ក្រុមហ៊ុន Grab ចេញលក់បណ្ណបំណុលអាចបំប្លែងបាន $1.25ពាន់លាន ចំពេលមានការរំពឹងថាក្រុមហ៊ុនអាចកំពុងរៀបចំទិញយក GoTo

June 11, 2025
1Min Read
129 Views

ក្រុមហ៊ុនមានមូលដ្ឋាននៅសិង្ហបុរី Grab Holdings បានប្រកាសពីផែនការលក់មូលបត្របំណុលចំនួន $1.25 ពាន់លានដុល្លារ អាមេរិក ដែលជាប្រភេទបណ្ណបំណុលអាចបំប្លែងទៅជាភាគហ៊ុនបាន (Convertible Bond) ចំពេលមានការរំពឹងថា ក្រុមហ៊ុន Grab អាចនឹងប្រើប្រាស់សាច់ប្រាក់បានពីការលក់បណ្ណបំណុលនេះ ដើម្បីគាំទ្រដល់ដំណើរការទិញយកក្រុមហ៊ុន GoTo Group របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាគូប្រជែងរបស់ខ្លួននៅទីផ្សារអាស៊ាន។

ភាគហ៊ុនរបស់ GoTo បានកើនឡើង 8.2% នៅក្នុងផ្សារហ៊ុនទីក្រុងហ្សាកាតាកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីមានព័ត៌មានថាក្រុមហ៊ុន Grab ចេញលក់បណ្ណបំណុលខាងលើ។ 

កាលពីថ្ងៃច័ន្ធដើមសប្ដាហ៍នេះ ក្រុមហ៊ុន Grab បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ក្នុងពេលបច្ចុប្បន្នខ្លួនមិនស្ថិតក្នុងការចរចាទិញយក GoTo ទេ។ ទោះជាយ៉ាងណា ការប្រកាសលក់បណ្ណបំណុលចំនួន 1,250 លានដុល្លារកាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើឲ្យគេរំពឹងថាលទ្ធភាពបង្រួមអាជីវកម្មចូលគ្នាតែមួយរវាង Grab និង GoTo ដែលជាក្រុមហ៊ុនជញ្ជូនអាហារ និងអ្នកដំណើរលេចធ្លោក្នុងទីផ្សារតំបន់អាស៊ាន គឺមានសង្ឃឹមអាចទៅរួច។

សូមជម្រាបថា ក្រុមហ៊ុនគូប្រជែងគ្នាទាំងពីរនេះធ្លាប់បានជួបពិភាក្សាគ្នាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែការសម្រេចច្របាច់អាជីវកម្មចូលគ្នាតែមួយនៅតែមិនទាន់អាចកើតឡើងទេ ខណៈបញ្ហានិយ័តករនៅប្រទេសឥណ្ឌូនេស៊ីអាចជាឧបសគ្គដ៏ធំមួយរារាំងមិនឲ្យ Grab ទិញយក GoTo។ 

Maturity: 5 Years
Coupon Rate: 0-0.5%
Conversion Premium: 35%-40%

ចំពោះបណ្ណបំណុលអាចបំប្លែងជាភាគហ៊ុន មានទំហំ 1,250 លានដុល្លារ ដែល Grab ទើបប្រកាសចេញលក់ខាងលើ មានអាយុកាលសង 5ឆ្នាំ រាប់ចាប់ពីបច្ចុប្បន្នដល់ខែមិថុនា ឆ្នាំ2030 មានអត្រាការប្រាក់ពី 0-0.5% ក្នុងមួយឆ្នាំ អាចទូទាត់ការប្រាក់កន្លះឆ្នាំម្ដង និងមានបុព្វលាភពីការបំប្លែងទៅជាភាគហ៊ុនក្នុងអត្រាពី 35% ទៅ 40%។ នេះបើយោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមូលបត្របំណុលដែលរាយការណ៍ដោយ Bloomberg News។ 

ស្ថាប័នហិរញ្ញវត្ថុធំៗ រួមមាន Morgan Stanley, HSBC Holdings  និង JPMorgan Chase & Co. គឺជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀងចេញបណ្ណបំណុលរបស់ Grab ខាងលើ។ ភាគហ៊ុនរបស់ Grab ដែលចុះបញ្ជីជួញដូរនៅក្នុងផ្សារហ៊ុនអាមេរិក Nasdaq បានធ្លាក់ចុះ 6% កាលពីម្សិលមិញ មកនៅត្រឹម 4.68ដុល្លារអាមេរិកក្នុងមួយហ៊ុន។

កត់សម្គាល់ថា ក្រុមហ៊ុន Grab បាន និងកំពុងតែព្យាយាមក្រសោបយកទីផ្សារដឹកជញ្ជូននៅទូទាំងតំបន់អាស៊ាន តាមរយៈការធ្វើទីផ្សារ និងការទិញយកក្រុមហ៊ុនគូប្រជែង។ ដោយឡែកក្រុមហ៊ុន GoTo របស់ឥណ្ឌូនេស៊ី កន្លងមកបានដកខ្លួនចេញពីទីផ្សារប្រទេសថៃ និងវៀតណាមវិញ បន្ទាប់ពីប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងតឹងតែង។ កាលពីដើមឆ្នាំ2025 នេះ ក្រុមហ៊ុន Grab ក៏បានទិញយកក្រុមហ៊ុនដឹកអាហារ និងអ្នកដំណើររបស់ខ្មែរមួយដែរ គឺ Nham24 ក្នុងលក្ខខណ្ឌមិនបង្ហាញតម្លៃជាសាធារណៈ៕

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider