ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Aviation JSC គ្រោងជួលបុគ្គលិកថ្មីជាជនជាតិថៃចំនួនយ៉ាងតិច ៥ពាន់នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនប្រចាំប្រទេសថៃ គឺ VietJet Thailand។ ផែនការពង្រីកប្រតិបត្តិការក្នុងប្រទេសថៃរបស់ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់វៀតណាមខាងលើ នឹងធ្វើឲ្យ VietJet Thailand ពង្រីកជើងហោះហើរថ្មីរវាងទីក្រុងបាងកកទៅកាន់ទីក្រុងធំៗរបស់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌានៅក្នុងឆ្នាំនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនវៀតណាមខាងលើ ដែលត្រូវបានផ្សាយកាលពីថ្ងៃពុធម្សិលមិញ។
សកម្មភាពពង្រីកខ្លួននៃក្រុមហ៊ុន VietJet ប្រចាំនៅប្រទេសថៃ នឹងក្លាយជាកម្លាំងប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថៃ រួមមាន Thai Airways និងក្រុមហ៊ុន Asia Aviation ជាដើម ប៉ុន្តែវានឹងជួយជំរុញវិស័យទេសចរណ៍របស់ថៃតាមរយៈការផ្ដល់ជម្រើសធ្វើដំណើរតាមផ្លូវអាកាសកាន់តែច្រើន និងមានតម្លៃទាប ទាក់ទាញអ្នកទេសចរណ៍បរទេសឲ្យទៅទស្សនាប្រទេសថៃ។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ ផ្សាយដោយ Bloomberg បង្ហាញថា ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន VietJet Thailand រកប្រាក់ចំណូលសរុបបានចំនួន ១៩ពាន់លានបាត ស្មើប្រហែល ៥៨៨លានដុល្លារ កើនឡើងដល់ទៅ ៤៥% ធៀបនឹងឆ្នាំ២០២៣ និងក្រោយទូទាត់ចំណាយរួចឃើញប្រាក់ចំណេញចំនួន ១,៩៨លានដុល្លារ ខណៈកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនខាងលើខាតចំនួន ១១១លានដុល្លារ។
ជើងហោះហើរថ្មីដែលនឹងដំណើរការក្នុងឆ្នាំនេះរបស់ VietJet Thailand រួមមានរវាងទីក្រុងបាងកក ទៅកាន់ទីក្រុងស៊េអូលរបស់ប្រទេសកូរ៉េខាងត្បូង ទៅកាន់ទីក្រុងតូក្យូ និងណារីតារបស់ជប៉ុន និងទៅកាន់ទីក្រុង Kolkata និងទីក្រុង Ahmedabad របស់ឥណ្ឌាត្រឹមខែធ្នូឆ្នាំ២០២៥នេះ។
កត់សម្គាល់ថា កាលពីពីរសប្ដាហ៍មុន ក្រុមហ៊ុន VietJet Aviation ទើបជួបរឿងអាស្រូវមួយ ដោយក្រុមហ៊ុនបណ្ដាក់ទុនរបស់ប្រទេសអង់គ្លេសឈ្មោះ FitzWalter Capital បានប្ដឹងតុលាការទីក្រុងឡុងន៍ ឲ្យបង្កកទ្រព្យសកម្មនៅក្រៅប្រទេសរបស់ក្រុមហ៊ុនវៀតណាមខាងលើ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាក្រុមហ៊ុន VietJet មិនបានទូទាត់ថ្លៃសេវាហិរញ្ញវត្ថុទៅឲ្យខ្លួន។ ក៏ប៉ុន្តែតុលាការក្រុងឡុងន៍បានច្រានចោលបណ្ដឹងនេះ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0