បន្ទាប់ពីទើបវាយអ៊ីរ៉ង់ លោក Trump កំពុងព្យាយាមទប់តម្លៃប្រេងលើទីផ្សារ ខណៈអ៊ីរ៉ង់ព្រមានសងសឹកវិញ

June 23, 2025
1Min Read
70 Views

ប្រធានាធិបតីអាមេរិក លោក Donald Trump តាមរយៈការបង្ហោះសារលើបណ្ដាញសង្គមនៅថ្ងៃចន្ទនេះ បានទាមទារឱ្យក្រុមហ៊ុនផលិតថាមពល ធ្វើយ៉ាងណាទប់តម្លៃប្រេងនៅលើទីផ្សារ។ ការចេញមកទាមទារឲ្យក្រុមហ៊ុនផលិតប្រេងចេញវិធានការរក្សាតម្លៃប្រេងនេះធ្វើឡើងបន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលកំពុងជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារតែមានការភ័យខ្លាចថាការវាយប្រហារតបតគ្នាទៅវិញទៅមក នឹងអាចបង្កឱ្យមានជម្លោះកាន់តែធំឡើងនៅតំបន់ប្រទេសផលិតប្រេងមជ្ឈិមបូព៌ា។

ដោយឡែកប្រទេសអ៊ីរ៉ង់បានព្រមានថាខ្លួននឹងសងសឹកវិញ ឆ្លើយតបចំពោះការសម្រេចចិត្តរបស់លោក Trump ដែលបានសម្រេចលូកដៃចូលរួមដោយផ្ទាល់ជាមួយអ៊ីស្រាអែល តាមរយៈការវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីកន្លែងរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។ ជាវិធានមួយការតបវិញ ទីក្រុងតេអេរ៉ង់អាចបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងនៅឈូងសមុទ្រពែរ្ស។ ច្រកសមុទ្រ Hormuz នេះ គ្រប់គ្រងនាវាដឹកជញ្ជូនប្រេងស្មើប្រហែលមួយភាគបួននៃការដឹកជញ្ជូនប្រេងលើសមុទ្ររបស់ពិភពលោក។

កត់សម្គាល់ថានៅសហរដ្ឋអាមេរិក គោលនយោបាយតម្លើងពន្ធនាំចូលរបស់លោក Trump បានធ្វើឲ្យមានការព្រួយបារម្ភលើបញ្ហាអតិផរណា ឬទំនិញឡើងថ្លៃស្រាប់ទៅហើយ ដូច្នេះវានឹងមិនមែនជារឿងល្អទេប្រសិនបើតម្លៃប្រេងកើនឡើងដោយសារតែសកម្មភាពសងសឹករបស់អ៊ីរ៉ង់ ព្រោះថាលោក Trump និងគណបក្សសាធារណរដ្ឋ នឹងប្រឈមសម្ពាធពីមហាជន និងអ្នកនយោបាយខាងជំទាស់។

ប្រសិនបើច្រកសមុទ្រខាងលើត្រូវបានអ៊ីរ៉ង់បិទមិនឲ្យមានការដឹកជញ្ជូនឆ្លងកាត់ នោះប្រេងឆៅអាចឡើងដល់ ១៣០ដុល្លារក្នុងមួយបារ៉ែល នេះបើយោងតាមការព្យាករណ៍ពីក្រុមអ្នកតាមដានសេដ្ឋកិច្ចរបស់សារព័ត៌មាន Bloomberg។ 

ទោះជាយ៉ាងណាក៏ដោយ លេខាធិការសារព័ត៌មានប្រចាំសេតវិមានអាមេរិក លោកស្រី Karoline Leavitt បាននិយាយនៅថ្ងៃចន្ទនេះថា “សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងសកម្ម និងជិតស្និទ្ធលើស្ថានភាពនៅច្រកសមុទ្រ Hormuz” ហើយលោកស្រីបាននិយាយទៀតថា “របបដឹកនាំអ៊ីរ៉ង់នឹងក្លាយជាមនសុ្សល្ងង់ដែលជ្រើសការសម្រេចចិត្តបិទច្រកសមុទ្រនោះ" ។

សូមជម្រាបថានៅថ្ងៃចន្ទនេះ សន្ទស្សន៍​ទីផ្សារប្រេងឆៅលើទីផ្សារ​ពិភពលោក បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៧៧ដុល្លារក្នុងមួយបារ៉ែល ខណៈភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ វាបានហក់ឡើងដល់ ៨១,៤០ ដុល្លារ​ក្នុង​មួយ​បារ៉ែល៕

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider