ចិនថ្កោលទោសវៀតណាម ចំពោះការបង្កើនល្បឿនសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង

August 26, 2025
1Min Read
250 Views

ប្រទេសចិនបានថ្កោលទោសប្រទេសវៀតណាមចំពោះរបាយការណ៍មួយដែលបានផ្សាយថា ប្រទេសវៀតណាមបានបង្កើនការសាងសង់កោះសិប្បនិម្មិតនៅតំបន់សមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានអះអាងថាជាដែនទឹករបស់ខ្លួន។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទម្សិលមិញថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសកម្មភាពសាងសង់របស់ប្រទេសពាក់ព័ន្ធនៅលើកោះ និងថ្មប៉ប្រះទឹកខាងលើ និងបាននិយាយថាប្រទេសទាំងនោះកាន់កាប់ដោយខុសច្បាប់។ លោក Jiakun បាននិយាយទៀតថា ចិននឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាពដែនទឹក និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន។

ការលើកឡើងនេះធ្វើឡើងឆ្លើយតបទៅនឹងរបាយការណ៍មួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្ដរជាតិរបស់អាមេរិក ហៅកាត់ថា CSIS ដែលបានផ្សាយថា ប្រទេសវៀតណាមបានពន្លឿនការងារសាងសង់កោះនៅក្នុងតំបន់ Spratlys និងថែមទាំងបានប្រើប្រាស់រូបភាពផ្កាយរណបដើម្បីបង្ហាញតំបន់សាងសង់ចំនួន២១ ដែលប្រទេសវៀតណាមបានសង់ជាកោះសិប្បនិម្មិតទៀតផង។

សូមជម្រាបថា ប្រទេសចិនបានអះអាងស្ទើរតែមូលនៃតំបន់សមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ខណៈប្រទេសវៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ក៏អះអាងកម្មសិទ្ធិរបស់ខ្លួនក្នុងតំបន់ខាងលើផងដែរ ដែលធ្វើឲ្យតំបន់ដែនសមុទ្រនេះមានភាពស្មុគស្មាញខ្លាំង និងមានជម្លោះជាមួយទីក្រុងប៉េកាំង។ 

កាលពីខែឧសភាកន្លងទៅ ប្រទេសវៀតណាមបានដាក់ពាក្យតវ៉ាជាផ្លូវការ ប្រឆាំងនឹងប្រទេសចិន និងហ្វីលីពីន ដោយបានចោទប្រកាន់ប្រទេសទាំងពីរនេះថា បានរំលោភអធិបតេយ្យភាពរបស់ខ្លួននៅក្នុងតំបន់ Spratlys ។ ការតស៊ូទាមទារតំបន់ដែនទឹក តាមរយៈការសាងសង់កោះសិប្បនិម្មិតនៅកណ្ដាលមហាសាគរ គឺត្រូវការចំណាយប្រាក់សម្បើមណាស់ ខណៈប្រទេសវៀតណាមកំពុងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្នុងល្បឿនយ៉ាងលឿនដើម្បីទប់ទល់ជាមួយចិន និងគូជម្លោះផ្សេងទៀត៕

2281d75e-828c-48ed-a6cb-af7c2f17afe0_cf19926b.jpeg

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider