ក្រុមហ៊ុនកែច្នៃទឹកដូងរបស់ថៃ IFBH ឡើងផ្សារហ៊ុនហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ ប្រមូលទុនថ្មីបាន ១៤៨លានដុល្លារ និងសម្រេចបានកំណើន ៤២% ក្នុងថ្ងៃជួញដូរដំបូង

July 01, 2025
1Min Read
193 Views

នៅថ្ងៃទី៣០មិថុនាម្សិលមិញ ក្រុមហ៊ុនផលិតទឹកដូងរបស់ថៃមានឈ្មោះថា IFBH បានបោះលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងហុងកុង ប្រមូលទុនថ្មីបានចំនួន ១,១៦ពាន់លានដុល្លារហុងកុង ឬស្មើ ១៤៨លានដុល្លារអាមេរិក។ នៅក្នុងថ្ងៃ IPO ដំបូង ភាគហ៊ុនរបស់ IFBH សម្រេចបានកំណើនយ៉ាងខ្ពស់ ៤២% ដោយតម្លៃបើកលក់ដំបូង ២៧,៨ដុល្លារហុងកុង និងកើនដល់ ៣៩,៥ដុល្លារក្នុងមួយហ៊ុន ត្រឹមម៉ោងបិទផ្សារហ៊ុននៅថ្ងៃដដែល។ គិតត្រឹមថ្ងៃអង្គារនេះ តម្លៃមូលធនទីផ្សារ ឬ Market Cap របស់ក្រុមហ៊ុន IFBH មានចំនួន ១.៣៤២លានដុល្លារអាមេរិក កើនជិត ៥០០លានដុល្លារអាមេរិក ធៀបនឹងតម្លៃទីផ្សារមុនថ្ងៃ IPO។

សូមជម្រាបថា IFBH គឺជាក្រុមហ៊ុនកែច្នៃទឹកដូងស្រស់របស់ប្រទេសថៃ ដែលផលិតទឹកដូងជាច្រើនប្រភេទវេចខ្ចប់ជាកំប៉ុង និងដបក្រោមយីហោ If។ ក្រុមហ៊ុននេះសម្រេចបានកំណើនប្រាក់ចំណូលដល់ទៅ ៨០% កាលពីឆ្នាំ២០២៤ ដោយសារតែកំណើនលក់នៅទីផ្សារប្រទេសចិន។ ផលិតផលទឹកដូងនាំចេញពីថៃរបស់ក្រុមហ៊ុន IFBH កំពុងព្យាយាមប្រជែងទីផ្សារចិន ហើយដើមទុនថ្មីទើបបានពីការឡើងផ្សារហ៊ុនហុងកុងចំនួន ១៤៨លានដុល្លារអាមេរិកកាលពីម្សិលមិញ នឹងត្រូវបានគេយកទៅពង្រីកទីផ្សារចិនដីគោកបន្ថែម និងសម្រាប់គាំទ្រដល់ផែនការពង្រីកទៅទីផ្សារអូស្ត្រាលី អាមេរិក និងប្រទេសសមាជិកអាស៊ាន។ 

កាលពីដើមឡើយ ក្រុមហ៊ុននេះគ្រោងចូលផ្សារហ៊ុនសិង្ហបុរី ប៉ុន្តែចុងក្រោយបានជ្រើសរើសផ្សារហ៊ុនហុងកុងវិញ។ ឈ្មួញជួញដូរធំៗដែលបានប្រមូលទិញភាគហ៊ុនរបស់ IFBH រួមមានក្រុមហ៊ុន UBS Asset Management និងក្រុមហ៊ុន Black Dragon។ ដោយឡែកចំពោះដំណើរការឡើងផ្សារហ៊ុនហុងកុងខាងលើ ក្រុមហ៊ុនទឹកដូងរបស់ថៃនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនមូលបត្រ Citic Securities របស់សម្ព័ន្ធធនាគារចិន Citic ។ 

កត់សម្គាល់ថា កំណើនលក់ទឹកដូងកែច្នៃរបស់ IFBH នៅទីផ្សារប្រទេសចិន បង្ហាញអំពីសក្ដានុពលទីផ្សារយ៉ាងទូលំទូលាយនៅចិន ដែលសហគ្រាសខ្មែរគួរស្វែងយល់លទ្ធភាពប្រកួតប្រជែង បន្ថែមពីលើការប្រជែងទីផ្សារផ្លែដូងស្រស់៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider