វៀតណាមនៅតែបន្តព្យាយាមចរចាបន្ថយពន្ធជាមួយអាមេរិក ទោះបីលោក Trump ប្រកាសកំណត់ពន្ធត្រឹម ២០% ហើយក៏ដោយ

July 21, 2025
1Min Read
11 Views

ក្រុមអ្នកចរចាពន្ធរបស់វៀតណាមនៅតែបន្តធ្វើការស្នើសុំលក្ខខណ្ឌកាន់តែធូរស្រាលជាមួយសមភាគីអាមេរិក ទោះបីលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបន្ថយពន្ធលើប្រទេសជិតខាងកម្ពុជាមួយនេះ ត្រឹម ២០% រួចហើយក៏ដោយ។ គួររំលឹកថាកាលពីជាងពីរសប្ដាហ៍មុន លោក Trump បានប្រកាសបន្ថយលើវៀតណាមពីអត្រា ៤៦% មកនៅត្រឹម ២០% វិញលើទំនិញវៀតណាម និងអត្រា ៤០% លើទំនិញឆ្លងកាត់ ដែលសំដៅលើទំនិញរបស់ចិនដែលប្រើប្រាស់វៀតណាមដើម្បីនាំចេញទៅសហរដ្ឋអាមេរិក។ 

អត្រាពន្ធត្រឹម ២០% ត្រូវបានប្រទេសក្នុងតំបន់អាស៊ានចាត់ទុកជាជ័យជម្នះមួយរបស់រដ្ឋាភិបាលវៀតណាមក្នុងការចរចាជាមួយរដ្ឋបាលលោក Trump ក៏ប៉ុន្តែវៀតណាមខ្លួនឯងហាក់មិនពេញចិត្តឡើយចំពោះលក្ខខណ្ឌគិតពន្ធខាងលើ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយកាលពីសប្ដាហ៍មុនថា ភាគីទាំងពីរកំពុងបន្តពិភាក្សាដើម្បីបញ្ជាក់ខ្លឹមសារពាក់ព័ន្ធលើកិច្ចព្រមព្រៀងពន្ធនេះ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលខាងលើបានព្យាយាមឆ្លើយបង្វែរប្រធានបទនៅពេលអ្នកកាសែតសួរ ថាតើវៀតណាមទទួលយកកិច្ចព្រមព្រៀងពន្ធក្នុងអត្រាពីរ  គឺ ២០% និង ៤០% ដែលលោក Trump បានប្រកាស ឬអត់។ 

គួរកត់សម្គាល់ថា វៀតណាមបាន និងកំពុងព្យាយាមបំពេញចិត្តសហរដ្ឋអាមេរិកផង និងរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនផងក្នុងពេលទន្ទឹមគ្នា ដើម្បីច្បាមយកផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគពីប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ យ៉ាងណាបើតាមការកំណត់អត្រាពន្ធ ៤០% លើទំនិញឆ្លងកាត់សម្រាប់វៀតណាម ហាក់ជាផែនការបង្កើតសម្ពាធក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងហាណូយ និងប៉េកាំង តាមរយៈការទប់ស្កាត់ទំនិញរបស់ចិនដែលវេចខ្ចប់ឡើងវិញនៅវៀតណាម រួចនាំចេញទៅអាមេរិកដើម្បីគេចពីការយកពន្ធខ្ពស់។ រដ្ឋាភិបាលចិនបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបលើប្រទេសនានា ប្រសិនបើប្រើលក្ខខណ្ឌប៉ះពាល់ផលប្រយោជន៍ចិន ដើម្បីចរចាពន្ធជាមួយអាមេរិក។ 

សូមជម្រាបថា ពន្ធបដិការរបស់សហរដ្ឋអាមេរិកគ្រោងអនុវត្តនៅថ្ងៃទី១ សីហាខាងមុខនេះហើយ ខណៈប្រទេសនានា រួមទាំងកម្ពុជាផង កំពុងព្យាយាមចរចាសុំបញ្ចុះពន្ធបន្ថែម៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider