ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់អាមេរិក នៅតែរងសម្ពាធចរចាពន្ធលោក Trump ខណៈការពន្យាអនុវត្តអត្រាពន្ធពេញនឹងផុតនៅថ្ងៃ ៩កក្ដដានេះហើយ

June 30, 2025
1Min Read
186 Views

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតី Donald Trump បាននិយាយថាពន្ធ ២៥% លើរថយន្តរបស់ជប៉ុនដែលនាំចូលទៅលក់នៅអាមេរិកនឹងត្រូវអនុវត្តបន្ត ខណៈការចរចាពន្ធបដិការរវាងប្រទេសទាំងពីរនៅមិនទាន់សម្រេចបានលទ្ធផលនៅឡើយ។ លោក Trump បាននិយាយថា ជប៉ុនបានលក់រថយន្តឲ្យអាមេរិករាប់លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែមិនទិញរថយន្តរបស់អាមេរិកវិញទេ។ បើមិនទិញរថយន្ត លោក Trump បាននិយាយជំរុញឲ្យជប៉ុនបង្កើនការទិញប្រេងពីអាមេរិកឲ្យបានក្នុងចំនួនដ៏ច្រើន និងទិញទំនិញផ្សេងទៀតរបស់អាមេរិក។ 

គួររំលឹកថា ជប៉ុនកំពុងរងពន្ធបដិការរបស់លោក Trump លើទំនិញទូទៅក្នុងអត្រា ២៤% ព្រមទាំងរងពន្ធលើទំនិញជាក់លាក់  រួមមាន ២៥% លើរថយន្ត និង ៥០% លើដែក និងអាលុយមីញូម។ បច្ចុប្បន្នពន្ធបដិការលើជប៉ុនត្រូវបានអនុវត្តបណ្ដោះអាសន្ន ១០% ដូចប្រទេសផ្សេងទៀតរួមទាំងកម្ពុជា ប៉ុន្តែវានឹងផុតកំណត់នៅថ្ងៃទី៩ កក្ដដាខាងមុខនេះហើយ។ សហរដ្ឋអាមេរិកនឹងគិតពន្ធពេញលើប្រទេសណាដែលចរចាគ្នាមិនត្រូវ ក្នុងរយៈពេលពន្យាការអនុវត្ត ៩០ថ្ងៃ បើគិតចាប់ពីដើមខែមេសាមក។

កាលពីឆ្នាំ២០២៤ សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយជប៉ុនចំនួន ៥៩,៣ពាន់លានដុល្លារ។ មកទល់ពេលនេះ សហរដ្ឋអាមេរិក និងជប៉ុន នៅតែមិនទាន់ចរចាគ្នាសម្រេចបានលទ្ធផលនៅឡើយទេ បើទោះបីជាមន្ត្រីជាន់ខ្ពស់របស់ជប៉ុន លោក Ryosei Akazawa បានព្យាយាមស្កាត់ទៅជួបភាគីអាមេរិកយ៉ាងណាក៏ដោយ។ ការចរចាជុំថ្មីកន្លងទៅ លោក Akazawa បានជួបត្រឹមលោក Howard Lutnick រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មអាមេរិកប៉ុណ្ណោះ ដោយមិនអាចជួបរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent នោះទេ បើទោះបីជាអ្នកតំណាងជប៉ុន ខិតខំពន្យាពេលដំណើរទស្សនកិច្ចរបស់ខ្លួនចំនួនមួយថ្ងៃបន្ថែម ដើម្បីបានជួបលោក Bessent ក៏ដោយ។ 

កត់សម្គាល់ថាប្រទេសជប៉ុន គឺជាសម្ព័ន្ធមិត្តដ៏ធំមួយរបស់សហរដ្ឋអាមេរិក ហើយជប៉ុនបានព្យាយាមបង្កើនការវិនិយោគនៅអាមេរិករាប់រយពាន់លានដុល្លាររួចទៅហើយ ព្រមទាំងផ្ដល់សម្បទានពាណិជ្ជកម្មមួយចំនួនទៀត ក៏ប៉ុន្តែគិតត្រឹមចុងខែមិថុនានេះ ប្រទេសជប៉ុននៅតែមិនទាន់អាចសម្រេចបានលទ្ធផលចរចា ដើម្បីលើកលែង ឬបន្ធូរបន្ថយពន្ធបដិការ ២៤% ដែលដាក់ដោយរដ្ឋបាលលោក Trump នៅឡើយ។ ការណ៍នេះកំពុងធ្វើឲ្យប្រទេសជាច្រើនផ្សេងទៀតបារម្ភថា បើសូម្បីតែជប៉ុននៅតែមិនអាចចរចាត្រូវជាមួយអាមេរិក ថាតើប្រទេសឯទៀតត្រូវលះបង់ច្រើនប៉ុណ្ណាទៅ ទើបអាចផ្គាប់ចិត្តលោក Trump បាន! 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider