អាកាសយានដ្ឋានថ្មី អន្តរជាតិតេជោ ទំហំ ២៦០០ហិកតា នៅខេត្តកណ្ដាល បានបើកប្រតិបត្តិនៅថ្ងៃទី ០៩ កញ្ញានេះ ជំនួសព្រលានយន្តហោះចាស់នៅពោធិ៍ចិនតុង។ អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគដោយ ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd ដែលជាកិច្ចវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ដំណាក់កាលទីមួយដែលទើបបើកដំណើរការនៅថ្ងៃនេះ ចំណាយទុនសាងសង់អស់ប្រមាណ ១៥០០លានដុល្លារ មានសមត្ថភាពទទួលអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំ ហើយនឹងបន្តសាងសង់ដំណាក់កាលទី២ និងទី៣ ដើម្បីពង្រីកសមត្ថភាពទទួលអ្នកដំណើរ ៣០លាននាក់ ត្រឹមឆ្នាំ២០៣០ និង ៥០លាននាក់ នៅឆ្នាំ២០៥០។
សូមជម្រាបថា អាកាសយានដ្ឋានថ្មីលំដាប់ 4F នេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ និងគាំទ្រវិស័យទេសចរណ៍កម្ពុជា ដោយវាមានសមត្ថភាពទទួលការចុះចត និងហោះហើរយន្តហោះខ្នាតធំទៅមកឆ្លងទ្វីប កាត់បន្ថយការពឹងផ្អែកលើអាកាសយានដ្ឋានរបស់ប្រទេសជិតខាងដែលគ្រប់គ្រងលំហូរភ្ញៀវទេសចរណ៍ធ្វើដំណើរមកពីតំបន់ឆ្ងាយៗ។
បន្ទាប់ពីមានព្រលានយន្តហោះ អន្តរជាតិតេជោ វិស័យអាកាសចរណ៍កម្ពុជាត្រូវបានគេរំពឹងថានឹងត្រូវបានពង្រីកបន្ថែម តាមរយៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកំពុងដំណើរការស្រាប់ ឲ្យមានយន្តហោះកាន់តែច្រើនសម្រាប់ប្រតិបត្តិការ ផ្ដល់ភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី មកទស្សនាប្រទេសកម្ពុជា និងជំរុញវិស័យទេសចរណ៍ដែលជាសសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់។
ក្រៅពីដើរតួនាទីជំរុញវិស័យអាកាសចរណ៍ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក៏កំពុងត្រូវបានអភិវឌ្ឍទៅជាទីក្រុងព្រលានយន្តហោះដ៏ធំមួយផងដែរ ដែលជាបណ្ដុំនៃមជ្ឍមណ្ឌលដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងកំសាន្ត។ គម្រោង Terra-TIA City មានទីតាំងមុខអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាផ្នែកមួយ និងជាគម្រោងអចលនទ្រព្យដំបូងគេនៃគម្រោងមេទីក្រុងព្រលានយន្តហោះនោះ។ បន្ទាប់ពី Terra-TIA City ដែលកំពុងអភិវឌ្ឍយ៉ាងលឿន OCIC ក៏នៅមានគម្រោងអភិវឌ្ឍថ្មីៗជាច្រើនទៀតនៅក្បែរ Techo International Airport ដូចគ្នា។
ផ្អែកលើបទពិសោធន៍យ៉ាងរឹងមាំក្នុងការអភិវឌ្ឍទីក្រុងរណបធំៗចំនួន៤ របស់ OCIC តម្លៃរាប់ពាន់លានដុល្លារនៅកណ្ដាលក្រុងភ្នំពេញ រួមមានទីក្រុងកោះពេជ្យ ទីក្រុងនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យា អ្នកវិនិយោគរំពឹងថា ក្រុមហ៊ុនអភិវឌ្ឍរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ OCIC នឹងប្រែក្លាយតំបន់ជុំវិញអាកាសយានដ្ឋានថ្មីខាងលើ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូនទំនើបថ្មី ដែលនឹងរួមចំណែកសំខាន់ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាសម្រាប់អនាគតយូរអង្វែងទៅមុខ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0