ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តជប៉ុនកើនឡើង ក្រោយអាមេរិកយល់ព្រមបន្ថយពន្ធពី ២៥% មកនៅត្រឹម ១៥% លើប្រទេសជប៉ុន

July 23, 2025
1Min Read
11 Views

ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានកើនឡើងខ្ពស់នៅថ្ងៃពុធនេះ បន្ទាប់ពីទូរទស្សន៍ NHK បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្ថយពន្ធមកនៅត្រឹម 15% លើរថយន្តរបស់ជប៉ុនដែលនាំទៅលក់នៅអាមេរិក។ 

បន្ទាប់ពីមានព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងជប៉ុន នាំឲ្យមានការបន្ថយពន្ធនេះ បានធ្វើឲ្យទីផ្សារហិញ្ញវត្ថុនៅប្រទេសជប៉ុនងើបឡើងយ៉ាងលឿនក្នុងថ្ងៃពុធនេះ។ ប្រាក់យេន និងសន្ទស្សន៍ផ្សារហ៊ុនជប៉ុនបានបង្ហាញសន្ទុះកើនឡើង ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota Motor បានកើនឡើងលើស ១៣% ក្នុងផ្សារហ៊ុនទីក្រុងតូក្យូ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃពុធនេះម៉ោងនៅកម្ពុជា។ ក្នុងពេលទន្ទឹមគ្នា ភាគហ៊ុនរបស់ក្រុមហ៊ុន Nissan Motor ក៏កំពុងត្រូវបានជួញដូរក្នុងកំណើនជិត ៩% ដែរ ធៀបនឹងតម្លៃជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។ ចំណែកភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត រួមមានក្រុមហ៊ុន Mazda Motor មានកំណើន ១៧% ជាង ក្រុមហ៊ុន Honda កើន ១០% ភាគហ៊ុនរបស់ក្រុមហ៊ុន Subaru កើនជិត ១៦% ក្រុមហ៊ុន Mitsubishi Motors កើនជិត ១៣% និងក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនដទៃទៀតក៏មានកំណើនដូចគ្នា។

គួររំលឹកថា កាលពីដើមខែមេសា លោកប្រធានាធិបតី Donald Trump បានប្រកាសពន្ធលើប្រទេសជប៉ុនក្នុងអត្រា ២៥% ប៉ុន្តែនៅថ្ងៃទី២៣ កក្កដានេះ លោក Trump បាននិយាយថាសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយសមភាគីជប៉ុនហើយ ដោយសម្រេចបន្ថយពន្ធពី ២៥% មកនៅត្រឹម ១៥% វិញ។ ទម្រាំលោក Trump យល់ព្រមបញ្ចុះពន្ធមកនៅត្រឹម ១៥% នេះ រដ្ឋាភិបាលជប៉ុនពិតជាមិនងាយស្រួលឡើយ បើទោះបីជាប្រទេសជប៉ុនជាសម្ព័ន្ធដ៏សំខាន់មួយរបស់អាមេរិកក៏ដោយ។ មន្ត្រីជាន់ខ្ពស់របស់ជប៉ុនដែលទទួលបន្ទុកចរចាពន្ធ បានព្យាយាមធ្វើដំណើរទៅដល់វ៉ាស៊ីនតោនដើម្បីជួបចរចាជាមួយរដ្ឋបាលលោក Trump ជាច្រើនលើកច្រើនសារ ខណៈលោក Trump បានគំរាម និងចោទប្រកាន់ទីក្រុងតូក្យូថាធ្វើពាណិជ្ជកម្មមិនស្មើភាពជាមួយសហរដ្ឋអាមេរិក។ កាលពីចុងខែមុន លោក Trump បានគំរាមមិនបញ្ចុះពន្ធឲ្យជប៉ុនឡើយ ប្រសិនបើមិនបង្កើនការទិញប្រេងពីអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការយល់ព្រមបន្ថយពន្ធមកនៅត្រឹម ១៥% មុនវាដល់ថ្ងៃចូលជាធរមាននៅថ្ងៃទី១សីហា សប្ដាហ៍ក្រោយនេះ គឺធ្វើឡើងបន្ទាប់ពីជប៉ុនបង្ហាញការប្ដេជ្ញាចិត្តថាខ្លួននឹងវិនិយោគទឹកប្រាក់រហូតដល់ទៅ ៥៥០ពាន់លានដុល្លារ នៅក្នុងទឹកដីអាមេរិក។ លោក Trump ក៏បានឲ្យដឹងដែរថា សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើអាជីវកម្មរួមគ្នា ដើម្បីនាំចេញឧស្ម័ន្ធធម្មជាតិពីរដ្ឋ Alaska ប៉ុន្តែលោកមិនបានបញ្ជាក់ថាផែនការបង្កើតអាជីវកម្មរួមគ្នានេះមានទំហំវិនិយោគប៉ុន្មាននោះទេ។

គួរជម្រាបជូនថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានយល់ព្រមបន្ថយពន្ធបដិការលើប្រទេសចំនួន៥ហើយ ក្នុងនោះមានវៀតណាម ត្រូវបានបញ្ចុះពី ៤៦% មកនៅត្រឹម ២០% ឥណ្ឌូនេស៊ីចុះពី ៣២% មកនៅត្រឹម ១៩% សម្រាប់ជប៉ុនត្រូវបានបញ្ចុះពី ២៥% មកនៅត្រឹម ១៥% ហ្វីលីពីនចុះពី ២០% មកនៅត្រឹម ១៩% និងអង់គ្លេសយល់ព្រមយកពន្ធត្រឹម ១០%។ ក្រៅពីនេះនៅមានប្រទេសជាច្រើនផ្សេងទៀត រួមទាំងកម្ពុជាដែលកំពុងប្រឈមពន្ធក្នុងអត្រា ៣៦% កំពុងប្រឹងប្រែងចរចាសុំបញ្ចុះពន្ធបន្ថែម  ខណៈថ្ងៃផុតកំណត់ចូលជាធរមាននៅសល់ត្រឹម១សប្ដាហ៍ទៀតប៉ុណ្ណោះ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider