តម្លៃផ្លែដូងស្រស់របស់កសិករថៃបានធ្លាក់ចុះនៅត្រឹម ២-៣បាត ឬស្មើប្រហែលជិត ៤០០ រៀលខ្មែរប៉ុណ្ណោះក្នុងមួយផ្លែ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ការធ្លាក់ចុះតម្លៃផ្លែដូងរបស់ថៃនេះ គឺដោយសារតែប្រទេសវៀតណាមដណ្ដើមបានទីផ្សារផ្លែដូងនៅប្រទេសចិន ដែលកាលពីមុនគ្រប់គ្រងដោយប្រទេសថៃ។ គួររំលឹកថា កាលពីឆ្នាំ ២០២៤ ប្រទេសវៀតណាមទទួលបានការអនុញ្ញាតិពីប្រទេសចិនឲ្យនាំចេញផ្លែដូងទាំងស្រស់ និងដូងកែច្នៃទៅកាន់ទីផ្សារដ៏ធំក្នុងតំបន់អាស៊ីខាងលើ។ គិតចាប់ពីចុងឆ្នាំ ២០២៤ មក ប្រទេសវៀតណាមបានចាប់ផ្ដើមចូលទៅដណ្ដើមចំណែកទីផ្សារនៅប្រទេសចិន ហើយឈ្មួញចិនបានប្ដូរទៅបញ្ជាទិញផ្លែដូងពីប្រទេសវៀតណាមវិញ ធ្វើឲ្យផ្លែដូងថៃធ្លាក់ថ្លៃ បាត់បង់ទីផ្សារជាបន្តបន្ទាប់។
រហូតមកដល់ត្រឹមថ្ងៃទី ២២ តុលា ឆ្នាំ២០២៥ នេះ តម្លៃផ្លែនៅតាមចម្ការក្នុងខេត្ត Songakhla ប្រទេសថៃ បានធ្លាក់មក ៣បាតប៉ុណ្ណោះក្នុងមួយផ្លែ ខណៈថ្លៃដើមជាមធ្យមចំណាយអស់ ៤-៥ បាតទៅហើយ ពោលកសិករខាតពាក់កណ្ដាលនៃថ្លៃដើម។ នេះបើតាមខ្លឹមសារព័ត៌មានផ្សាយដោយកាសែតថៃ The Nation ដដែល។
សូមជម្រាបថា វៀតណាមជាប្រទេសផលិតផ្លែដូងធំជាងគេលេខរៀងទី ៧ លើពិភពលោក។ ប្រទេសនេះរកបានប្រាក់ចំណូលពីការនាំចេញផ្លែដូងបានត្រឹមតែ ១៨០ លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ ២០១០ ប៉ុន្តែមកដល់ឆ្នាំ ២០២៤ ចំណូលពីការនាំចេញផ្លែដូងរបស់ពួកគេ បានកើនដល់លើស ១ ពាន់លានដុល្លារ។ បូកបន្ថែមចំណែកទីផ្សារនៅប្រទេសចិនដែលទើបដណ្ដើមបានពីប្រទេសថៃនេះទៀត ចំណូលពីការនាំចេញផ្លែដូងរបស់វៀតណាម នឹងកើនឡើងកាន់តែខ្លាំងសម្រាប់ឆ្នាំ ២០២៥ នេះ។
កត់សម្គាល់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារកសិផលរបស់ថៃនៅប្រទេសចិន និងជុំវិញពិភពលោក គឺត្រូវបានវៀតណាមប្រកួតប្រជែងជាបន្តបន្ទាប់។ តួយ៉ាង ទីផ្សារនាំចេញផ្លែទុរេន និងអង្កររបស់ថៃ ក៏បាន និងកំពុងរងការគំរាមកំហែងពីវៀតណាមដែរ។
ដោយឡែក ពាក់ព័ន្ធនឹងការបិទព្រំដែនជាមួយកម្ពុជា ក៏អាចជាមូលហេតុមួយរួមចំណែកធ្វើឲ្យផ្លែដូងរបស់ថៃធ្លាក់ថ្លៃគ្មានទីផ្សារដែរ ប៉ុន្តែកាសែតថៃខាងលើមិនបានលើកឡើងពីចំណុចនេះទេ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0