ក្រោយពីឆ្លងកាត់វិបត្តិធ្លាក់ថ្លៃដោយសារគយចិនរកឃើញសំណល់គីមីកសិកម្មលើសកម្រិត គិតត្រឹមខែកក្កដាឆ្នាំ២០២៥ ការនាំចេញផ្លែទុរេនរបស់វៀតណាម បានបង្ហាញសញ្ញាមកល្អប្រសើរឡើងវិញ ដោយរកចំណូលបានចំនួន ១២០០លានដុល្លារអាមេរិក ប៉ុន្តែចំនួននេះនៅតែទាបជាង ២៥% ធៀបនឹងរយៈពេល៧ខែដំបូងកាលពីឆ្នាំមុន។
យោងតាមនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ទីផ្សារចិនដីគោកនៅតែជាទីផ្សារដ៏ធំលើសលុបដែលបានទិញទុរេនពីវៀតណាម ដោយស្មើនឹង ៨៧% នៃចំនួននាំចេញផ្លែទុរេនសរុបរបស់ប្រទេសជិតខាងកម្ពុជាមួយនេះ ខណៈចំណែកទីផ្សារ ១៣% ផ្សេងទៀត គឺនាំចេញទៅហុងកុង តៃវ៉ាន់ សហរដ្ឋអាមេរិក និងជប៉ុន។
គួររំលឹកថា អំឡុងឆមាសទី១ឆ្នាំ ២០២៥នេះ ការនាំចេញផ្លែទុរេនវៀតណាម បានរងផលប៉ះពាល់យ៉ាងដំណំដោយសារគយចិនរកឃើញកាកសំណល់គីមីលើសកម្រិត ដែលបានធ្វើឲ្យទុរេនវៀតណាមជាប់គាំងនៅព្រំដែនប្រទេសចិន និងធ្វើឲ្យតម្លៃទុរេនវៀតណាមធ្លាក់ថ្លៃជាគំហុក។ ទោះជាយ៉ាងណា ក្រុមហ៊ុននាំចេញ និងអ្នកដាំផ្លែឈើវៀតណាមបានព្យាយាមគ្រប់គ្រងគុណភាពឡើងវិញ ដើម្បីរក្សាទីផ្សារដ៏ធំរបស់ខ្លួន គឺប្រទេសចិន។ មកទល់ពេលនេះ ក្រុមហ៊ុន និងសមាគមន៍អ្នកនាំចេញផ្លែឈើវៀតណាម បានតម្រូវកសិករត្រួតពិនិត្យគុណភាពជាមុនទើបដឹកជញ្ជូនទៅកាន់ប្រទេសចិន ដើម្បីជៀសវាងរង់ចាំរយៈពេលយូរនៅច្រកព្រំដែន ក្នុងករណីគយចិនរកឃើញសារធាតុគីមីខ្ពស់ដែលត្រូវរង់ចាំលទ្ធផលធ្វើតេស្តនៅមន្ទីពិសោធន៍។
កត់សម្គាល់ថា ប្រទេសចិន គឺអ្នកទិញទុរេនច្រើនជាងគេ ហើយទីផ្សារដ៏សំខាន់នេះ បាន និងកំពុងគ្រប់គ្រង និងប្រជែងដោយប្រទេសអាស៊ានចំនួនពីរ គឺថៃ និងវៀតណាម។ កាលពីឆ្នាំ២០២៤ ប្រទេសជិតខាងរបស់កម្ពុជាទាំងពីរនេះ នាំចេញទុរេនទៅប្រទេសចិនបានចំនួនជាង ១លាន៥សែនតោន ស្មើនឹងទឹកប្រាក់សរុបជិត ៧ពាន់លានដុល្លារអាមេរិក (ថៃរកបាន $៤,០១ពាន់លាន ; វៀតណាមរកបាន $២,៩៤ពាន់លាន) ខណៈហ្វីលីពីន និងម៉ាឡេស៊ីបូកចូលគ្នាលក់ទុរេនឲ្យចិនបានតែ ៣៨លានដុល្លារប៉ុណ្ណោះ។ នេះបើតាមទិន្នន័យបង្ហាញដោយគយចិន។
យ៉ាងណាទីផ្សារទុរេនវៀតណាម និងទុរេនថៃនៅទីផ្សារប្រទេសចិន ក៏កំពុងរងការប្រជែងពីគូប្រជែងថ្មី គឺប្រទេសកម្ពុជា និងឡាវផងដែរគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥នេះ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0