ក្រុមហ៊ុនបច្ចេកវិទ្យា Sea Ltd របស់សិង្ហបុរី បានប្រាប់បុគ្គលិកថាក្រុមហ៊ុនរបស់ខ្លួននឹងអាចកើនមូលធនប័ត្រទីផ្សារ (Market Cap) ដល់ ១ទ្រីលានដុល្លារអាមេរិក តាមរយៈការប្រជែងក្នុងឧស្សាហកម្មបច្ចេកវិទ្យាសិប្បនិម្មិត AI។ នេះបើតាមសេចក្ដីថ្លែងការណ៍ផ្ទៃក្នុងមួយត្រូវបានផ្ញើទៅឲ្យបុគ្គលិកក្រុមហ៊ុនខាងលើចំនួនជាង ៨ម៉ឺននាក់ និងត្រូវបានយកមកផ្សាយដោយ Bloomberg។
គិតត្រឹមថ្ងៃពុធ ទី២២ តុលា ឆ្នាំ២០២៥ នេះ Market Cap របស់ក្រុមហ៊ុន Sea ក្នុងផ្សារហ៊ុនអាមេរិក NYSE មានតម្លៃជាង ៩៧ពាន់លានដុល្លារអាមេរិក ដូច្នេះមហិច្ចតាប្រែក្លាយខ្លួនជាក្រុមហ៊ុនមានតម្លៃ ១ទ្រីលានដុល្លារ របស់ពួកគេ គឺធំជាង ១០ដង ធៀបនឹងបច្ចុប្បន្ន។
សូមជម្រាបថា Sea Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយប្រចាំទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ដោយកំពុងធ្វើប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធល្បីៗមួយចំនួន រួមមានវេទិកាលក់ទំនិញ Shopee ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Monee ធនាគារ MariBank និង SeaBank និងក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេម Garena។
កាលពីឆ្នាំ២០២៤ ក្រុមហ៊ុន Sea រកប្រាក់ចំណូលសរុបបានចំនួន ១៦,៨ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធចំនួន ៤៤៤លានដុល្លារ។ ម្ចាស់ភាគហ៊ុនធំរបស់ Sea Ltd គឺក្រុមហ៊ុនចិន Tencent កាន់កាប់ចំណែកហ៊ុន ១៨,៤% ខណៈស្ថាបនិកក្រុមហ៊ុន លោក Forrest Li មានចំណែកហ៊ុន ៣,៦៧%។
ក្រុមហ៊ុននេះកំពុងព្យាយាមគ្រប់គ្រងចំណែកទីផ្សារលក់ទំនិញអនឡាញនៅតំបន់អាស៊ាន តាមរយៈអាជីវកម្មបុត្រសម្ព័ន្ធ Shopee របស់ខ្លួន។ ប៉ុន្តែទីផ្សារ E-commerce នៅអាស៊ាន ដែលមានប្រជាជនសរុបប្រមាណ ៦៧៥លាននាក់ ក៏កំពុងក្លាយជាទីលានប្រកួតប្រជែងនៃវេទិកាលក់ទំនិញរបស់ចិន រួមមាន TikTok Shop របស់ក្រុមហ៊ុន ByteDance, Lazada របស់ក្រុមហ៊ុន Alibaba, Temu របស់ក្រុមហ៊ុន PDD Holdings ផងដែរ។
ក្រុមហ៊ុន Sea មិនបានបញ្ជាក់ថាខ្លួននឹងអាចឈានដល់តម្លៃទីផ្សារ ១ទ្រីលានដុល្លារ តាមរយៈឧស្សាហកម្ម AI ដោយរបៀបណានោះទេ ក៏ប៉ុន្តែពួកគេបានសម្លឹងមើលគោលដៅពង្រីកទីផ្សារចេញក្រៅពីអាស៊ាន ចូលទៅដល់ទីផ្សារប្រទេសប្រេស៊ីល។ ក្រុមហ៊ុនខាងលើ ក៏កំពុងផ្ដោតលើការចាប់យកឱកាសទីផ្សារពីគំនិតផ្ដួចផ្ដើមថ្មីៗ ចាប់ពីហិរញ្ញវត្ថុឌីជីថល រហូតដល់ទីផ្សារបច្ចេកវិទ្យាដឹកជញ្ជូនដូចគ្នា ដើម្បីពង្រីកភាពលេចធ្លោរបស់ខ្លួន និងផ្ដល់ក្ដីសង្ឃឹមដល់អ្នកវិនិយោគឲ្យមើលឃើញសក្ដានុពលនៃគោលដៅកំណើនភាគហ៊ុនរបស់ខ្លួន៕

Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0