ភាគហ៊ុនរបស់ក្រុមហ៊ុនមន្ទីពេទ្យ Thomson Medical Group របស់មហាសេដ្ឋីសិង្ហបុរី Peter Lim បានស្ទុះឡើងលើស ២០% នៅថ្ងៃអង្គារនេះក្នុងម៉ោងបើកផ្សារហ៊ុនសិង្ហបុរី បន្ទាប់ពីក្រុមហ៊ុននេះប្រកាសគម្រោងអភិវឌ្ឍន៍មួយតម្លៃ ៤៣០០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។
គម្រោងដ៏ធំនេះនឹងត្រូវបានអភិវឌ្ឍលើផ្ទៃដីជិត ១១ហិកតា មានសណ្ឋាគារផ្កាយ៥ មន្ទីពេទ្យឯកជនប្រណិតអាចផ្ទុកគ្រែអ្នកជំងឺបាន៥០០គ្រែ អគារស្នាក់នៅរួមកម្ពស់៤៧ជាន់ និងកន្លែងសម្រាកលំហែថែទាំសុខភាពបំពាក់ឧបករណ៍ទំនើបចុងក្រោយ។ នេះបើតាមឯកសារមួយដែលក្រុមហ៊ុនខាងលើបានផ្ញើទៅគណកម្មការមូលបត្រសិង្ហបុរីនៅថ្ងៃចន្ទម្សិលមិញ។ ក្នុងដំណាក់កាលសាងសង់ និងដំណើរការ វាត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារយ៉ាងតិច ១២០០កន្លែង។
ភាគហ៊ុនរបស់ Thomson Medical Group ត្រូវបានជួញដូរក្នុងតម្លៃ ០,០៦១ដុល្លារសិង្ហបុរីក្នុងមួយហ៊ុន ក្រោយម៉ោងបិទការជួញដូរសម្រាប់ថ្ងៃអង្គារនេះ ជាមួយតម្លៃទីផ្សារសរុប Market Cap ចំនួន ១៦១៣លានដុល្លារសិង្ហបុរី ស្មើប្រហែល ១២៥៤លានដុល្លារអាមេរិក។
គួរជ្រាបថា សិង្ហបុរី និងម៉ាឡេស៊ីដែលជាប្រទេសជិតខាងគ្នាបានចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាឈ្មោះ Johor-Singapore Special Economic Zone នៅរដ្ឋ Johor កាលពីខែមករាដើមឆ្នាំ២០២៥នេះ ក្នុងគោលបំណងជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0