច្រើនមុខផ្សេងទៀត។ ក្រុមហ៊ុន LG កំពុងក្ដោបក្ដាប់ចំណែកទីផ្សារធំជាងគេលំដាប់ទី២ ក្នុងទីផ្សារឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះនៅប្រទេសឥណ្ឌា ដែលជាទីផ្សារធំមានប្រជាជនដល់ទៅជាង ១៤៥០លាននាក់។ ក្រុមហ៊ុន LG កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនកូរ៉េដូចគ្នា គឺ ក្រុមហ៊ុន Samsung និងក្រុមហ៊ុនអាមេរិក Whirlpool។
គូសបញ្ជាក់ថា ការឡើង IPO នៅផ្សារហ៊ុនឥណ្ឌាខាងលើ គឺគ្របដណ្ដប់លើតែប្រតិបត្តិការរបស់ក្រុមហ៊ុន LG Electronic នៅប្រទេសឥណ្ឌាប៉ុណ្ណោះ ពោលមិនរួមបញ្ចូលក្រុមហ៊ុនមេ LG Electronic Inc ដែលកំពុងត្រូវបានជួញដូរក្នុងផ្សារហ៊ុនកូរ៉េឡើយ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0