រដ្ឋាភិបាលកម្ពុជានឹងបន្តព្យាយាមចរចាពន្ធជាមួយសហរដ្ឋអាមេរិកចំពោះវិស័យដាច់ដោយឡែកបន្ថែមទៀត ទោះបីរដ្ឋបាលលោកប្រធានាធិបតី Donald Trump យល់ព្រមបន្ថយពន្ធពី ៤៩% មកនៅត្រឹម ១៩% ហើយក៏ដោយ។ កត់សម្គាល់ថា អត្រាពន្ធ ១៩% នេះ ត្រូវបានសម្រេចគិតលើទំនិញគ្រប់មុខរបស់កម្ពុជា ប៉ុន្តែប្រទេសនីមួយៗអាចបន្តចរចាពន្ធលើវិស័យជាក់លាក់រៀងៗខ្លួន សំដៅលើវិស័យដែលគ្មានការគំរាមកំហែងដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាទំនិញក្នុងវិស័យកាត់ដេរជាដើម។
ក្រៅពីសម្រេចបានកិច្ចព្រមព្រៀងពន្ធក្នុងអត្រាប្រកួតប្រជែងខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចំពោះកិច្ចទទួលបេសកកម្មចរចាពន្ធជាមួយអាមេរិក ក៏បានឲ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធខាងក្នុងឲ្យមានតម្លៃដឹកជញ្ជូនទាប និងលឿនរហ័ស ព្រមទាំងកែលម្អនិតិវិធីពាក់ព័ន្ធសម្រាប់អ្នកវិនិយោគឲ្យកាន់តែមានភាពងាយស្រួល និងទាក់ទាញវិនិយោគិនបរទេសឲ្យមកសាងសង់រោងចក្រនៅកម្ពុជារឹតតែច្រើន។
មានតំណែងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឲ្យដឹងទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញការអនុម័តគម្រោងរបស់អ្នកវិនិយោគដែលមានផែនការសាងសង់រោងចក្រនៅកម្ពុជា។ គួរជ្រាបថា ស្របពេលពលករខ្មែរក្នុងចំនួនច្រើនម៉ឺននាក់បាន និងកំពុងវិលត្រឡប់ពីប្រទេសថៃក្រោយប្រទេសទាំងពីរផ្ទុះជម្លោះជាមួយគ្នា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការងារជូនពួកគាត់នៅក្នុងប្រទេសកំណើតវិញម្ដង ដូច្នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធនឹងព្យាយាមធ្វើការរួមគ្នាជំរុញកំណើនការងារសម្រាប់ផ្ដល់ជូនពលករខ្មែរដែលវិលពីប្រទេសថៃ។
សូមជម្រាបថា ក្នុងរយៈពេល៦ ខែដំបូងឆ្នាំ២០២៥ នេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៥៥២៦លានដុល្លារ ខណៈការនាំចូលមានចំនួន ១៦៥លានដុល្លារ ដែលជាកំណើនគួរឲ្យកត់សម្គាល់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែកបើគិតរយៈពេល១២ខែពេញកាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅអាមេរិកចំនួន ៩៩១៦លានដុល្លារ និងនាំចូលចំនួន ២៦៤លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0