ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Air Cambodia ទើបបានចុះអនុស្សរណៈយោគយល់គ្នា អំពីផែនការទិញយន្តហោះដឹកអ្នកដំណើរ C909 ចំនួន ២០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះរបស់ចិន Commercial Aircraft Corporation of China ហៅកាត់ថា COMAC ដែលនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី៥នៅតំបន់អាស៊ានបន្ទាប់ពីឥណ្ឌូនេស៊ី វៀតណាម ឡាវ និងប្រុយណេដែលប្រតិបត្តិការសេវាហោះហើរពាណិជ្ជកម្មដោយប្រើប្រាស់យន្តហោះផលិតដោយក្រុមហ៊ុនរដ្ឋចិនខាងលើ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងបញ្ជាក់ដោយទំព័រហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងភ្នំពេញ។
ក្នុងផែនការទិញយន្តហោះមានតម្លៃសរុបរាប់រយលានដុល្លារនេះ មានយន្តហោះ C909 ចំនួន ១០គ្រឿងត្រូវបានក្រុមហ៊ុនកម្ពុជា Air Cambodia បានបញ្ជាទិញរួចរាល់ ខណៈ ១០គ្រឿងទៀតអាចបញ្ជាទិញតាមក្រោយ។ ព័ត៌មានលម្អិតនៃប្រតិបត្តិការទិញលក់ខាលើមិនត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ប៉ុន្តែបើយោងតាមរបាយការណ៍ទិញរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Hainan Airlines ដែលបានទិញយន្តហោះ C909 កាលពីឆ្នាំ២០២៤ បានបង្ហាញថាយន្តហោះប្រភេទនេះមានតម្លៃ ៣៨លានដុល្លារអាមេរិក។ យន្តហោះរបស់ក្រុមហ៊ុនចិនខាងលើ ជាទូទៅអាចផ្ទុកអ្នកដំណើរបានចំនួនប្រហែល ៩០នាក់ អាស្រ័យលើការចង់បានរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ និងប្រើប្រាស់សម្រាប់ការហោះហើររយៈចម្ងាយជិត និងមធ្យម។
គួររំលឹកថា ជាផ្នែកមួយក្នុងការចរចាពន្ធគយជាមួយរដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Air Cambodia ឬពីមុនឈ្មោះ Cambodia Angkor Air ក៏បានចរចាទិញយន្តហោះពីក្រុមហ៊ុនអាមេរិក Boeing 737-800 Max ចំនួន ១០គ្រឿង ជាមួយជម្រើសទិញ ១០គ្រឿងបន្ថែមទៀតផងដែរ ដែលមានតម្លៃចាប់ពី ៩០-១២០លានដុល្លារក្នុងមួយគ្រឿង និងមានចំនួនកៅអី ១៦២-២១០កៅអី ពោលជាប្រភេទយន្តហោះមានទំហំធំជាង និងសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយ ធៀបនឹងយន្តហោះទិញពីក្រុមហ៊ុនចិន COMAC ប៉ុន្តែទាល់តែដល់ឆ្នាំ២០៣១ ទើបយន្តហោះទិញពីក្រុមហ៊ុន Boeing មកដល់ប្រទេសកម្ពុជា។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាអ្នកដឹកនាំការចរចាពន្ធជាមួយអាមេរិក។
ដោយឡែកកាលពីឆ្នាំ២០២៤ ក្រុមហ៊ុន Air Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដដែលនេះ ក៏បានទិញយន្តហោះ ART 72-600 ថ្មីចំនួន ៣គ្រឿងសម្រាប់ការហោះហើរក្នុងស្រុក និងក្នុងតំបន់ ពីក្រុមហ៊ុនបារាំង ATR Aircraft ដែរ។
សូមជម្រាបថាគិតត្រឹមបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ រួមមានក្រុមហ៊ុន Air Cambodia, Cambodia Airways, Sky Angkor Airlines និងក្រុមហ៊ុន Air Aia Cambodia។ ផែនការទិញយន្តហោះថ្មីចំនួន ១០គ្រឿង ពីក្រុមហ៊ុនចិន COMAC និង ១០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing នឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្លាយជាក្រុមហ៊ុនក្នុងស្រុកដែលមានយន្តហោះសម្រាប់ប្រតិបត្តិការរឹតតែច្រើនគ្រឿងជាងគេ ខណៈក្រុមហ៊ុន៣ទៀត ក៏កំពុងបង្កើនចំនួនយន្តហោះថ្មីរបស់ខ្លួនដូចគ្នា។
កត់សម្គាល់ដែរថា ផែនការបង្កើនចំនួនយន្តហោះថ្មីជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍មានមូលដ្ឋាននៅកម្ពុជានេះ គឺកើតឡើងក្រោយពេលអាកាសយានដ្ឋានថ្មីទំហំ ២៦០០ហិកតា អន្តរជាតិតេជោ បានបើកដំណើរការកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដើរតួនាទីជាច្រកផ្លូវថ្មីទៅកាន់ពិភពលោក និងជាក្ដីសង្ឃឹមជំរុញវិស័យទេសចរណ៍កម្ពុជាទៅមួយកម្រិតទៀត៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0