លោក Trump កំណត់ពន្ធ 36% លើកម្ពុជា ខណៈថៃបរាជ័យក្នុងការចរចា ប៉ុន្តែវៀតណាមកំពុងក្លាយជាអ្នកឈ្នះ

July 08, 2025
1Min Read
259 Views

សហរដ្ឋអាមេរិក ដឹកនាំដោយលោកប្រធានាធិបតី Donald Trump បានសម្រេចកំណត់អត្រាពន្ធថ្មី ៣៦% លើប្រទេសកម្ពុជា ទាបជាងអត្រាពន្ធចាស់ ៤៩%។ អត្រាពន្ធ ៣៦% លើទំនិញរបស់កម្ពុជានេះ គ្រោងចូលជាធរមាននៅថ្ងៃទី ០១ ខែសីហា ខាងមុខ។ 

នៅក្នុងលិខិតផ្ញើមកកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក Trump បាននិយាយថា ភាគីកម្ពុជាអាចដាក់សំណើរចរចាបន្ថែមមុនដល់ថ្ងៃវាចូលជាធរមាន ពោលក្នុងរយៈពេល៣សប្ដាហ៍នៅសេសសល់ ពន្ធ ៣៦% នេះអាចត្រូវបានបន្ថយឲ្យកាន់តែទាប ប្រសិនបើលោក Trump ទទួលយកសម្បទានពាណិជ្ជកម្មបន្ថែមពីភាគីកម្ពុជា។ យ៉ាងណាលោក Trump បានគំរាមថានឹងដាក់ពន្ធឲ្យកាន់តែធ្ងន់ ប្រសិនបើហ៊ានធ្វើសកម្មភាពសងសឹកសហរដ្ឋអាមេរិកវិញ លើការដាក់ពន្ធនេះ។ 

ទន្ទឹមពេលគ្នានេះដែរ ប្រទេសថៃនៅបន្តប្រឈមពន្ធ ៣៦% ដដែល ដូចអត្រាចាស់មិនទាន់ចរចា។ ចំណែកប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងក៏ប្រឈមពន្ធក្នុងអត្រាចាស់ដដែលផងដែរ។ រីឯប្រទេសជប៉ុន និងម៉ាឡេស៊ី ត្រូវបានលោក Trump បន្ថែម ១% ពីលើអត្រាពន្ធចាស់ ឡើងពី ២៤% មក ២៥%។ ចំណែកឯប្រទេសសមាជិកអាស៊ានចំនួនពីរទៀត រួមមានឡាវ និងមីយ៉ាន់ម៉ា ប្រឈមពន្ធ ៤០% ថយចុះពីអត្រាពន្ធចាស់ ៤៨% និង ៤៤% រៀងគ្នា។

gfx_new_tariffs_levis_imported_goods_us_united_states_august_1.jpeg

ដោយឡែកប្រទេសវៀតណាមដែលសម្រេចបានកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិក ២០% និង ៤០% លើទំនិញឆ្លងកាត់ នៅពេលនេះកំពុងស្ថិតក្នុងចំណុចដ៏ជោគជ័យបំផុតមួយក្នុងការចរចាពន្ធជាមួយរដ្ឋបាលលោក Trump។ វៀតណាមឥឡូវនេះកំពុងក្លាយជាទិសដៅដែលក្រុមហ៊ុនបរទេសពិចារណាលទ្ធភាពវិនិយោគខ្ពស់។ ពន្ធ ២០% សម្រាប់ទំនិញផលិតនៅវៀតណាម គឺទាបជាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកទៅទៀត។

ការកំណត់អត្រាពន្ធមកត្រឹម ៣៦% លើប្រទេសកម្ពុជា និងប្រទេសចំនួន ១៣ទៀត ដោយកំណត់ពេលចូលជាធរមានក្នុងរយៈពេល ៣សប្ដាហ៍បន្ទាប់ដូច្នេះ អាចជាតាក់តិករបស់លោក Trump ពោលវាទំនងជាមិនមែនអត្រាពន្ធសម្រេចចុងក្រោយនៅឡើយទេ។ ក្នុងរយៈពេល ៣សប្ដាហ៍មុនដល់ថ្ងៃចូលជាធរមាន កម្ពុជា និងប្រទេសផ្សេងទៀត អាចបន្តពិភាក្សាគ្នាជាមួយរដ្ឋបាលលោក Trump ដើម្បីស្វែងរកការបន្ធូរបន្ថយបន្ថែម ហើយប្រសិនបើវាដំណើរការល្អប្រសើរ នោះអត្រាពន្ធកែសម្រួលថ្មីមួយទៀតនឹងត្រូវបានប្រកាសមុនថ្ងៃទី ០១ សីហា។ 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃដែលទទួលបន្ទុកចរចាជាមួយអាមេរិក ទើបបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមានទំនុកចិត្តខ្ពស់ថាអាចចរចាបន្ថែម ដើម្បីបន្ថយពន្ធក្នុងអត្រា ៣៦% នេះ។ ប្រទេសជិតខាងកម្ពុជាមួយនេះ បានដាក់សំណើរមិនយកពន្ធលើទំនិញប្រហែល ៩០% របស់អាមេរិកដែលនាំចូលប្រទេសថៃ ដោយក្នុងនោះមានទំនិញមួយចំនួនត្រូវបានលើកលែងពន្ធនាំចូលទាំងស្រុង។ ក្រៅពីនេះប្រទេសថៃក៏បានពង្រីកសំណើរបង្កើនការទិញប្រេង និងយន្តហោះពីអាមេរិកផងដែរ ដើម្បីបំពេញចិត្តលោក Trump។ 

គួរឲ្យចាប់អារម្មណ៍ដែរថា វៀតណាមដែលសម្រេចបានជោគជ័យជាងគេក្នុងការចរចាពន្ធមកត្រឹម ២០% ជាមួយអាមេរិក កាលពីខែឧសភាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Trump Organization របស់គ្រួសារលោកប្រធានាធិបតី Trump បានបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនវៀតណាម Kinh Bac City Development ក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រណិតតម្លៃ ១៥០០លានដុល្លារ រួមមានសណ្ឋាគារ និងទីលានវាយកូនហ្គោល នៅប្រទេសវៀតណាម។ ក្រៅពីនេះ ក្រុមហ៊ុន Trump Organization ក៏កំពុងស្វែងរកទីតាំងមួយក្នុងទីក្រុង Ho Chi Minh ដើម្បីសាងសង់អគារ Trump Tower ផងដែរ។ 

សូមជម្រាបថា ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៥ នេះ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក សម្រេចបានចំនួន ៤៣៥៧លានដុល្លារ កើនឡើងចំនួន ៩២៧លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កំណើននាំចេញដ៏ច្រើននេះ គឺជំរុញដោយកំណើនបញ្ជាទិញពីក្រុមហ៊ុននៅអាមេរិក ដែលចង់បានទំនិញទៅស្តុកទុកមុនថ្ងៃពន្ធខ្ពស់ចូលជាធរមាន៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider