រដ្ឋាភិបាលវៀតណាមបើកឲ្យសាកល្បងគោលនយោបាយរូបិយបណ្ណគ្រីបតូ (Crypto Assets) សម្រាប់រយៈពេល ៥ឆ្នាំ ដែលអាចជាសកម្មភាពមួយធ្វើឡើងក្នុងគោលដៅប្រមូលដើមទុនក្នុងវិស័យថ្មីនេះ បើទោះបីជាវៀតណាមមិនទាន់មានក្របខ័ណ្ឌច្បាប់គ្រប់គ្រងទ្រព្យឌីជីថលក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam Investment Review។
កាបើកភ្លើងបៃតងនេះ នឹងអនុញ្ញាតិឲ្យមានការជួញដូរ បង្កើត និងទូទាត់រូបិយបណ្ណគ្រីបតូជាចំហរ ខណៈកាលពីមុនវាត្រូវបានធ្វើឡើងតាមរយៈទីផ្សារក្រៅផ្លូវការដែលមិនមានការទទួលស្គាល់ពីរដ្ឋាភិបាល។ ទោះជាយ៉ាងណា រដ្ឋាភិបាលវៀតណាមបានដាក់លក្ខខណ្ឌ ដោយកំណត់អនុញ្ញាតិឲ្យតែក្រុមហ៊ុនវៀតណាមប៉ុណ្ណោះដែលមានសិទ្ធិដំណើរការវេទិកាជួញដូរ(Exchange) និងបង្កើតរូបិយបណ្ណគ្រីបតូណាមួយ ហើយការជួញដូរ និងទូទាត់ គឺត្រូវតែធ្វើឡើងដោយប្រើប្រាស់ប្រាក់ដុងវៀតណាម។ នេះបើយោងតាមខ្លឹមសារនៃការសម្រេចខាងលើ ផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
បន្ថែមពីលក្ខខណ្ឌខាងលើ ក្រុមហ៊ុនដែលអាចស្នើអាជ្ញាបណ្ណជាវេទិកាជួញដូរ ត្រូវមានដើមទុនយ៉ាងតិច ១០ទ្រីលានដុង ឬស្មើ ៣៧៩លានដុល្លារអាមេរិក ហើយក្នុងដើមទុននោះត្រូវមានយ៉ាងហោច ៦៥% គឺជាដើមទុនមានប្រភពមកពីស្ថាប័នវិនិយោគ(មិនមែនបុគ្គល) ដែលធ្លាប់មានកំណត់ត្រារកបានប្រាក់ចំណេញយ៉ាងហោច ២ឆ្នាំជាប់ៗគ្នា។ អ្នកវិនិយោគវៀតណាមត្រូវតែគ្រប់គ្រងចំណែកធំលើស ៥១% ខណៈម្ចាស់ភាគហ៊ុនបរទេសនៃក្រុមហ៊ុនដែលចង់ស្នើសុំអជ្ញាបណ្ណជួញដូរគ្រីបតូ ត្រូវបានកម្រិតមិនឲ្យមានលើស ៤៩% ឡើយ។
បើតាមទិន្នន័យចងក្រងដោយកាសែតវិនិយោគរបស់វៀតណាមខាងលើបានឲ្យដឹងថា មានប្រជាជនវៀតណាមប្រមាណ ១៧លាននាក់ កំពុងជួញដូររូបិយបណ្ណគ្រីបតូ ខណៈទំហំទីផ្សារគ្រីបតូនៅវៀតណាមបានកើនដល់ខ្ទង់ ១០០ពាន់លានដុល្លារអាមេរិក។
គួររំលឹកថា កាលពីខែមិថុនាឆ្នាំនេះ សភាវៀតណាមបានអនុម័តច្បាប់ទទួលស្គាល់ទ្រព្យឌីជីថលចាប់ពីខែមករា ឆ្នាំ២០២៦ ទៅ ដែលជាជំហានផ្លាស់ប្ដូរថ្មី ខណៈកាលពីមុនធនាគារកណ្តាល និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតនៅវៀតណាម តែងព្រមានអំពីហានិភ័យនៃការវិនិយោគលើរូបិយប័ណ្ណនិម្មិត និងទ្រព្យឌីជីថល។
កាលពីខែមុនក៏មានអនុស្សរណៈនៃការយោគយល់មួយ ត្រូវបានធ្វើឡើងរវាងធនាគារយោធាវៀតណាម Military Bank (ធនាគារ MB) និងក្រុមហ៊ុន Dunamu ដែលជាប្រតិបត្តិករនៃផ្សារជួញដូរគ្រីបតូដ៏ធំមួយនៅកូរ៉េខាងត្បូងផងដែរ គឺ Upbit។ តាមរយៈ MOU នោះ ក្រុមហ៊ុន Dunamu នឹងគាំទ្រធនាគារយោធាវៀតណាមក្នុងការដំណើរការវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូមួយនៅប្រទេសវៀតណាម និងផ្ទេរបច្ចេកវិទ្យារបស់ Upbit ទៅឲ្យធនាគារនេះដូចគ្នា៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0