ការនាំចូលទំនិញពីចិនមកកម្ពុជា កើនដល់លើស ១០ពាន់លានដុល្លារត្រឹមរយៈពេល ៧ខែដំបូងឆ្នាំនេះ ខណៈពាណិជ្ជកម្មជាមួយសរដ្ឋអាមេរិកក៏សម្រេចបានកំណើនខ្ពស់

August 07, 2025
1Min Read
138 Views

ត្រឹមរយៈពេល៧ខែដំបូងឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិន សម្រេចបានទំហំ ១១ពាន់លានដុល្លារអាមេរិក ដែលជាកំណើនខ្ពស់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានត្រឹម ៨៧២៤លានដុល្លារ។ រាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចូលទំនិញពីប្រទេសចិនសរុបចំនួន ១០.១១៥លានដុល្លារ ខណៈការនាំចេញទៅចិនមានចំនួនត្រឹម ៨៨៩លានដុល្លារប៉ុណ្ណោះ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 

Screenshot 2025-08-07 at 1.57.06 in the afternoon.png

ស្របពេលទីផ្សារអន្តរជាតិបាន និងកំពុងវឹកវរដោយសារការគិតពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ទំនិញរបស់ចិនបានហូរទៅកាន់ទីផ្សារប្រទេសនានាដែលមិនគិតពន្ធ ឬគិតពន្ធទាបជាងទីផ្សារអាមេរិក ក្នុងនោះក៏មានកម្ពុជាដែរ បណ្ដាលឲ្យការនាំចូលពីចិនកើនដល់លើស ១ម៉ឺនលានដុល្លារត្រឹមរយៈពេល ៧ខែដំបូងដូច្នេះ។ កាលពីឆ្នាំ២០២៤ រយៈពេល១២ខែពេញ កម្ពុជានាំចូលទំនិញពីចិនមានចំនួនសរុប ១៣.៤៤០លានដុល្លារ ខណៈការនាំចេញមានចំនួន ១.៧៥០លានដុល្លារ។ រយៈពេល៥ខែនៅសេសសល់សម្រាប់ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នឹងអាចឈានដល់ ២ម៉ឺនលានដុល្លារជាលើកដំបូង ខណៈគិតតែខែកក្កដាមួយដែលទើបកន្លងផុតថ្មី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានដល់ទៅ ១.៧២៥លានដុល្លារក្នុងមួយខែ។ 

Screenshot 2025-08-07 at 1.57.36 in the afternoon.png

ដោយឡែកការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកវិញក៏បង្ហាញកំណើនខ្ពស់ដែរ ត្រឹមរយៈពេល៧ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានចំនួន ៧,១២៨លានដុល្លារ។ ក្នុងនោះការនាំចូលមានចំនួន ២០២លានដុល្លារ ខណៈទំនិញនាំចេញទៅអាមេរិកមានចំនួន ៦.៩២៦លានដុល្លារ។ ចំណុចគួរឲ្យចាប់អារម្មណ៍ គឺពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសមហាអំណាចទាំងពីរខាងលើ គឺសម្រេចបានកំណើន ២៦% ដូចគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ 

Screenshot 2025-08-07 at 1.57.22 in the afternoon.png

កត់សម្គាល់ថា រវាងចិន និងសហរដ្ឋអាមេរិក ចំពោះគោលដៅសេដ្ឋកិច្ចរបស់កម្ពុជា គឺត្រូវការប្រទេសមហាអំណាចទាំងពីរ ដោយមិនអាចចោលមួយណាបានឡើយ។ ប្រសិនបើមើលលើពាណិជ្ជកម្មនាំចេញ-នាំចូល កម្ពុជាមានឱនភាពជាមួយចិន ប៉ុន្តែមានអតិរេកជាមួយអាមេរិក។ ក៏ប៉ុន្តែប្រទេសចិនបាន និងកំពុងដើរតួនាទីសំខាន់ជាអ្នកវិនិយោគធំជាងគេនៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើន ជាពិសេសរោងចក្រឧស្សាហកម្ម ជួយបង្កើតការងារសម្រាប់ប្រជាជន។ សហរដ្ឋអាមេរិក គឺជាអ្នកទិញទំនិញ ខណៈប្រទេសចិន គឺជាអ្នកវិនិយោគ ហើយរដ្ឋាភិបាលកម្ពុជាត្រូវការទាញយកផលប្រយោជន៍ពីប្រទេសធំទាំងពីរក្នុងពេលតែមួយ ប្រៀបដូចគោលនយោបាយដើមឫស្សីដែលប្រទេសវៀតណាមបាន និងកំពុងអនុវត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider