ក្រុមហ៊ុន Tesla ស្នើផ្ដល់កញ្ចប់លើកទឹកចិត្តសម្រាប់ CEO របស់ខ្លួន មានតម្លៃដល់ទៅ ១ទ្រីលានដុល្លារ

September 05, 2025
1Min Read
143 Views

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងមនុស្សយន្ត Tesla Inc. បានស្នើឡើងនូវកិច្ចព្រមព្រៀងលើកទឹកចិត្តថ្មីមួយសម្រាប់នាយកប្រតិបត្តិរបស់ខ្លួន គឺលោក Elon Musk ដែលផែនការលើកទឹកចិត្តនោះមានតម្លៃដល់ទៅ ១ទ្រីលានដុល្លារ(១លាន១លានដង)។ នេះជាកញ្ចប់លើកទឹកចិត្តសម្រាប់តំណែង CEO ដ៏ធំមិនធ្លាប់មានចំពោះក្រុមហ៊ុនអាមេរិក។

សំណើមានតម្លៃយ៉ាងសម្បើមនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញទឹកចិត្តលោក Musk ឲ្យខំប្រឹង និងដាក់គោលដៅកាន់តែធំក្នុងការដឹកនាំក្រុមហ៊ុន Tesla សម្រាប់រយៈពេលយូរទៅមុខ។ ក្រៅពីកំពុងដឹកនាំក្រុមហ៊ុន Tesla លោក Musk ក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀតផងដែរក្នុងវិស័យអវកាស បច្ចេកវិទ្យា AI និងសាងសង់ប្រព័ន្ធដឹកជញ្ជូន ដូច្នេះការស្នើផ្ដល់ការលើកទឹកចិត្តមានតម្លៃ ១ទ្រីលានដុល្លារនេះ នឹងធ្វើឡើងដើម្បីទាក់ចិត្តលោក Musk ឲ្យផ្ដោតស្មារតីកាន់តែខ្លាំងលើក្រុមហ៊ុន Tesla និងចំណាយពេលលើវាច្រើនជាងអាជីវកម្មដទៃ។ 

តាមការរាយការណ៍របស់ Bloomberg ឲ្យដឹងថា គម្រោងផ្ដល់ប្រាក់លើកទឹកចិត្តជាកញ្ចប់នេះ មានរយៈពេល ១០ឆ្នាំ។ មានន័យថា លោក Musk ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវ និងសម្រេចគោលដៅក្នុងរយៈពេល ១០ឆ្នាំនេះ ទើបមានសិទ្ធិទទួលបានរង្វាន់លើកទឹកចិត្តពេញលេញដូចដែលបានស្នើ។ 

សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Elon Musk ត្រូវបានគេវាយតម្លៃថាលោកមានទ្រព្យសម្បត្តិចំនួន ៣៧៨ពាន់លានដុល្លារ ជាប់ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក។ នេះបើតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg។ ប្រសិនបើសំណើផ្ដល់ការលើកទឹកចិត្តនេះត្រូវបានអនុម័ត នោះវានឹងអាចធ្វើឲ្យលោក Musk ក្លាយជាមនុស្សដំបូងគេ ដែលមានទ្រព្យសម្បត្តិដល់លើស ១ទ្រីលានដុល្លារ។

Screenshot 2025-09-05 at 6.31.00 in the evening.png

ដោយឡែកក្រុមហ៊ុន Tesla បច្ចុប្បន្នមានតម្លៃទីផ្សារសរុប (Market Cap) ចំនួន ១,០៩២ទ្រីលានដុល្លារ ជាមួយតម្លៃភាគហ៊ុន $៣៣៩/ហ៊ុន គិតត្រឹមម៉ោងបិទការជួញដូរភាគហ៊ុនទីក្រុងញូវយ៉ក សម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

ក្រៅពី Tesla លោក Musk នៅកំពុងគ្រប់គ្រងក្រុមហ៊ុនចំនួនបួនទៀត រួមមាន SpaceX, xAI, Neuralink និងក្រុមហ៊ុន Boring Company៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider