ក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូអគ្គិសនី VinFast របស់វៀតណាម បានបញ្ចេញរបាយការណ៍កាលពីថ្ងៃពុធម្សិលមិញ ដោយបង្ហាញថាខ្លួនលក់ម៉ូតូអគ្គិសនីបានចំនួនជាង ១២ម៉ឺនគ្រឿង ក្នុងត្រីមាសទី៣ឆ្នាំនេះ ស្មើនឹងកំណើន ៧៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ហើយបើសរុបចំនួនលក់ក្នុងរយៈពេល ០៩ខែដំបូងនៃឆ្នាំ២០២៥ ពួកគេលក់ម៉ូតូអគ្គិសនីបានចំនួន ២៣៤.៥៣៦គ្រឿង ស្មើកំណើនដល់ទៅ ៤៨៩% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កំណើនលក់នេះមិនមែនបណ្ដាលមកពីហេតុផលទីផ្សារខ្លួនវានោះទេ ប៉ុន្តែវាកើតឡើងតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ដែលចង់កាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រេងសាំង រួចជំនួសមកវិញដោយយានយន្តអគ្គិសនី។ រដ្ឋបាលទីក្រុងហាណូយបានប្រកាសផែនការហាមឃាត់ការប្រើប្រាស់ម៉ូតូប្រើសាំង ចាប់ពីពាក់កណ្ដាលឆ្នាំ២០២៦ ទៅ។ រដ្ឋាភិបាលវៀតណាមនឹងបន្តពង្រីកការហាមឃាត់នៅទីក្រុងធំៗផ្សេងទៀតនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០២៨ ខាងមុខ។
យ៉ាងណាមិញ ការប្រែប្រួលនេះហាក់ហុចឱកាសយ៉ាងធំដល់ក្រុមហ៊ុន VinFast របស់មហាសេដ្ឋីមានជាងគេនៅវៀតណាម លោក Pham Nhat Vuong តាមរយៈការដណ្ដើមយកចំណែកទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ពីក្រុមហ៊ុនជប៉ុនរួមមាន Honda, Yamaha និង Suzuki ដែលបានកាន់កាន់ទីផ្សារម៉ូតូនៅវៀតណាមអស់រយៈពេលជាយូរមកហើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនផលិតម៉ូតូរបស់ជប៉ុនបានព្រមានតវ៉ាប្រទេសវៀតណាមថា ផែនការហាមឃាត់ម៉ូតូប្រើសាំងនៅទីក្រុងហាណូយ នឹងអាចបង្កឱ្យមានការបាត់បង់ការងារនៅតាមរោងចក្រ និងបង្កការរំខានដល់ទីផ្សារម៉ូតូក្នុងប្រទេសវៀតណាម។ ស្ថានទូតជប៉ុន និងសមាគមអ្នកលក់ម៉ូតូនៅវៀតណាម បានជំរុញឱ្យអាជ្ញាធរអនុវត្តផែនការប្ដូរទៅប្រើប្រាស់យានយន្តអគ្គិសនីជាដំណាក់កាល ដោយទុកពេលវេលាសម្រាប់ពួកគេរៀបចំខ្លួន។
តាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមបង្ហាញថា ក្នុងចំណោមប្រជាជនវៀតណាមទាំង ១០០លាននាក់ មាន ៨០% ប្រើប្រាស់ម៉ូតូ ខណៈទំហំទីផ្សារម៉ូតូនៅប្រទេសនេះត្រូវបានរាយការណ៍ថា មានតម្លៃ ៤,៦ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥នេះ។ មកទល់បច្ចុប្បន្ន ចំណែកទីផ្សារធំកំពុងកាន់កាប់ដោយក្រុមហ៊ុនជប៉ុន Honda ប៉ុន្តែបន្ទាប់ពីមានការហាមខាត់ម៉ូតូប្រើសាំង ទីផ្សារនឹងអាចត្រូវបានប្រជែងដោយក្រុមហ៊ុនផ្សេង។
ដោយឡែកចំពោះការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast ក៏សម្រេចបានកំណើនដូចម៉ូតូដែរ។ ក្នុងរបាយការណ៍ដដែល ក្រុមហ៊ុននេះបានឲ្យដឹងថា ក្នុងត្រីមាសទី៣កន្លងទៅ ខ្លួនលក់រថយន្តបានចំនួន ៣៨.១៩៥គ្រឿង ហើយបើសរុបរយៈពេល ០៩ខែដំបូងឆ្នាំនេះ ពួកគេលក់រថយន្តបានចំនួន ១១០.៣៦២គ្រឿង។ តាមផែនការសម្រាប់ឆ្នាំ ២០២៥ ក្រុមហ៊ុន VinFast បានដាក់គោលដៅលក់រថយន្តរបស់ខ្លួនឲ្យបាន ២០ម៉ឺនគ្រឿង៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0