ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast Auto ទើបទទួលបានកម្ចីថ្មីសរុបចំនួន ៥១០លានដុល្លារពីធនាគារជាច្រើន។ ឥណទានឯកជនសរុបទាំង ៥១០លានដុល្លារនេះ រៀបចំឡើងដោយធនាគារជាច្រើន ក្នុងនោះនាំមុខគេដោយធនាគារអាល្លឺម៉ង់ Deusche Bank និងក្រុមហ៊ុនបណ្ដាក់ទុន SeaTown Holdings របស់សិង្ហបុរី។ នេះបើតាម Bloomberg។
ក្រៅពីការស្វែងរកទុនថ្មីតាមរយៈកម្ចីខាងលើ ក្រុមហ៊ុន VinFast ក៏ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយធនាគារជាច្រើននៅប្រទេសឥណ្ឌា ដើម្បីខ្ចីប្រាក់ចំនួន ២០០លានដុល្លារទៀតដែរ សម្រាប់យកទៅប្រើប្រាស់គាំទ្រដល់ផែនការពង្រីកទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌា។ ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមដដែល ក៏ទើបទទួលបានឥណទានចំនួន ១១៤លានដុល្លារ ពីធនាគារធំៗចំនួនពីរនៅឥណ្ឌូនេស៊ីផងដែរ រួមមានធនាគារ Maybank Indonesia និងធនាគារ Bank Negara សម្រាប់យកទៅប្រើប្រាស់ដើម្បីសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី។ សូមជម្រាបថា ធនាគារ Deusche Bank និងក្រុមហ៊ុន SeaTown គឺជាដៃគូហិរញ្ញវត្ថុចាស់ដែលបានផ្ដល់ឥណទានដល់ក្រុមហ៊ុន Vingroup ជាច្រើនរួចមកហើយ រួមទាំងការផ្ដល់កម្ចីដល់ក្រុមហ៊ុន Vincom Retail ដែលជាអាជីវកម្មបុត្រសម្ព័ន្ធផ្នែកលក់រាយរបស់ Vingroup។
កត់សម្គាល់ថា ក្រុមហ៊ុន VinFast សម្រេចបានជោគជ័យខ្លាំងនៅប្រទេសវៀតណាម ដែលជាទីផ្សារកំណើតរបស់ខ្លួន ក៏ប៉ុន្តែប្រឈមការប្រកួតប្រជែងយ៉ាងខ្លាំងនៅទីផ្សារអន្តរជាតិ។ ផែនការពង្រីកទីផ្សារជាច្រើនត្រូវបានពន្យាពេល តួយ៉ាងដូចជាផែនការពង្រីកទីផ្សារចូលប្រទេសថៃ និងផែនការបើករោងចក្រនៅសហរដ្ឋអាមេរិកជាដើម។ ចាប់តាំងពីចាប់ផ្ដើមដំណើរការកាលពីឆ្នាំ ២០១៧ មក VinFast បាន និងកំពុងជះលុយខាតរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុននេះខាតចំនួន ៣,១៨ពាន់លានដុល្លារ។
ស្ថាបនិករបស់សម្ព័ន្ធសាជីវកម្ម Vingroup គឺលោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានជាងគេនៅវៀតណាម ធ្លាប់បាននិយាយប្រាប់អ្នកកាសែតកាលពីឆ្នាំមុនថា "លោក និងក្រុមហ៊ុន VinFast នឹងបន្តផ្ដល់ការគាំទ្រដល់អាជីវកម្មបុត្រសម្ព័ន្ធរបស់ខ្លួន VinFast រហូតទល់តែរូបលោកអស់លុយ”។ ជំនឿចិត្ត និងមហិច្ចតានាំយកយីហោរថយន្តវៀតណាមប្រជែងទីផ្សារពិភពលោករបស់លោក Vuong គឺតំណាងឲ្យស្មារតីជាតិនិយមរបស់មហាសេដ្ឋីរូបនេះចំពោះសង្គមជាតិរបស់ខ្លួន ក៏ប៉ុន្តែអ្នកវិនិយោគលើភាគហ៊ុនរបស់ VinFast ដែលជួញដូរក្នុងផ្សារហ៊ុនអាមេរិក មិនសប្បាយចិត្តទេនៅពេលដែលក្រុមហ៊ុននេះបន្តខាតរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបន្តខ្ចីបំណុលឯកជនមកប្រើប្រាស់យ៉ាងសន្ធឹកសន្ធាប់ដូច្នេះ។
គិតត្រឹមម៉ោងបិទផ្សារហ៊ុនអាមេរិក Nasdaq សម្រាប់ថ្ងៃទី០៣ កក្កដាម្សិលមិញ ភាគហ៊ុនរបស់ VinFast មានតម្លៃចំនួន ៣,៦៤ដុល្លារក្នុងមួយហ៊ុន ជាមួយតម្លៃមូលធនទីផ្សារសរុប ឬ Market Cap ចំនួន ៨,៥ពាន់លានដុល្លារ ខណៈកាលពីពេលបោះលក់ភាគហ៊ុនដំបូងអំឡុងខែសីហាឆ្នាំ២០២៣ ភាគហ៊ុនរបស់ VinFast មានតម្លៃជិត ៧០ដុល្លារក្នុងមួយហ៊ុន៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0