ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast កើនប្រាក់ចំណូលទ្វេដង ដល់ ១២៤៦លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៥នេះ ប៉ុន្តែនៅបន្តខាតចំនួន ១៤៣៨លានដុល្លារ ក្នុងរយៈពេលទន្ទឹមគ្នា។ ក្នុងរបាយការណ៍របស់ក្រុមហ៊ុនវៀតណាមចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក Nasdaq ខាងលើ បានបង្ហាញថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ ក្រុមហ៊ុន VinFast សម្រេចបានកំណើនប្រាក់ចំណូល ៩២% ស្មើទឹកប្រាក់សរុបចំនួនជិត ៣៣ទ្រីលានដុង ឬស្មើប្រហែល ១២៤៩លានដុល្លារអាមេរិក។ កំណើននេះជំរុញដោយចំនួនលក់កើន ៣ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ស្មើនឹង ៧២១៦៧គ្រឿង។
ប៉ុន្តែទន្ទឹមពេលសម្រេចបានកំណើននេះ VinFast បានខាតចំនួន ៣៨ទ្រីលានដុង ស្មើនឹង ១៤៣៨លានដុល្លារ ពោលចំនួនខាតមានច្រើនជាងប្រាក់ចំណូលរបស់ក្រុមហ៊ុនខាងលើទៅទៀត ក្នុងឆមាសដំបូងឆ្នាំនេះ ខណៈបើគិតចំនួនខាតបង្គររាប់ពីពេលបើកដំណើរការកាលពីឆ្នាំ២០១៧ ដល់ខែមិថុនាឆ្នាំ២០២៥ ការខាតបង់បង្គរ ឬ Accumulated Losses របស់ VinFast កើនដល់ ៣០៦ទ្រីលានដុង ស្មើប្រហែល ១១៥៧៩លានដុល្លារ។
គួរជ្រាបថា ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមខាងលើ កាលពីខែមុនទើបបានបើកដំណើរការរោងចក្រនៅក្រៅប្រទេសដំបូងរបស់ខ្លួននៅប្រទេសឥណ្ឌា ដែលមានសមត្ថភាពផលិតបាន ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ កាលពីខែមិថុនាឆ្នាំនេះ ក្រុមហ៊ុន VinFast ក៏បានបើកដំណើរការរោងចក្រទីពីររបស់ខ្លួននៅវៀតណាម ដែលមានសមត្ថភាពផលិតបាន ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំផងដែរ។
សម្រាប់ VinFast បច្ចុប្បន្ននៅបន្តពឹងលើទីផ្សារវៀតណាមដែលជាទីផ្សារកំណើតរបស់ខ្លួន ស្របពេលទីផ្សាររថយន្តអន្តរជាតិកាន់តែពិបាកប្រជែង។ ក្រុមហ៊ុននេះបាន និងកំពុងព្យាយាមបង្កើនចំនួនលក់ ឲ្យអ្នកប្រើប្រាស់ទូទៅនៅវៀតណាមផង និងជំរុញការលក់តាមរយៈក្រុមហ៊ុនរួមសម្ព័ន្ធរបស់ខ្លួនផង ត្បិត VinFast ជាអាជីវកម្មមួយរបស់ VinGroup ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីមានជាងគេនៅវៀតណាម លោក Pham Nhat Vuong។ ជាក់ស្តែងកាលពីឆ្នាំ២០២៣ លោក Vuong បានបើកដំណើរការក្រុមហ៊ុនតាក់ស៊ី GSM ឬ Xanh SM ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុន Xanh SM កំពុងប្រើប្រាស់រថយន្ត និងម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន VinFast សម្រាប់ប្រតិបត្តិការសេវាដឹកជញ្ជូនរបស់ខ្លួនទាំងនៅវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងនៅប្រទេសឡាវ ហើយក្រុមហ៊ុនតាកស៊ីនេះក៏ធ្លាប់ស្នើប្រតិបត្តិការនៅប្រទេសកម្ពុជាផងដែរ។ នេះមានន័យថា លោក Vuong ប្រើយុទ្ធសាស្ត្របង្កើតក្រុមហ៊ុន Xanh SM សម្រាប់ប្រតិបត្តិសេវាតាក់ស៊ី ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ក៏ដើម្បីជំរុញចំនួនលក់រថយន្តរបស់ VinFast។
ទោះជាយ៉ាងណាក៏ដោយ ក្រោយដំណើរការបាន ៨ឆ្នាំមកនេះ VinFast នៅបន្តចំណាយខាតរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ពោលមិនទាន់សម្រេចបានចំណុចរួចដើម និងបង្កើតប្រាក់ចំណេញនៅឡើយទេ ថ្វីបើប្រាក់ចំណូលបង្តកើនឡើងក៏ដោយ។ កាលពីឆ្នាំមុន លោក Vuong ត្រូវបានអ្នកកាសែតសួរអំពីរយៈពេលដែល VinFast អាចស៊ូបន្តដំណើរការទាំងខាតក្នុងចំនួនដ៏ច្រើនបែបនេះដល់ពេលណា។ មហាសេដ្ឋីរូបនេះឆ្លើយថា លោកនឹងបន្តគាំទ្រ VinFast ឲ្យបន្តដំណើរការទៅមុខរហូតទាល់តែលោកអស់លុយ។
ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ លោក Vuong បានបន្ថែមលុយផ្ទាល់ខ្លួនចំនួន ៥០ទ្រីលានដុង ស្មើប្រហែល ១៩០០លានដុល្លារអាមេរិកចូលក្នុងក្រុមហ៊ុន VinFast ដើម្បីឲ្យក្រុមហ៊ុននេះបន្តដំណើរការបានទាំងខាត។ ក្នុងផែនការលក់សម្រាប់ឆ្នាំនេះ VinFast ដាក់គោលដៅលក់រថយន្តឲ្យបាន ២០ម៉ឺនគ្រឿងនៅទីផ្សារវៀតណាម ហើយបើសម្រេចបានចំនួនលក់នេះ នោះ VinFast នឹងអាចសម្រេចបានចំណុចរួចដើម ត្រឹមឆ្នាំ២០២៥។ នេះបើតាមខ្លឹមសារកិច្ចប្រជុំប្រចាំឆ្នាំរបស់ VinFast ដែលរៀបចំឡើងកាលពីខែមេសា។
ភាគហ៊ុនរបស់ VinFast ដែលកំពុងត្រូវបានជួញដូរក្នុងផ្សារហ៊ុនអាមេរិក Nasdaq ធ្លាក់ថ្លៃមកនៅ ៣,២២ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន ជាមួយតម្លៃទីផ្សារសរុបចំនួន ៧៥៣១លានដុល្លារ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0