លោកស្រី Kuok Hui Kwong ដែលជាកូនស្រីរបស់មហាសេដ្ឋីម៉ាឡេស៊ី Robert Kuok ត្រូវបានតែងតាំងជា CEO ថ្មីរបស់សម្ព័ន្ធសណ្ឋាគារប្រណិត Shangri-La Asia និងចូលបំពេញតួនាទីនេះជាផ្លូវការចាប់ពីថ្ងៃទី០១ សីហាទៅ។
លោកស្រី Hui Kwong អាយុ ៤៧ឆ្នាំ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard និងជាកូនទី៦ ក្នុងចំណោមកូនប្រុសស្រីទាំង៨នាក់របស់លោក Robert Kuok។ លោកស្រីបាន និងកំពុងកាន់តំណែងនាយក និងប្រធានក្រុមហ៊ុនខាងលើពីឆ្នាំ ២០១៦ និង២០១៧។ តំណែងថ្មីជា CEO នៅក្រុមហ៊ុន Shangri-La Asia របស់លោកស្រី គឺជំនួសលោក Lim Beng Chee ដែលបានលាលែងពីតំណែងនេះកាលពីឆ្នាំ២០២២។
ក្រោមកិច្ចសន្យាការងារបច្ចុប្បន្ន លោកស្រី Kuok Hui Kwong ទទួលបានប្រាក់ខែគោលប្រចាំខែចំនួន ៧៣.៤០០ដុល្លារអាមេរិក ដោយមិនទាន់គិតប្រាក់លើកទឹកចិត្ត និងប្រាក់សោធននិវត្តន៍។ នេះបើតាមទិន្នន័យផ្សាយដោយ The Straits Times។
ក្រុមហ៊ុន Shangri-La Asia ចុះបញ្ជីលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងហុងកុង និងផ្សារហ៊ុនសិង្ហបុរី។ ក្រុមហ៊ុននេះគ្រប់គ្រងសណ្ឋាគារប្រណិតច្រើនជាង ១០០ទីតាំងនៅជុំវិញពិភពលោក ក្រោមយីហោចំនួន៤ រួមមាន Shangri-La Hotels and Resorts, Kerry Hotels, JEN និង Traders។ ក្រុមហ៊ុននេះក៏មានសណ្ឋាគារ Shangri-La ចំនួនមួយសាខានៅភ្នំពេញផងដែរ។
មុនចូលធ្វើការឲ្យ Shangri-La Asia លោកស្រី Hui Kwong ធ្លាប់ធ្វើជាយកគ្រប់គ្រង និង CEO នៃក្រុមហ៊ុន SCMP Group ដែលជាក្រុមហ៊ុនមេនៃកាសែតហុងកុង South China Morning Post។
សូមជម្រាបថា ក្រុមហ៊ុន Shangri-La Asia ត្រូវបានបង្កើតឡើង និងបើកសណ្ឋាគារដំបូងរបស់ខ្លួននៅឆ្នាំ១៩៧១ ក្នុងប្រទេសសិង្ហបុរី ដោយលោក Robert Kuok។ តាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខាងលើ ក្នុងឆ្នាំ២០២៤ Shangri-La Asia រកចំណូលសរុបបានចំនួន ២,១៩ពាន់លានដុល្លារអាមេរិក និងក្រោយទូទាត់ចំណាយរួច នៅសល់ប្រាក់ចំណេញសុទ្ធចំនួន ១៦១,៤លានដុល្លារអាមេរិក៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0