លោក Trump គំរាមបន្ថែមពន្ធ ១០% លើប្រទេសសមាជិក BRICS ដែលចូលរួមផែនការប្រឆាំងគោលនយោបាយសហរដ្ឋអាមេរិក

July 07, 2025
1Min Read
235 Views

លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកនឹងដាក់ពន្ធបន្ថែម 10% លើប្រទេសណាដែលរួមដៃក្នុងគោលនយោបាយក្រុមប្រទេស BRICS ដើម្បីប្រឆាំងសហរដ្ឋអាមេរិក។ លោក Trump បាននិយាយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនៅលើបណ្ដាញសង្គម Truth Social របស់គាត់ថា “ប្រទេសណាមួយដែលរៀបចំខ្លួនសម្របតាមគោលនយោបាយប្រឆាំងអាមេរិករបស់ក្រុមប្រទេស BRICS នឹងត្រូវបានគិតពន្ធបន្ថែម 10%”។ លោកបញ្ជាក់បន្ថែមទៀតថា “នឹងគ្មានការលើកលែងចំពោះគោលការណ៍ (ប្រឆាំងអាមេរិក) នេះទេ។”

ការគំរាមគិតពន្ធ 10% បន្ថែមខាងលើ មានន័យថាប្រទេសដែលជាប់ពន្ធបដិការ នឹងត្រូវបូក 10% បន្ថែមលើអត្រាពន្ធគយបដិការមានស្រាប់។ សូមជម្រាបថា BRICS គឺជាប្រជាជាតិមួយក្រុម ដែលរួមមានប្រទេសប្រេស៊ីល ចិន រុស្ស៊ី អាហ្រ្វិកខាងត្បូង និងឥណ្ឌា។ ក្រុមប្រទេស BRICS ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា បង្កើតឡើងដើម្បីតែប្រឆាំងខ្លួនដែលជាប្រទេសមហាអំណាចលេខមួយ។

លោក Trump ក៏ធ្លាប់បានគំរាមថានឹងយកពន្ធ 100% លើក្រុមប្រទេស BRICS ផងដែរ ប្រសិនបើពួកគេដកប្រាក់ដុល្លារអាមេរិកចេញពីការធ្វើពាណិជ្ជកម្មទ្វេភាគីក្នុងចំណោមសមាជិករបស់ BRICS។ ក្រុមប្រទេស BRICS  ជាពិសេសរុស្សីដែលបាន និងកំពុងហ៊ុមព័ន្ធដោយទណ្ឌកម្មសេដ្ឋកិច្ច បានព្យាយាមជំរុញឲ្យបង្កើនល្បឿនអភិវឌ្ឍប្រព័ន្ធទូទាត់ថ្មីមួយ និងឧបករណ៍ផ្សេងទៀតដែលអាចជួយសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសមាជិកក្រុមរបស់ខ្លួន ក៏ប៉ុន្តែក្រោយមកផែនការនេះហាក់ស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការគំរាមកំហែងពីសហរដ្ឋអាមេរិក និងការមិនយល់ស្របគ្នា តួយ៉ាងប្រទេសឥណ្ឌា ដែលមិនទាន់ទុកចិត្តប្រព័ន្ធទូទាត់អន្តរជាតិថ្មីជំនួសប្រព័ន្ធទូទាត់មានស្រាប់ Swift និងប្រាក់ដុល្លារអាមេរិក។ 

ទោះបីជាវឌ្ឍនភាពមានភាពយឺតយ៉ាវក៏ដោយ កាលពីចុងសប្តាហ៍មុន មេដឹកនាំក្រុម BRICS បានយល់ព្រមបន្តការពិភាក្សាលើប្រព័ន្ធទូទាត់ឆ្លងដែនសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាគម្រោងមួយធ្លាប់បានពិភាក្សាគ្នាអស់រយៈពេលមួយទសវត្សរ៍មកហើយ។

ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះសារគម្រាមតម្លើងពន្ធរបស់លោក Trump ខាងលើ មិនបានបញ្ជាក់ថាតើមានគោលនយោបាយណាខ្លះដែលលោកចាត់ទុកថាជា “ការប្រឆាំងអាមេរិក” នោះទេ។ អ្នកវិភាគមួយចំនួនយល់ថា សារគំរាមរបស់លោក Trump ដោយប្រើប្រាស់ការតម្លើងពន្ធគយជាអាវុធនេះ គ្រាន់តែដើម្បីបន្លាចសមាជិកនៃក្រុមប្រទេស BRICS មួយចំនួនប៉ុណ្ណោះ ប៉ុន្តែវាអាចមានប្រសិទ្ធភាពខ្ពស់ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងច្របូកច្របល់ដោយសារអត្រាពន្ធខ្ពស់របស់សហរដ្ឋអាមេរិក គ្រោងចូលជាធរមាននៅថ្ងៃទី 1 សីហាខាងមុខនេះ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider