នៅសល់ពេលមួយសប្ដាហ៍ដើម្បីចរចា លោក Trump និយាយថាសហរដ្ឋអាមេរិក នឹងមិនបញ្ចុះពន្ធក្រោម ១៥% ទេ

July 24, 2025
1Min Read
85 Views

ប្រធានាធិបតីអាមេរិក លោក Donald Trump បានណែនាំប្រទេសដែលកំពុងចរចាបញ្ចុះពន្ធថា រដ្ឋបាលរបស់លោកនឹងមិនបន្ថយអត្រាពន្ធក្រោម ១៥% ទេ និងបានបង្ហើបថាប្រទេសប្រមាណ ៥០ នឹងជាប់ពន្ធពីអត្រា ១៥% ទៅ ៥០%។ ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងកិច្ចប្រជុំមួយស្ដីពីបច្ចេកវិទ្យា AI ដែលលោក Trump ទៅចូលរួម។ 

គួររំលឹកថា កាលពីដើមខែកក្កដានេះ លោក Trump បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលនៃប្រទេសប្រមាណ ១៥០ បញ្ចាក់ពីអត្រាពន្ធដែលប្រទេសនីមួយៗប្រឈម និងកំណត់ថ្ងៃទី១ សីហាជាថ្ងៃចាប់អនុវត្តអត្រាពន្ធទាំងនោះ។ ក្នុងនោះប្រទេសកម្ពុជាទទួលបានលិខិតបន្ថយពន្ធពីអត្រា ៤៩% មកនៅត្រឹម ៣៦% ស្មើនឹងអត្រាពន្ធដាក់លើប្រទេសថៃ ក៏ប៉ុន្តែសម្រាប់សេដ្ឋកិច្ចកម្ពុជា ពន្ធ ៣៦% គឺជាអត្រាប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់ខ្លួន ខណៈសហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ ទីផ្សារសហរដ្ឋអាមេរិកមួយ ស្មើនឹងការនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មកំពូលចំនួន ៧ ប្រទេសរបស់កម្ពុជា ពោលទីផ្សារនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជាចំនួន ៧ រួមមានទាំងចិន វៀតណាម ជប៉ុន កាណាណា និង៣ប្រទេសទៀត ទើបស្មើទំហំទីផ្សារសហរដ្ឋអាមេរិកមួយ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០២៤។ 

កាលពីថ្ងៃអង្គារម្សិលម្ងៃ សហរដ្ឋអាមេរិកបានសម្រេចបន្ថយពន្ធលើប្រទេសជប៉ុន ពីអត្រា ២៥% មកនៅត្រឹម ១៥% និងបន្ថយពន្ធលើហ្វីលីពីនពីអត្រា ២០% មកនៅត្រឹម ១៩%។ នៅតំបន់អាស៊ាន ក្រៅពីហ្វីលីពីន មានប្រទេសចំនួន ២ ទៀត គឺ វៀតណាម និងឥណ្ឌូនេស៊ី ក៏ត្រូវបានសហរដ្ឋអាមេរិកបញ្ចុះពន្ធមកនៅ ២០% និង ១៩% ដែរ ខណៈសិង្ហបុរីជាប់ត្រឹមអត្រាមូលដ្ឋាន ១០% ចាប់តាំងពីដើមខែមេសាមក ដែលជាពេលលោក Trump ប្រកាសពន្ធបដិការលើប្រទេសជុំវិញពិភពលោក។

Screenshot 2025-07-24 at 9.13.47 in the morning.png 

ប្រទេសដែលរងពន្ធខ្ពស់ខាងលើ បានដោះដូរផលប្រយោជន៍ជាមួយភាគីអាមេរិក ជាថ្នូរនឹងការបន្ថយពន្ធវិញ។ ក្នុងនោះមានការសន្យាទិញប្រេង ទិញកសិផល ទិញយន្តហោះ និងទំនិញផ្សេងទៀត ព្រមទាំងមិនគិតពន្ធលើទំនិញរបស់អាមេរិក ដើម្បីកែលម្អតុល្យភាពពាណិជ្ជកម្ម។ ដោយឡែកប្រទេសជឿនលឿនដូចជាជប៉ុនជាដើម បានសន្យាបង្កើតមូលនិធិវិនិយោគរហូតដល់ទៅ ៥៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។ ក្រៅពីនេះនៅមានសហភាពអឺរ៉ុប ឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសមានសេដ្ឋកិច្ចធំមួយចំនួនទៀតមិនទាន់ឈានដល់កិច្ចព្រមព្រៀងបញ្ចុះពន្ធនៅឡើយទេ ខណៈលោក Trump នៅបន្តទាមទារលក្ខខណ្ឌឲ្យប្រទេសទាំងនេះបើកចំហរទីផ្សាររបស់ខ្លួនឲ្យក្រុមហ៊ុនអាមេរិក និងបង្កើនការទិញទំនិញពីអាមេរិក ទើបលោកព្រមបញ្ចុះពន្ធឲ្យ៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider