នៅថ្ងៃពុធទី ២៣ ខែកក្កដានេះ ប្រទេសថៃបានបង្កើនការធ្វើសកម្មភាពរុញទំនាស់ជាមួយកម្ពុជាឲ្យកាន់តែក្ដៅបន្ថែមទៀត តាមរយៈការប្រើប្រាស់ឧប្បត្តិហេតុផ្ទុះគ្រាប់មីននៅតំបន់ព្រំដែន ដើម្បីកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងភ្នំពេញ និងបណ្ដេញអគ្គរដ្ឋទូតខ្មែរចេញពីទីក្រុងបាងកកដូចគ្នា។ នេះបើតាមសេចក្ដីរាយការណ៍ដោយបណ្ដាញផ្សព្វផ្សាយធំៗនៅស្រុកថៃ។
សកម្មភាពនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក Phumtham Wechayachai មកពីគណបក្សភឿថៃ ដែលជាបុគ្គល និងអ្នកនយោបាយកំពុងមានជម្លោះជាមួយមេដឹកនាំកម្ពុជា។ ការទម្លាក់ទំនាក់ទំនងការទូតដូច្នេះ នឹងធ្វើឲ្យការប្រឹងប្រែងអស់រយៈពេលរាប់ឆ្នាំកន្លងមកដើម្បីជំរុញពាណិជ្ជកម្ម ការដោះស្រាយវិវាទព្រំដែន និងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងប្រទេសទាំងពីរ ប្រែក្លាយជាគ្មានន័យ និងខាតបង់។
សូមជម្រាបថា ការសម្រេចទម្លាក់ទំនាក់ទំនងការទូតធ្វើឡើងដោយភាគីថៃនេះ គឺកើតមានបន្ទាប់ពីមានទាហានថៃម្នាក់ទៀត បានជាន់គ្រាប់មីនផ្ទុះបណ្ដាលឲ្យដាច់ជើងស្តាំ នៅក្នុងតំបន់ជម្លោះ Huai Bon ក្នុងខេត្ត Ubon Ratchathani។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៤:៥៥ នាទីល្ងាច ថ្ងៃទី២៣ កក្កដានេះ។
គួររំលឹកដែរថា លោក Phumtham ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃស្តីទីផងនោះ កាលពីពេលថ្មីៗនេះបានគំរាមជាច្រើនករណីលើកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជាកើនមានទំនាស់ជាមួយគ្នា ក្រោយបែកធ្លាយសារសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រីព្យួរតំណែង Paetongtan និងសម្តេចតេជោ ហ៊ុន សែន។ ការគំេរាមនោះក៏មានការហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅស្រុកវិញ និងការសង់របងបិទប្រាសាទក្នុងតំបន់មានជម្លោះផងដែរ។
ដោយឡែកក្រុមយោធា ផ្អែកលើហេតុផលទាហានរបស់ខ្លួនជាន់មីនកាលពីល្ងាចមិញដូចគ្នា លោក Boonsin Padklang មេបញ្ជាការភូមិភាគទី២ថៃ បានប្រកាសថាចាប់ទីថ្ងៃទី ២៤ កក្កដាស្អែកទៅ ខ្លួននឹងចាត់វិធានការនានាដើម្បីឆ្លើយតបកម្ពុជាវិញ ដោយអះអាងថាគ្រាប់មីនដែលផ្ទុះនោះជាគ្រាប់ទើបដាក់ថ្មី និងចោទថាកម្ពុជាជាអ្នកដាក់។
វិធានការដែលមេបញ្ជាការភូមិភាគទី២ថៃរូបនេះគ្រោងអនុវត្តនៅថ្ងៃស្អែក រួមមានការបិទច្រកព្រំដែនចំនួនបួន គឺច្រក Chong An Ma, Chong Sa Ngam, Chong Chom និងច្រក Chong Sai Taku ព្រមទាំងបិទការធ្វើដំណើរការចូលទៅកាន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ភាគីកម្ពុជាបានបដិសេធថាខ្លួនមិនបានដាក់មីនថ្មី និងរំលោភកិច្ចព្រមគ្រៀងអន្តរជាតិស្ដីពីគ្រាប់មីនប្រឆាំងមនុស្សឡើយ។ គិតត្រឹមល្ងាចថ្ងៃពុធ ទី២៣ កក្កដានេះ រដ្ឋាភិបាលកម្ពុជាពុំទាន់ឆ្លើយតបចំពោះរដ្ឋាភិបាល និងក្រុមយោធាថៃ ដែលទើបបានប្រកាសទម្លាក់ទំនាក់ទំនងការទូត និងបិទប្រាសាទចំនួនពីរខាងលើ នៅឡើយទេ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0