ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Paramount Global បានឈានដល់ការដោះស្រាយបណ្ដឹងផ្លូវច្បាប់ជាមួយលោកប្រធានាធិបតី Donald Trump ជុំវិញការចោទប្រកាន់ថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនេះបានជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លងទៅ។
ដំណោះស្រាយនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Paramount យល់ព្រមបង់សំណងចំនួន ១៦លានដុល្លារឲ្យលោក Trump។ តាមបណ្ដឹង លោក Trump បានទាមទារសំណងចំនួន ២០លានដុល្លារ ប៉ុន្តែទឹកប្រាក់នោះនឹងមិនត្រូវទូទាត់ឲ្យលោក Trump ដោយផ្ទាល់ទេ ពោលវានឹងត្រូវបង់ចូលស្ថាប័នមួយដែលលោក Trump ហៅថាជាបណ្ណាល័យប្រធានាធិបតី គ្រោងដំណើរការនៅថ្ងៃអនាគត។ យ៉ាងណាមិញ ទោះជាសុខចិត្តយល់ព្រមសងសំណងក្នុងទំហំទឹកប្រាក់រាប់លានដុល្លារខាងលើ ប៉ុន្តែក្រុមហ៊ុន Paramount ព្រមទាំងអ្នកទទួលខុសត្រូវក្នុងកម្មវិធីទូរទស្សន៍ CBS នឹងមិនសុំទោសលោក Trump នោះឡើយ។
គួររំលឹកថារឿងរ៉ាវនេះចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុន ពោលក្នុងអំឡុងពេលធ្វើយុទ្ធនាការស្វែងរកសម្លេងឆ្នោត។ កម្មវិធី 60 Minutes ឬ ៦០នាទី របស់ទូរទស្សន៍ CBS ដែលជាអាជីវកម្មបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Paramount Global បានសម្ភាហ៍លោកស្រីអនុប្រធានាធិបតី Kamala Harris ហើយក្នុងវីដេអូឆ្លើយសំនួរនោះ លោកស្រី Harris បានឆ្លើយសំនួរមួយពាក់ព័ន្ធនឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប៉ុន្តែវីដេអូដែលត្រូវបានផ្សាយចេញ គឺជាវីដេអូត្រូវបានកត់តឲ្យមើលទៅនិយាយរលូន និងមានន័យវិជ្ជមានសម្រាប់ប្រជាប្រិយភាពរបស់លោកស្រី Harris ដែលកាលនោះជាគូប្រជែងរបស់លោក Trump។ ត្រង់ចំណុចនេះហើយដែលលោក Trump មិនសុខចិត្ត និងបានចោទកម្មវិធី 60 Minutes ថាមានចេតនាធ្វើឱ្យមានការច្រឡំ បោកបញ្ឆោត និងបំភាន់ប្រជាជនអាមេរិក ក្នុងបំណងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
ដោយឡែក ទូរទស្សន៍ CBS ធ្លាប់បានឆ្លើយតបថា “នៅពេលដែលខ្លួនកែសម្រួល ឬកាត់តវីដេអូបទសម្ភាសន៍ណាមួយសម្រាប់ផ្សាយ មិនថាជាបទសម្ភាសន៍ជាមួយអ្នកនយោបាយ អត្តពលិក ឬតារាភាពយន្តនោះទេ ខ្លួនតែងតែខិតខំធ្វើឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា"។
ទោះជាយ៉ាងណាក៏ដោយ ក្រោយស្ថិតក្រោមសម្ពាធផ្លូវច្បាប់ លោក Bill Owens ដែលជានាយកផលិតកររបស់កម្មវិធី 60 Minutes បានប្រកាសកាលពីខែមេសាឆ្នាំ២០២៥នេះថា លោកនឹងចាកចេញពីកម្មវិធីខាងលើ ដោយលើកឡើងពីកង្វះឯករាជ្យភាពក្នុងកិច្ចការផ្សព្វផ្សាយ។
កត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេដែលលោក Trump ប្ដឹងឈ្នះ និងទទួលបានសំណងរាប់លានដុល្លារពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក។ កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុន Walt Disney ដែលជាម្ចាស់ទូរទស្សន៍ ABC ក៏បានយល់ព្រមបង់សំណងចំនួន ១៥លានដុល្លារ ទៅឲ្យលោក Trump ដែរ បន្ទាប់ពីទូរស្សន៍ ABC បានផ្សាយរឿងអាស្រូវពាក់ព័ន្ធបទល្មើសផ្លូវភេទរបស់លោក Trump ដែលត្រូវបានគេនិយាយថាវាបានកើតឡើងតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៩០។ ប្រតិកម្មចំពោះការផ្សាយនោះ លោក Trump បានចោទទូរទស្សន៍ ABC ថាបានបង្ខូចកេរ្តិ៍ឈ្មោះគាត់។
ក្រៅពីទូរទស្សន៍ធំៗរបស់អាមេរិកទាំងពីរ គឺ CBS និង ABC លោក Trump ក៏ធ្លាប់ទទួលបានសំណងចំនួន ២៥លានដុល្លារ ពីក្រុមហ៊ុនបណ្ដាញសង្គម Meta Platform ផងដែរកាលពីឆ្នាំ២០២១ ក្នុងសំណុំរឿងដែលក្រុមហ៊ុនមេនៃបណ្ដាញសង្គម Facebook នេះសម្រេចបិទគណនីរបស់លោក Trump ក្រោមហេតុផលថាប្រធានាធិបតីអាមេរិកខាងលើបានធ្វើខុសគោលការណ៍ប្រើប្រាស់កម្មវិធីរបស់ខ្លួន៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0